ជាតិ
បទសម្ភាសន៍
លោកស្រីតឹករ៉េត កំរង៖ ពិព័រណ៍អឺរ៉ុប នឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុប
× ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកកាសែត នាពិធីបើកពិព័រណ៍អឺរ៉ុបនៅព្រឹកថ្ងៃទី២៩ ខែមិថុនាថា ពិព័រណ៍នេះពិតជាសំខាន់ខ្លាំងណាស់ ព្រោះគឺជាឱកាស សម្រាប់វិនិយោគិនទាំងកម្ពុជា និងអឺរ៉ុប អាចស្វែងរកដៃគូពាណិជ្ជនៅកម្ពុជាបន្ថែមទៀត។ ជាងនេះទៅទៀត ពិព័រណ៍រយៈពេល៣ថ្ងៃនេះ នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុបកាន់តែរឹងមាំ។
លោកស្រី តឹករ៉េត កំរង បញ្ជាក់ដូច្នេះ៖«ព័រណ៍អឺរ៉ុបនៅកម្ពុជា គឺរៀបចំ២ម្តង សំខាន់ គឺដើម្បីបង្ហាញផលិតផលពីសហគមន៍អឺរ៉ុបដែលសុទ្ធសឹងតែមានគុណភាព។ សំខាន់ជាងនេះ គឺដើម្បីពង្រឹងទំនាក់ទំនង ពិសេសកិច្ចសហការ និងការភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុបផងដែរ ព្រោះក្នុងឱកាសនេះ គាត់អាចបង្ហាញផលិតផលគាត់ហើយ គាត់អាចស្វែងរកដៃគូពាណិជ្ជកម្មរបស់គាត់ទៀត»។
បើតាម រដ្ឋលេខធិការក្រសួងពាណិជ្ជកម្មដដែល ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហគមន៍អឺរ៉ុបនៅ ក្នុងឆ្នាំ២០១៧មានប្រមាណ៥ពាន់លានដុល្លា ក្នុងកម្ពុជា នាំចេញទៅកាន់សហគមន៍អឺរ៉ុប ជាង៤ពាន់លានដុល្លារ ហើយនាំចូលពីសហគមន៍អឺរ៉ុប ជិត១ពាន់លានដុល្លារ។
សូបញ្ជាក់ថា ពិព័រណ៍អឺរ៉ុប លើកដំបូងគេនៅកម្ពុជា មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ កក្កដា នៅទីក្រុងកោះពេជ្រ។ ពិព័រណ៍នេះ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) និងមានក្រុមហ៊ុនម៉ាកល្បីៗចំនួន៥១មកពីប្រទេសអឺរ៉ុប បានចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុនទាំងនោះ មានដូចជាក្រុមហ៊ុនផលិតយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតជាច្រើនផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com