អន្តរជាតិ
មហាធៀ បបួលឥណ្ឌូណេស៊ីចាប់ផ្តើមគម្រោងផលិតឡានរួមគ្នាសម្រាប់ទីផ្សារអាស៊ាន រូបភាព៖ The Star Online
× សប្តាហ៍នេះ ឥណ្ឌូណេស៊ីក្លាយជាប្រទេសអាស៊ានដំបូងគេដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (Mohathir Mohamad) ជ្រើសរើសសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ។ នៅទីនោះ លោក មហាធៀ បានរម្លឹកឡើងវិញថា ម៉ាឡេស៊ីចង់ឈានទៅចាប់ដៃឥណ្ឌូណេស៊ីដើម្បីចាប់ផ្តើមគម្រោងផលិតរថយន្តរួមគ្នាឡើងវិញសម្រាប់ផ្គត់ផ្គង់ទីផ្សារអាស៊ាន។
លោក មហាធៀ បានថ្លែងពីគម្រោងនេះក្នុងពេលដែលលោកផ្តល់សន្និសីទសារព័ត៌មានរួមជាមួយប្រមុខរដ្ឋឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅវិមានរដ្ឋាភិបាលនារដ្ឋធានីហ្សាការតានៅថ្ងៃសុក្រទី ២៩ ខែមិថុនានេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រីវ័យ ៩២ ឆ្នាំរូបនេះបាននិយាយថា៖« ត្រឡប់ទៅឆ្នាំ ២០១៥ យើងបានពិភាក្សាគ្នាពីការផលិតរថយន្តរួមគ្នាដោយឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដើម្បីផ្គត់ផ្គង់ទីផ្សារអាស៊ាន ប៉ុន្តែវាមិនបានតាមដាននិងជជែកគ្នាបន្តឡើយ។ ឥឡូវនេះយើងកំពុងស្វែងរកលទ្ធភាពដើម្បីចាប់ផ្តើមគម្រោងនេះឡើងវិញ»។
លោកបានបន្ថែមថា កាលនោះគំនិតផលិតរថយន្តរួមគ្នានេះផុសឡើងនៅពេលដែលលោក ចូកូ វីដូដូ ទៅទស្សនកិច្ចនៅម៉ាឡេស៊ី ហើយលោក មហាធៀ បានជិះរថយន្តម៉ាក Proton ដឹកលោក ចូកូ ដែរពេលនោះ។
«ខ្ញុំបើករថយន្តក្នុងល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅទីលានប្រណាំងរថយន្ត Sepang។ ប្រធានាធិបតី ចូកូ មិនបានត្អូញត្អែរអ្វីទាំងអស់ ទោះជាខ្ញុំបើកល្បឿនលឿនបែបនោះក្តី»។ លោក មហាធៀ រម្លឹកបែបនេះ។
ដោយឡែកក្នុងសន្និសីទដដែលនោះ លោក មហាធៀ បានបង្ហើបពីមូលហេតុដែលលោកជ្រើសរើស ឥណ្ឌូណេស៊ីជាប្រទេសអាស៊ានដំបូងគេសម្រាប់ការទស្សនកិច្ចនេះ។ នេះក៏ព្រោះថា ទំនាក់ទំនងរវាងម៉ាឡេស៊ី និងឥណ្ឌូណេស៊ីល្អប្រសើរណាស់។ លោកបានហៅ ឥណ្ឌូណេស៊ីជាមិត្តជិតខាងល្អ និងមានសម្ព័ន្ធភាពដូចគ្រួសារតែមួយជាមួយម៉ាឡេស៊ីដូច្នេះដែរ។
បន្ថែមពីការស្វែងរកលទ្ធភាពអនុវត្តគម្រោងផលិតរថយន្តរួមគ្នា មេដឹកនាំ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីខាងលើក៏បានឯកភាពគ្នាផងដែរលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការពង្រឹងអភិបាលកិច្ចដឹកនាំ បោសសម្អាតអំពើពុករលួយ ជំរុញការផ្សាភ្ជាប់ និងដោះស្រាយបញ្ហានានានៅតាមព្រំដែនផង។ បញ្ហានេះត្រូវពិភាក្សាលម្អិតក្នុងកម្រិតក្រសួងនៅពេលខាងមុខថែមទៀតផង៕
Tag:
ឥណ្ឌូណេស៊ី
អាស៊ាន
ចូកូ វីដូដូ
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com