អន្តរជាតិ
ប្លែកៗ​! ប្រធានាធិបតី​ប្រទេស​អវកាស Asgardia កាន់តំណែង​ជា​ផ្លូវការ​
26, Jun 2018 , 7:40 pm        
រូបភាព
ដោយ: ធីតា
ប្រទេស​អវកាស Asgardia បានរៀបចំ​ពិធី​ឡើងកាន់តំណែង​ប្រធានាធិបតី​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែមិថុនា នៅក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស ដែលមាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់​។ បុរស​ដែល​ត្រូវ​ដឹកនាំ​រដ្ឋ​អវកាស​នេះ គឺ​លោក Igor Ashurbeyli ដែលជា​ស្ថាបនិក​ផ្ទាល់​តែម្តង​។​



The Space Kingdom of Asgardia ជា​ប្រទេស​អវកាស ដែល​សម្រេច​បង្កើត​ដោយ​ខ្លួនឯង​ពី​សំណាក់​ក្រុម​អ្នក​អវកាស វិស្វករ និង​អ្នកជំនាញ​ច្បាប់ តាំងពី​ឆ្នាំ​២០១៦​មក​។ Asgardia យកតាម​ឈ្មោះ​ផ្កាយរណប Asgardia-1 ដែល​ត្រូវបាន​បង្ហោះ​ទៅ​ទី​អវកាស​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក Ignor Ashurbeyli បច្ចុប្បន្ន​អាយុ​៥៤​ឆ្នាំ ជា​វិស្វករ​រុស្ស៊ី​ម្នាក់​ដែលជា​ស្ថាបនិក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អវកាស​អន្តរជាតិ (AIRC) ដោយ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ លោក​បានប្រកាស​ពី​គម្រោង​បង្កើត The Space Kindgom of Asgardia នេះ ដោយមាន​ទីស្នាក់ការ​ដ្ឋ​បាល​នៅ​ក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស​។​

​ចំពោះ​ការបង្កើត​ប្រទេស​អវកាស​នេះ លោក Ashurbeyli ដែលជា​អ្នកជំនួញ​ម្នាក់​ផងដែរ​នោះ ចង់​ឲ្យ​មនុស្ស​គ្រប់រូប​អាច​ទៅ​រស់​លើ​អវកាស​នាពេល​អនាគត​។ បើតាម​ការផ្សាយ​របស់ Ouest France មនុស្ស​ជាង​២០​ម៉ឺន​នាក់​ហើយ​ដែល​ប្រកាសថា ពួកគេ​នឹង​ទៅ​រស់​ដើម្បី​ក្លាយជា​ពលរដ្ឋ​នៅ​ទីនោះ​។​



ក្រៅពី​តំណែង​ប្រធានាធិបតី ប្រទេស​អវកាស Asgardia ក៏មាន​ថ្នាក់ដឹកនាំ​សភា រដ្ឋបាល និង​ធនាគារកណ្តាល​ផងដែរ​។ អតីត​តំណាងរាស្ត្រ​អង់គ្លេស លោក Lembit Opik គឺជា​ប្រធានសភា​នៃ​ប្រទេស​មិន​ផ្លូវការ​មួយ​នេះ​។​

ប្រទេសដ៏ចម្លែកមួយនេះ ស្វាគមន៍មនុស្សនានាដើម្បីចូលរួមធ្វើជាពលរដ្ឋរបស់ខ្លួន​ផងដែរ ៕




© រក្សាសិទ្ធិដោយ thmeythmey.com