ជាតិ
អាជ្ញាធរ​អប្សរា​ព្រមាន​ចំពោះ​ការ​លួច​សង់​សំណង់​ខុសច្បាប់​នៅ​រដូវ​កាល​ជិត​បោះឆ្នោត​
29, Jun 2018 , 8:39 am        
រូបភាព
សកម្មភាពរុះរើសំណង់ខុសច្បាប់ដែលសង់ក្នុងដីតំបន់អប្សរានាពេលកន្លងមក។
សកម្មភាពរុះរើសំណង់ខុសច្បាប់ដែលសង់ក្នុងដីតំបន់អប្សរានាពេលកន្លងមក។
ដោយ: ថ្មីៗ
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែលថា​សំណង់​ផ្សេងៗ​នៅ​តំបន់​អង្គរ ត្រូវបាន​អនុញ្ញាត​នា​អំឡុងពេល​ជិត​បោះឆ្នោត​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ស្ថាប័ន​ជំនាញ​មួយ​នេះ បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​ដែល​ប្រព្រឹត្តល្មើស​។​



«​ពុំមាន​ការអនុញ្ញាតឱ្យ​មានការ​សាងសង់​ដោយ​សេរី​នៅក្នុង​តំបន់​បេតិកភណ្ឌ​នោះទេ​។ រាល់​សំណង់​ខុសច្បាប់ ការ​លួច​សាងសង់​គ្មាន​ការអនុញ្ញាត​នឹងត្រូវ​បាន​រុះរើ​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​»​។ នេះ​ជា​ចំណុច​ទី​១ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្ដីពី​ការទប់ស្កាត់​សំណង់​ខុសច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែមិថុនា​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ប្រាប់​ដល់​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឃោសនា​ផ្សេងៗ​ពី​បុគ្គល​មួយចំនួន ដែល​ដើរ​បោកប្រាស់ ឬ​តាមរយៈ​ការធានា​ឱ្យមាន​ការសាងសង់​សំណង់​ខុសច្បាប់ និង​ការទទួល​យកប្រាក់​ជា​ថ្នូរ​នឹង​បាន​សិទ្ធិ​សាងសង់​ផ្សេងៗ គឺ​ពួកគេ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ប្រសិនបើ​អាជ្ញាធរ​បានដឹង​។​

​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ពលរដ្ឋ​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ការសាងសង់​ផ្សេងៗ​ក្នុង​តំបន់​អង្គរ តាមរយៈ​លេខ​ទូរ​សព្ទ​ចំនួន ៣​ប្រព័ន្ធ គឺ ០៩២ ៨៩ ៩៩ ៦៦, ០១២ ៨៥ ០២ ២៦ និង ០១២ ៣២ ៥៤ ១៩ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​អាជ្ញាធរ​ជាតិ​អប្សរា​»៕


© រក្សាសិទ្ធិដោយ thmeythmey.com