ពីនេះ ពីនោះ
សង្គមជាតិ
រាជធានី​ភ្នំពេញ​៖ ជួយ​រំដោះ​ផ្លូវ ៩៧, ៩៩ និង​១០៣ ស្មើនឹង​ជួយ​រំដោះ​ចរាចរណ៍​តំបន់​ក្បាលថ្នល់
01, Jul 2018 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ពេលព្រឹក និង​ពេល​ល្ងាច តំបន់​ក្បាលថ្នល់​រាជធានី​ភ្នំពេញ​ត្រូវ​កកស្ទះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ព្រោះ ក្បាលថ្នល់ គឺជា​ច្រកចេញ និង​ចូល​ដ៏​សំខាន់​សម្រាប់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​។ ពលរដ្ឋ​ពី​ខាង​ត​តំបន់​ក្រុង​តាខ្មៅ​, ចាក់អង្រែលើ​-​ក្រោម​, ខាង​គៀនស្វាយ និង​ខាង​ស្ទឹងមានជ័យ​មួយផ្នែក ជាធម្មតា​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាម​រង្វង់​មូល​ក្បាលថ្នល់​។ ការកកស្ទះ​នេះ អាច​បណ្តាលមកពី​អ្នកធ្វើដំណើរ​ច្រើន និង​ធ្វើដំណើរ​នៅ​ម៉ោង​តែមួយ ជាពិសេស ពេលព្រឹក និង​ពេល​ល្ងាច​។ តែ​ទោះជា​យ៉ាងនេះ គេ​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​តំបន់​ក្បាលថ្នល់​បាន​។

 
​ពេលព្រឹក ពលរដ្ឋ​ធ្វើដំណើរ​ចូល​ក្រុង ហើយ​ពេល​ល្ងាច ពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​គេហដ្ឋាន​របស់​ពួកគេ​រៀងៗ​ខ្លួន​។ តែ​ទោះជា​យ៉ាងណា គេ​អាច​រំដោះ​ចរាចរណ៍​តំបន់​ក្បាលថ្នល់​បាន​ដោយ​ធ្វើការ​ដោះស្រាយ​ផ្លូវ​ទាល់​ចំនួន​បី​ដែល​រាំងខ្ទប់​ផ្លូវ​ធ្លុះ​ទៅកាន់​ផ្លូវ​ទំនប់​លេខ​២៧១​។ ផ្លូវ​ទាំងនោះ​ជារួម​មាន​៖ ផ្លូវ​លេខ​៩៧​ស្រប​នឹង​មហាវិថី​ព្រះមុន្នីវង្ស ត្រូវ​រាំងខ្ទប់​ដោយ​សំណង់​មិន​រៀបរយ​មួយចំនួន​តូច ដែលជា​ឧបសគ្គ​រារាំង​ការធ្វើ​ចរាចរណ៍​ទៅកាន់​ផ្លូវ​២៧១​។ 
 
​ផ្លូវ​លេខ​៩៩ ស្រប​នឹង​ផ្លូវ​លេខ​៩៧ ហើយ​ស្រប​នឹង​មហាវិថី​ព្រះមុន្នីវង្ស​ផងដែរ​នោះ ក៏ត្រូវ​រាំងស្ទះ​ដោយ​សំណង់​មិន​រៀបរយ​ដូច​ផ្លូវ​លេខ​៩៧​ដែរ ហើយ​ផ្លូវ​មួយទៀត​លេខ​១០៣ ដែល​ស្រប​នឹង​ផ្លូវ​៩៩ និង​ផ្លូវ​៩៧ ដែរនោះ ក៏​មិនអាច​ភ្ជាប់​ទៅនឹង​ផ្លូវ​២៧១​បានដែរ ដោយសារ​គ្មាន​ស្ពាន​ឆ្លងកាត់​លូទឹកស្អុយ​។ ប្រសិនបើ​មានកូន​ស្ពាន​តូច​មួយ​ឆ្លងកាត់ ពេលនោះ ផ្លូវ​១០៣​អាច​រំដោះ​ចរាចរណ៍​ពី​ផ្លូវ​២៧១​បាន​យ៉ាងច្រើន​។ 
 
​សរុបសេចក្តី​មក ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ​អាច​ទម្លុះ ឬ​ដោះស្រាយ​បញ្ហា​តូចតាច​ដែល​រាំង​ស្ទះផ្លូវ​ទាំងបី​ខាងលើនេះ​បាន ពេលនោះ ការកកស្ទះ​តំបន់​ក្បាលថ្នល់​អាច​នឹង​ដោះស្រាយបាន​មួយកម្រិត​ថែមទៀត​។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋ​តំបន់​បឹងត្របែក​ទាំងមូល​ក៏​ស្រួល​ធ្វើដំណើរ​ភ្ជាប់​ទៅកាន់​ផ្លូវ​២៧១​ដោយ​មិនចាំបាច់​ធ្វើដំណើរ​វាង​ទៅ​តំបន់​ក្បាលថ្នល់​។ ដូចគ្នា​ដែរ​សម្រាប់​អ្នកធ្វើដំណើរ​ចូល​រាជធានី​ភ្នំពេញ ពួកគេ​អាច​ប្រើប្រាស់​ផ្លូវ​៩៧ ៩៩ និង​១០៣ ដោយ​មិនចាំបាច់​ប្រើប្រាស់​ផ្លូវ​តំបន់​ក្បាលថ្នល់​៕ 
(​លិខិត​មិត្ត​អ្នកអាន​) (​លោក សួង សុភ​ក្តិ ពលរដ្ឋ​តំបន់​បឹងត្របែក​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com