ជាតិ
បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
លោក ង៉ូ​វ ឈី​វ បុរស​ដែល​ជួយ​ចិញ្ចឹម​កុមារ​ខ្មែរ​ជិត​៨​ពាន់​នាក់​
27, Jun 2018 , 5:11 pm        
រូបភាព
​បេសកកម្ម​ជួយ​កុមារ​ខ្មែរ​របស់លោក ង៉ូ​វ ឈី​វ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩០​។ កាលណោះ លោក​គឺជា​នាយក​សាលាបឋមសិក្សា​ជ័យជម្នះ​ផង ហើយក៏​បានចាប់ផ្តើម​រួមការ​ងារ​ជាមួយ​អង្គការ​គ្រូពេទ្យ​ពិភពលោក​ផង និង​បន្ទាប់មក​ជាមួយ​សមាគម​ឪពុក​ម្តាយចិញ្ចឹម​កុមារ​កម្ពុជា​។ មកដល់​ឆ្នាំ 1998 មាន​កុមារ​ខ្មែរ ៦២០០​នាក់​នៅ​ទូទាំងប្រទេស​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​សមាគម​នេះ​។ លោក ង៉ូ​វ ឈី​វ បាន​បម្រើ​ការងារ​នៅក្នុង​សមាគម​រហូតដល់​ឆ្នាំ​២០០៧ ជា​ឆ្នាំ​ដែល​លោក​បាន​ចូលនិវត្តន៍​។ បេសកកម្ម​ថ្មី​លើ​ការងារ​ចាស់​បានចាប់ផ្តើម​ឡើងវិញ​នៅក្នុង​ខែមករា​ឆ្នាំ​២០១០ បន្ទាប់ពី​លោក​ឃើញ​កុមារ​រើស​អេតចាយ​ម្នាក់​គ្មានអ្វី​បរិភោគ​។ ដោយមាន​ជំនួយ​ពី​មិត្តភក្តិ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ អ៊ីវ ហ្សា​ក់​កាំ​ង លោក ង៉ូ​វ ឈី​វ អាច​ទិញ​ផ្ទះល្វែង​មួយ​ភ្លាម ហើយ​ធ្វើ​បាយ​ម្ហូប​ឲ្យ​កុមារ​ក្រីក្រ កុមារ​រើស​សំរាម​បរិភោគ​។ សកម្មភាព​នេះ​បាន​ក្លាយជា​ឈ្មោះ​អង្គការ ផ្ទះបាយ​កុមារ​។​





​លោក ង៉ូ​វ ឈី​វ ពន្យល់ថា​៖«​កាលណា​កុមារ​បាន​ហូប​ឆ្អែត វា​ដុះ​អ្វីមួយ​ហើយ​។ ដូច​ដើមឈើ​អ៊ីចឹង កាលណា​អត់​ជី អត់​ទឹក វា​គ្រាន់តែ​ធំ តែ​អត់​ផ្លែផ្កា​។ កុមារ​ក៏​អ៊ីចឹង​ដែរ កាលណា​ហូប​មិន​ឆ្អែត សុខភាព​មិនល្អ វា​គ្រាន់តែ​ធំ តែ​អត់​បញ្ញា ធ្វើការ​អ្វី​មិនកើត​។ បើសិនជា​គេ​មើល​មួយ​ភ្លែត គេ​គិតថា​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​កុមារ​ហូប​ឆ្អែត​។ ប៉ុន្តែ​គោលដៅ​របស់ខ្ញុំ គឺ​កុមារ​ចេះ​អាន ចេះ​សរសេរ និង​គេច​ផុតពី​គ្រឿងញៀន​។ មនុស្ស​ត្រូវ​ការហូប​សិន ទើប​ចេញ​អ្វី​ផ្សេង​បាន​។ មាន​ឈាមជ័រ​ជា​អ្នក​ពូកែ​យ៉ាង​ក៏ដោយ បើ​ហូប​មិន​ឆ្អែត​ហើយ មិនអាច​ធ្វើ​បានទេ​»​។

