ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម បង្កើត​ម៉ាក​សម្គាល់ «​ក្រូចថ្លុង​កោះ​ទ្រង់​»
25, Jun 2018 , 9:19 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម បានផ្តល់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ក្រូចថ្លុង​កោះ​ទ្រង់» ដល់​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់ នៅ​ខេត្តក្រចេះ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ សេចក្តីប្រកាសព៏ត៌មានរបស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ការផ្តល់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ គឺ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ក្លែងបន្លំ​អត្តសញ្ញាណ និង​ប្រភពដើម​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ព្រមទាំង​ជួយ​ទាក់ទាញ​លំហូរ​ភ្ញៀវទេសចរ​ និងបង្កើន​សេដ្ឋកិច្ច​ក្នុង​តំបន់​។



​លោកស្រី Alexandra Grazioli តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) បានចាត់ទុក​ការចុះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ក្រូចថ្លុង​កោះ​ទ្រង់​» ថា​ជា​ភាពជោគជ័យ​មួយទៀត សម្រាប់​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តាម​ការផ្សារភ្ជាប់​ផលិតផល​ប្រពៃណី​។​

​បើ​យោងតាម​សេចក្តីប្រកាស​ខាងលើ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូចថ្លុង ៣៣១​គ្រួសារ  ក្នុងនោះ​មាន ១៥៥​គ្រួសារ ជា​សមាជិកសមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​។ ក្រូចថ្លុង​១​ដើម បានផ្តល់​ទិន្នផល​ប្រចាំឆ្នាំ​យ៉ាងតិច   ១០០​ផ្លែ​ លើ​ដើម​ក្រូចថ្លុង​២,៤៧៤​ដើម ដែល​បានផ្តល់​ឲ្យ​ក្នុងចំណោម​ដើម​ក្រូចថ្លុង ១៣,៧៩០​ដើម​៕


Tag:
 ក្រូចថ្លុង​កោះ​ទ្រង់​
  កម្ម​សិទ្ធ​បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com