ជាតិ
គម្រោង LASED II ផ្ដល់​ដី​ដល់​ពលរដ្ឋ​ក្រីក្រ ៥.១៤១ គ្រួសារ ដើម្បី​កសាង​ជីវិត​ថ្មី​
25, Jun 2018 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គម្រោង LASED II គឺជា​គម្រោង «​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២» ដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ កម្មវិធី​សម្បទាន ដី​សង្គមកិច្ច ក្នុងការ​បែងចែក​ដី​ដ​ល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ដី ឬ​ពលរដ្ឋ​ដែលមាន​ដី​តិចតួច​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ គម្រោង​LASED II ត្រូវបាន​អនុវត្ត ដោយមាន​ការចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លេខាធិការដ្ឋាន​គណៈកម្មកា​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។



​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច ពី​គម្រោង LASED ត្រូវ​បានទទួល​ការគាំទ្រ​បន្ត ដោយ​គម្រោង LASED II ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ ការបង្កើត​នូវ​មុខរបរ និង​ការគ្រប់គ្រង​ជីវិត​រស់នៅ​របស់ខ្លួន ឲ្យ​មាន​ភាពម្ចាស់ការ​។ ពលរដ្ឋ​ដែល​បានទទួល​ដី​សម្បទាន​សង្គមកិច្ច​ពី​គម្រោង LASED II សុទ្ធសឹងតែ​ជា​អ្នក​ដែលមាន​ជីវភាព​ក្រីក្រ គ្មាន​ដី​រស់នៅ និង​មិនមាន​ដី​បង្កបង្កើនផល​។ មុន​ទទួលបាន​ដី​ពលរដ្ឋ​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​មុននឹង​ទទួលបាន​ដី​សម្រាប់​សង់​លំនៅឋាន និង​ដី​បង្កបង្កើនផល​នៅក្នុង​គម្រោង​នេះ​។​



​លោក​បណ្ឌិត ដោក ដូ​ម៉ា នាយក​គម្រោង LASED II នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា គម្រោង LASED ដំណាក់កាល​ដំបូង​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​២០០៨ និង​បានបញ្ចប់​ទៅវិញ​នៅ​ឆ្នាំ​២០១៤​។ នៅ​ដំណាក់កាល​ទី​១​នេះ គឺជា​ការជ្រើសរើស​ប្រជាពលរដ្ឋ និង​ចាប់ឆ្នោត​ដើម្បី​ទទួលបាន​ដី​លំនៅឋាន និង​ដី​កសិកម្ម​។ ចំពោះ​ដំណាក់កាល​ទី​២​នេះ​ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០២១ ដែលជា​ដំណាក់កាល​នៃ​ការជួយ​ប្រជាពលរដ្ឋ​ដើម្បី​កសាង​ជីវិត​ថ្មី ជាមួយនឹង​ការធ្វើ​កសិកម្ម​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​។​

​បច្ចុប្បន្ន​គម្រោង «​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២» (LASED II) នេះ​ត្រូវបាន​អនុវត្ត​នៅលើ​ទីតាំង​ចំនួន​១៤​កន្លែង ក្នុង​ខេត្ត​គោលដៅ​ចំនួន​៥ គឺ​ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និង​កំពង់ស្ពឺ ហើយ​មាន​ពលរដ្ឋ ដែល​ទទួលបាន​ផល​ពី​គម្រោង​នេះ​សរុប​មាន​ចំនួន ៥.១៤១​គ្រួសារ​៕



Tag:
 សម្បទាន​សង្គមកិច្ច​
 ​ក្រសួង​ដែនដី​
 ​រដ្ឋាភិបាល​
 ​ខេត្តកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com