​ជា​រៀងរាល់​ថ្ងៃនេះ នៅផ្ទះ​បាយ​កុមារ​ដែល​ស្ថិតនៅ​ពីក្រោយ​សាលាបឋមសិក្សា​ជ័យជម្នះ ក្នុង​សង្កាត់​បឹង​កេងកង​៣ មាន​កុមារ​ពី ២០០ ទៅ​៣០០​នាក់​ដែល​បានទទួល​អាហារ​ពេលព្រឹក និង​ពេល​ថ្ងៃ​។ ពួកគេ​គឺជា​កុមារ​ក្រីក្រ​ក្នុង​រាជធានី​។ អ្នកខ្លះ​ជា​កូន​អ្នកសុំទាន កូន​អ្នក​បោស​សំរាម​។ តាំងពី​ឆ្នាំ​២០១០​មក ផ្ទះបាយ​កុមារ​បានផ្តល់​អាហារ​ដល់​កុមារ​ចំនួន​ជាង​៥៤០​ពាន់​ចាន​ហើយ​។ មាន​កុមារ​មិនតិចជាង​១៥០០​នាក់​ទេ​ដែល​បានទទួល​អាហារ​នៅក្នុង​អង្គការ​នេះ​។​



​លោក ង៉ូ​វ ឈី​វ បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​ការជួយ​របស់​យើង​នេះ គឺមាន​គោលដៅ​មួយ ដូច​ជួយ​ជាតិ​ដែរ​។ យើង​ជួយ​កុមារ​នៅ​ចំពោះមុខ ហើយក៏​ដូចជា​ជួយ​ជាតិ​នៅ​ថ្ងៃមុខ​ដែរ​។ បើ​កុមារ​មួយ​ហ្នឹង យើង​មិនបាន​ជួយ គ្នា​អត់​បាន​រៀនសូត្រ ហើយ​ក្លាយជា​ជន​មួយ​ដែល​ជួបប្រទះ​ការលំបាក នៅ​១០ ឬ​១៥​ឆ្នាំក្រោយ គេ​នឹង​បង្កើត​អ្នក​លំបាក​ថែមទៀត​។ បើ​យើង​បាន​ជួយ​ម្នាក់​ក្នុងថ្ងៃនេះ បានន័យថា ១៥​ឆ្នាំក្រោយ យើង​នឹង​បាន​ជួយ​មួយ​គ្រួសារ​»​។

​មាន​សប្បុរសជន​ជាច្រើន ជា​បុគ្គល​ផង និង​ជា​ស្ថាប័ន​ផង​ដែល​ផ្តល់​សេចក្តីទុកចិត្ត​លើ​សកម្មភាព​មនុស្សធម៌​របស់លោក ង៉ូ​វ ឈី​វ ហើយ​បាន​ផ្តល់ជំនួយ​ជាប្រចាំ ជា​អាហារ និង​អង្ករ និង​ជា​បន្លែ​ផង​ដើម្បី​ផ្គត់ផ្គង់​ផ្ទះបាយ​កុមារ​។ ជំនួយ​ទាំងនោះ មិន​មែនមាន​ត្រឹមតែ​សប្បុរសជន​នៅក្នុង​ប្រទេស​នេះឡើយ ប៉ុន្តែ​អង្គការ​សប្បុរសធម៌​បរទេស​ក៏​ជា​ម្ចាស់ជំនួយ​របស់​ផ្ទះបាយ​កុមា​រដែរ​។​



​មកដល់ពេលនេះ ជិត​១០​ឆ្នាំ​ហើយ​ដែល​ផ្ទះបាយ​កុមារ​បានផ្តល់​អាហារ​ល្អ​ដល់​កុមារ​ខ្មែរ​ក្រីក្រ​។ អ្វីដែល​សំខាន់ គឺ​និរន្តរភាព​សកម្មភាព​ផ្ទះបាយ​កុមារ​ទៅ​ថ្ងៃ​អនាគត ក្រោយ​ពេលដែល លោក ង៉ូ​វ ឈី​វ ចូល​និវត្ត​សារជាថ្មី ឬ​មិនអាច​ធ្វើការ​កិច្ចការ​នេះ​បាន​ទៀត​។ ពិតណាស់ អ្នក​បន្តវេន​ត្រូវបាន​បណ្តុះបណ្តាល​ហើយ ប៉ុន្តែ​តើ​ការតាំង​ចិត្ត​របស់​អ្នក​បន្តវេន​អាច​ធំ​ជាង​លោក ង៉ូ​វ ឈី​វ ដែរឬទេ​? នេះ​ជា​អ្វីដែល​លោក ង៉ូ​វ ឈី​វ បារម្ភ​…





Tag:
 ង៉ូ​វ ឈី​វ​
  ផ្ទះបាយ​កុមារ​
  ម្ហូប​
© រក្សាសិទ្ធិដោយ thmeythmey.com