សង្គមអន្តរជាតិ​
អន្តរជាតិ
៩​ថ្ងៃ​ហើយ​នៅតែ​គ្មាន​ដំណឹង​ក្មេងៗ​ថៃ​ដែល​បាត់​ខ្លួន ខណៈ​អាជ្ញាធរ​បង្កើន​ការរុករក​
01, Jul 2018 , 8:39 pm        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា​នេះ គឺមាន​រយៈពេល ៩​ថ្ងៃ​មកហើយ​ដែល​កុមារ​ថៃ​មួយក្រុម​មាន​គ្នា ១២​នាក់​រួមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់ទៀត​បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​Tham Luang ដ៏​អាថ៌កំបាំង​ស្ថិតក្នុង​ស្រុក​មៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។ ក្រុម​អាជ្ញាធរ រួមទាំង​អ្នកជំនាញ​រុករក​ពី​អង់គ្លេស និង​អាមេរិក ក៏​នៅតែ​ព្យាយាម​និង​បង្កើន​ការស្វែងរក​ខ្លាំង​ឡើងៗ​ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់​ថា​ពួកគេ​នៅតែមាន​ជីវិត​។​


​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ចូលទៅក្នុង​រូងភ្នំ​ដែល​មា​ទឹក​លិច​បាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​ហើយ​បើទោះជា​មាន​ភ្លៀង​ធ្លាក់​មិន​ដាច់​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​រូងភ្នំ​កើនឡើង​ដែលជា​ឧបសគ្គ​ធំ​ផុត​ក្នុងកា​រុករក​។ ប៉ុន្តែ នៅ​ទី​៣០ ខែមិថុនា​ម្សិលមិញ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ថៃ​អាច​បូមទឹក​ចេញពី​រូងភ្នំ​បាន​មួយ​ភាគ​ធំ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខួង​ដី​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​សង្គ្រោះ​មនុស្ស​ទាំង​១៣​នាក់​នោះ​។​
  
 
​យ៉ាងណាក៏ដោយ មកទល់នឹង​បេ​ល​នេះ​ក្មេងប្រុស​អាយុ​ចន្លោះ​ពី ១១ ទៅ​១៦​ឆ្នាំ​ព្រមទាំង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​អាយុ​២៥​ឆ្នាំ​ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៣ ខែមិថុនា ក្នុង​រូងភ្នំ​មក​នោះ នៅតែ​មិនទាន់មាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ ខណៈ​អ្នករុករក​រិត​តែ​ព​ន្លឿ​ន​និង​បង្កើន​ការស្វែងរក​ខ្លាំង​ជាង​មុន​ទាំងថ្ងៃទាំងយប់​។​
 
​លោក Narongsak Osottanakorn អភិបាលខេត្ត​ឈៀង​រ៉ៃបាន​និយាយថា ក្រុម​អ្នក​មុជ​ទឹកបាន​ជ្រមុជ​ចុះ​ពី​មាត់​រូងភ្នំ Tham Luang Nang Non ចូល​ទៅបាន​ចម្ងាយ​តែ ២ ទៅ​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដោយសារ​មាន​ភក់​ច្រើន និង​មានទឹក​បុក​មក​ខ្លាំង​មិនអាច​មើល​អ្វី​ឃើញ​ហើយ​ត្រូវ​បង្ខំចិត្ត​ត្រឡប់មកវិញ​។ ក្រុម​អ្នករុករក​ទាំ​នោះ​នៅតែមាន​ជំនឿ​ចិត្ត​ថា​ពួកក្មេងៗ​នៅមាន​ជីវិត​នៅឡើយ​ង ហើយ​និង​រកឃើញ​ពួកគេ​ឆាប់ៗ​។​
  
 
​សូមបញ្ជាក់ថា ក្មេង​ដែល​បាត់​ខ្លួន​ជា​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ ក្នុងនោះ​មាន​គ្រូបង្វឹក​បាល់ទាត់​ម្នាក់ បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​មួយ​ឈ្មោះ Tham Luang Nang Non បន្ទាប់ពី​ពួកគេ​ចូល​ជ្រក​ភ្លៀង​ក្នុង​រូងភ្នំ​។ បើតាម​ការសន្និដ្ឋានរ​បស់​អាជ្ញាធរ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ទឹក​ក្នុង​រូងភ្នំ​ឡើង​ខ្ពស់ ទើប​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រក​ផ្លូវ​ផ្សេង​ជាទី​សុវត្ថិភាព និង​ដើម្បី​ចាក​ចេញពី​រូងភ្នំ​៕
 

 

 

Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com