កីឡាអន្តរជាតិ
អន្តរជាតិ
ជន​អាណា​មិ​ក​ទូរ​សព្ទ​ប្រាប់​ប៉ូលិស​រុស្ស៊ី​ថា មានការ​បង្កប់​គ្រាប់បែក​អំឡុង World Cup 2018
27, Jun 2018 , 10:59 pm        
រូបភាព
​ប៉ូលិស​រុស្ស៊ី​ប្រចាំ​ទីក្រុង Rostov-on-Don បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ ថា​ពួកគេ​បានទទួល​ការគំរាមកំហែង​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើនលើក​ច្រើនសា​ក្នុងអំឡុង​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup 2018​។ ម្ចាស់​ក្លិប​កំសាន្ត និង​ភោជនីយដ្ឋាន​មួយចំនួន​ក៏​ទទួល​ការ​គំរាម​ដូចគ្នានេះដែរ ហើយ​ថែមទាំង​ប្រាប់​ពួកគេ​ឲ្យ​ជម្លៀស​ខ្លួន​ចេញពី​ក្រុង​ទៀតផង​។​



​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប៉ូលិស​ប្រចាំ​តំបន់​បាន​និយាយថា ពួកគេ​បានទទួល​ការហៅ​ទូរ​សព្ទ​ជាច្រើន​ដង​ពី​ជន​អានា​មិ​ក​អំពី​ការ​បំផ្ទុះ​គ្រាប់​ដែល​បានដាក់​បង្កប់​នៅ​ទីតាំង​មួយចំនួន​ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី​។​

​ក្រោយ​ទទួល​ទូរ​សព្ទ​រួច កងកម្លាំង​ប៉ូលិស​បាន​ទៅ​ត្រួតពិនិត្យ​នៅ​គ្រប់​ទីតាំង​នោះ ប៉ុន្តែ​រក​មិនឃើញ​វត្ថុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ណាមួយ​ឡើយ​។ បច្ចុប្បន្ន ទីតាំង​ទាំងអស់នោះ​ដំណើរការ​តាម​ធម្មតា​។​

​ដោយឡែក អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​អ៊ីតាលី Luciano ម្នាក់​ដែល​ស្ថិតក្នុង​ក្រុង​ខាងលើ​ក៏បាន​និយាយថា បុគ្គលិក​ខ្លួន​ក៏​ត្រូវបាន​ជនអនាមិក​ប្រាប់​តាមរយៈ​ទូរ​សព្ទ​ឲ្យ​រូបគេ​ចាក​ចេញពី​ទីនោះ​ឲ្យ​បាន​មុន​រយៈពេល ២​ម៉ោង​ទៀត​បន្ទាប់ពី​ទទួល​ការ​គំរាម​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​អគារ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA មិនអាច​ទាក់ទង​ព័ត៌មាន​ជុំវិញ​ករណីនេះ​បាន​ភ្លាមៗ​នៅឡើយ​ទេ​។​

​រុស្ស៊ី​បានទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២​នេះ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន ៣១​ផ្សេងទៀត​។ ដំណើរការ​ប្រកួត​បាន​ធ្វើឡើង​អស់​រយៈពេល​១៤​ថ្ងៃ​មកហើយ ហើយក៏​រកឃើញ​ក្រុម​ដែល​ឈានទៅ​វគ្គ​បន្ត និង​ហាលអាវ​ខ្លះៗ​ហើយ​ដែរ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  បំផ្ទុះ​គ្រាប់បែក
© រក្សាសិទ្ធិដោយ thmeythmey.com