ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ទៀ បាញ់​៖ ក្រោយ​កាន់តំណែង​សំខាន់​ក្រសួងការពារជាតិ លោក ហ៊ុន ម៉ា​ណែ​ត នឹង​ឡើង​ឋានន្តរ​ស័​ក្ត​ផ្កាយ​៤
01, Jul 2018 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ក្រោយ​ចូលកាន់​តំណែង​សំខាន់​នៅក្នុង​ក្រសួងការពារជាតិ លោក ហ៊ុន ម៉ា​ណែ​ត ក៏​នឹងត្រូវ​ដំឡើង​ឋានន្តរ​ស័​ក្ត​ផ្កាយ​៤​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

 
​ដំណឹង​ដែល​សម្ដេច ទៀ បាញ់ លើកឡើង​នេះ គឺ​នៅក្នុង​ពិធី​ប្រគល់​តំណែង​លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ឡើងទៅ​កាន់តំណែង​ជា​អគ្គមេបញ្ជាការ​ស្តីទី​ជំនួស​លោក ប៉ុល សារឿន​។ ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ទទួល​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​ជំនួស​លោក គន់ គីម និង​តំណែង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក​ជំនួស​លោក មាស សុភា​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​បាន​ស្រង់​សម្ដី​សម្ដេច ទៀ បាញ់ បាន​សរសេរ​ដូច្នេះ​ថា​៖«​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អាចនឹងទទួល​បានកា​រ​ដំឡើង​ឋានន្តរ​ស័​ក្ត​ជា នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​មាស​៤) ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​ឯកឧត្តម ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី និង​ជា​មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​»​។​
 
​ការប្រគល់​តំណែង​ស្តីទី​សំខាន់ៗ​ជូន​ដល់​លោក សៅ សុខា និង​លោក ហ៊ុន ម៉ា​ណែ​ត នេះ ដោយសារតែ​លោក ប៉ុល សារឿន​,​លោក គន់ គីម និង​លោក មាស សុភា ជាប់​កាតព្វកិច្ច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​០៦​នេះ​។​
 
​ក្រៅពី​តំណែង​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ថែមទាំង​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ ឯ​លោក ហ៊ុន ម៉ា​ណែ​ត កំពុងតែ​កាន់តំណែង​ចំនួន​៤ នាពេល​ប​បច្ចុប្បន្ននេះ គឺ​តំណែង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​, ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស​, ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​៕
 

Tag:
 ទៀ បាញ់​
  ហ៊ុន ម៉ា​ណែ​ត​
  សៅ សុខា
 ​មាស សុភា
 ​គន់ គីម
 ​ប៉ុល សារឿន
 ​ឈុំ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com