អន្តរជាតិ
ទាហាន​អាមេរិក និង​អ្នក​មុជទឹក​អង់គ្លេស ចូលរួម​ស្វែងរក​ក្មេងប្រុស​ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​នៅ​ថៃ​
28, Jun 2018 , 7:50 pm        
រូបភាព
​ទាហាន​សហរដ្ឋអាមេរិក និង​អ្នកជំនាញ​មុជទឹក​អង់គ្លេស បាន​ទៅដល់​ប្រទេស​ថៃ​ហើយ ដើម្បី​ជួយ​ស្វែងរក​ក្មេងប្រុស​សិស្សសាលា និង​ជា​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​ចំនួន​១២​នាក់ រួមទាំង​គ្រូបង្វឹក​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ Tham Laung ក្នុង​ខេត្ត​ឈៀង​រ៉ៃ តាំងពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​មក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​



​មនុស្ស​១៣​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ រួមទាំង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់ បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​មួយ​ឈ្មោះ Tham Luang Nang Non អស់​រយៈពេល​៥​ថ្ងៃ​មកហើយ បើទោះជា​មានការ​រុករក​ពី​ក្រុម​អាជ្ញាធរ​ថៃ និង​អ្នកជំនាញ​ពី​ប្រទេស​ជាច្រើន​នាក់​ក៏ដោយ​។​

​លោក Buncha Duriyapan មេបញ្ជាការ​កងពល​ទី​៣៧​ប្រចាំ​តំបន់​ក្នុង​ខេត្ត​ឈៀង​រ៉ៃ បាន​និយាយថា ក្រុម​អ្នករុករក​មួយក្រុម​បានធ្វើ​ដំណើរ​ចុះ​ពីលើ​កំពូលភ្នំ Tham Laung ដើម្បី​បង្កើត​ឲ្យ​មាន​ច្រកចូល​ថ្មី សម្រាប់​ការងាយស្រួល​ដល់​ក្រុម​អ្នក​ជួយសង្គ្រោះ ព្រោះ​ទឹក​ក្នុង​រូងភ្នំ​ឡើង​ខ្ពស់ និង​បង្អាក់​ដំណើរការ​របស់​ពួកគេ​។​



​ដោយសារ​ការស្វែងរក​ទាំងថ្ងៃទាំងយប់​ហើយ មិន​ទទួលបាន​ដំណឹង​អ្វី​សោះ​ពី​អ្នក​ដែល​បាត់​ខ្លួន​នោះ ពេលនេះ​អាជ្ញាធរ​ថៃ​បាន​សុំ​ជំនួយ​ពី​អ្នកជំនាញ​មុជទឹក​អង់គ្លេស​ចំនួន​៣​នាក់មក​ជួយសង្គ្រោះ​។ អ្នកជំនាញ​ទាំងបី​បាន​ចុះ​តាម​យន្តហោះ​ចូលទៅក្នុង​រូងភ្នំ​ដ៏​អាថ៌កំបាំង​នោះ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ជារួម​ជាមុនសិន​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក​មេបញ្ជាការ Buncha​។

​លើសពីនេះ​ទៀត​នោះ កងទ័ព​អាមេរិក​នៃ​ទីបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (USPACOM) ចំនួន​៣០​នាក់​ផ្សេងទៀត ក៏​មក​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក​ក្មេងប្រុស​ទាំង​១២​នាក់ នឹង​គ្រូបង្វឹក​ដែល​កំពុង​បាត់​ខ្លួន​នេះដែរ​៕









Tag:
 បាល់ទាត់​
  ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Laung
© រក្សាសិទ្ធិដោយ thmeythmey.com