អន្តរជាតិ
ក្រុម​អ្នករុករក​អង់គ្លេស​ជឿថា កុមារ​ថៃ​ជាង​១០​នាក់​ដែល​បាត់​ខ្លួន​នៅមាន​ជីវិត​
29, Jun 2018 , 2:23 pm        
រូបភាព
​យន្តហោះ​គ្មាន​មនុស្ស​បើក Drone និង​ក្រុម​អ្នករុករក​អង់គ្លេស​បាន​ប្រទះឃើញ​ច្រកចូល​រូងភ្នំ​ទី​២ ដែល​ពួកគេ​គិតថា​ជា​កន្លែង​មាន​សុវត្ថិភាព សម្រាប់​ក្មេងប្រុស​ទាំង​១២​នាក់ រួមទាំង​គ្រូបង្វឹក​កីឡាបាល់ទាត់​របស់​ពួកគេ​ដែល​បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​មួយនា​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃទី ២៣ ខែមិថុនា ពោល​គឺមាន​រយៈពេល ៧ ថ្ងៃ​មកហើយ​។​



​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ដូច្នេះ​ថា ក្រុម​ជួយសង្គ្រោះ​បានដាក់​ក្តីសង្ឃឹម​របស់​ពួកគេ​នៅលើ​ផ្លូវ​ច្រកចូល​ថ្មី​មួយទៀត​ដែល​ទើប​រកឃើញ​នៅ​ភាគ​ខាងជើង​នៃ​ច្រកចូល​ទីមួយ​ជុំវិញ​រូងភ្នំ Tham Luang ស្ថិតក្នុង​ស្រុក​មៃ​សៃ ខេត្ត ឈៀង​រ៉ៃ ជាទី​ដែល​ក្រុម​ក្មេងៗ​ជា​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​បាត់​ខ្លួន​។ ក្រុម​អ្នករុករក​នេះ​នៅតែ​សង្ឃឹមថា​សមាជិក​ក្រុម​ដែល​បាត់​ខ្លួន​នៅតែ​រស់រានមានជីវិត​នៅឡើយ និង​ស្វែងរក​ឲ្យ​ទាល់តែ​ឃើញ​។​



​បន្ទាប់ពី​រកឃើញ​ច្រក​ថ្មី​នេះ​ភ្លាម អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ​លោក Wirachai Songmetta ក៏បាន​ដឹកនាំ​ក្រុម​ប៉ូលីស និង​អ្នក​ជួយសង្គ្រោះ​ចំនួន​១៣២​នាក់​ទៅពិនិត្យ និង​ស្ទាបស្ទង់​ស្ថានភាព​ផ្លូវ​ដែលជា​ច្រក​សំខាន់​នេះ​ដើម្បី​ស្វែងរក​លទ្ធភាព​ចូលទៅ​កាន់​រូងភ្នំ​។​

​ក្រុម​អ្នកជំនាញ​មុជទឹក​អង់គ្លេស​បីនាក់ រួមទាំង​កងទ័ព​អាមេរិក​នៃ​ទីបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (USPACOM) ចំនួន​៣០​នាក់​ផ្សេងទៀត ក៏​កំពុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ស្វែងរក​ក្មេងៗ​ទាំងនោះ​ដោយ​ធ្វើដំណើរ​ឆ្ពោះទៅ​ភាគ​ខាងលិច​នៃ​រូងភ្នំ​តាម​ច្រក​ដែល​ទើប​រកឃើញ​ថ្មី​មួយទៀត​នោះ​។​



​សូមបញ្ជាក់ថា មនុស្ស​១៣​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ ក្នុងនោះ​មាន​គ្រូបង្វឹក​បាល់ទាត់​ម្នាក់ បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​មួយ​ឈ្មោះ Tham Luang Nang Non បន្ទាប់ពី​ពួកគេ​ចូល​ជ្រក​ភ្លៀង​នៅ​ទីនោះ​។ បើតាម​ការសន្និដ្ឋានរ​បស់​អាជ្ញាធរ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ទឹក​ក្នុង​រូងភ្នំ​ឡើង​ខ្ពស់ ទើប​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រក​ផ្លូវ​ផ្សេង​ជាទី​សុវត្ថិភាព និង​ដើម្បី​ចាក​ចេញពី​រូងភ្នំ​៕







Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com