ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ការលើកតម្កើង​គណបក្ស​ថ្មី ជា​ផលប្រយោជន៍​ធំ​ដល់​CPP
27, Jun 2018 , 12:05 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ថ្មី ដែល​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល ទទួលបាន​ប្រជាប្រិយភាព​មិនតិច​ទេ ក្រោយពី​មានការ​តមាត់ តបសម្ដី​ពីស​ម្ដេច ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ស្គាល់​គណបក្ស​នោះ​។ ប៉ុន្តែ​ការឆ្លើយ​ឆ្លង​សម្ដី​ទៅ​គណបក្ស​ថ្មី​នេះ ក៏​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដែរ ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​ជាការ​បង្ហើប​របស់​ប្រមុខ​រដ្ឋាភិបាល នៅ​ចំពោះមុខ​កម្មករ​រោងចក្រ ក្នុង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២៧ មិថុនា​។



​ផលប្រយោជន៍​ពី​ការឆ្លើយ​ឆ្លង​សម្ដី​ទៅ​គណបក្ស​ថ្មី ដែល​រិះគន់​មកលើ​រដ្ឋាភិបាល​នេះ គឺជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ ដែល​សម្ដេច ហ៊ុន សែន ប្រើប្រាស់​ដើម្បី​បំភាន់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ឲ្យ​បំភ្លេច​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ នាយករដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖«​យុទ្ធសាស្ត្រ​គណបក្ស​ខ្លះ គេ​នឹង​វាយប្រហារ​មកលើ​ខ្ញុំ គេ​នឹង​វាយប្រហារ​មកលើ​គណបក្ស​ប្រជាជន ដើម្បី​ឲ្យ​ខ្ញុំ ឬ​គណបក្ស​ប្រជាជន វាយបក​ត្រឡប់​ទៅវិញ គឺ​ស្មើនឹង​ការឃោសនា​ឲ្យ​គេ​ស្គាល់​។ សូមកុំ​សង្ឃឹម សូមកុំ​លេង​ជាមួយនឹង​ជើងចាស់ ផ្នែក​យុទ្ធសាស្ត្រ​មួយ​នេះ​។ មិន​ថា​យុទ្ធសាស្ត្រ​ផ្នែក​អ្វី​ទេ សូម​ផ្ដាំ​ជូន​សារ​ទៅ​អ្នក ខ្ញុំ​បានផ្ដល់​ទៅ​អ្នកខ្លះ​ហើយ ដើម្បី​ធ្វើជា​ដើមទុន ព្រោះ​នោះ​ក៏មាន​ផលប្រយោជន៍​ឲ្យ ហ៊ុន សែន ដែរ ដើម្បី​(​ឲ្យ​ពលរដ្ឋ​)​បំភ្លេច​អា​ចោល​ចង្រៃ​(​សម រង្ស៊ី​) មួយ​នោះ​។ ហើយ​ឲ្យ​អ្នក​(​គណបក្ស​ថ្មី​)​ឡើងថ្លៃ​ក្លាយជា​តួអង្គ​មួយ ក្នុងចំណោម​តួអង្គ​ក្នុងការ​រត់ប្រណាំង​»​។​

​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេច​នឹង​ឈប់​តបសម្ដី​ជាមួយ​គណបក្ស​ថ្មី​ទាំងនោះ ឲ្យ​ក្លាយជា​បក្ស​មាន​ប្រជាប្រិយភាព​ទៀតហើយ បើទោះជា​ការ​ប្រឹង​វាយប្រហារ​មកលើ​រដ្ឋាភិបាល​ក្តី ពោលគឺ​ទុក​ឲ្យ​ពួកគេ​ប្រើប្រាស់​គោលនយោបាយ​បក្ស​រៀងៗ​ខ្លួន មក​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ហាម​មន្ត្រី​ខ្លួន​ឆ្លើយឆ្លង​ជាមួយ​គណបក្ស​ដទៃ​ផងដែរ​។​

«​សូម​ផ្ដាំ​ទៅ​គណបក្ស​ដទៃ​ថា សូមកុំ​រង់ចាំ​ឡើង​កូដ ដោយសារ ហ៊ុន សែន វាយបក ហើយ​ខិតខំ​ឃោសនា​អំពី​គោលនយោបាយ​របស់ខ្លួន​ទៅ​។ ហ៊ុន សែន បានផ្ដល់​ខ្លះៗ ដូចជា​កន្លងទៅ ធ្វើការ​ឆ្លើយតប​នេះ ធ្វើការ​ឆ្លើយតប​នោះ គឺជា​របស់​ដែល ហ៊ុន សែន ឲ្យ​ដោយ​ចេតនា​តែម្ដង​។ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ មិនអាច​ទទួលបាន​យក​ផល​ពី​ការនិយាយ​របស់ ហ៊ុន សែន បាន​ទៀត​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​៕
 

Tag:
 ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com