កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​មិន​ទៅ​មើល​ផ្ទាល់ តែ​លោក ពូ​ទីន បាន​ទូរ​សព្ទ​ទៅ​គ្រូបង្វឹក ហើយ​ថា លោក​មិន​ដាក់​សម្ពាធ​អ្វី​ឡើយ​
02, Jul 2018 , 3:01 pm        
រូបភាព
​ម្ចាស់ផ្ទះ​រុស្ស៊ី បាន​យកឈ្នះ​ជើងឯក​ឆ្នាំ​២០១០ អេ​ស្ប៉ា​ញ ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៤-៣ នា​កីឡដ្ឋាន Luzhniki Stadium ក្នុង​ក្រុង​មូ​ស្គូ ដើម្បី​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup​។ មុន​ជំនួប​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ តើ​ក្រុម​រុស្ស៊ី​បានទទួល​ដំបូន្មាន​អ្វីខ្លះ​ពី​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដើម្បី​យកជ័យ​ជម្នះ​លើ​អេ​ស្ប៉ា​ញ​?​។​



​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ហៅ​ទូរ​សព្ទ​ទៅកាន់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រុស្ស៊ី​លោក Stanislav Cherchesov មុនពេល​ក្រុម​ម្ចាស់ផ្ទះ​បាន​ផ្តួល​អេ​ស្ប៉ា​ញ ដោយ​បាល់​កាត់ក្តី​ប៉េ​ណា​ល់​ទី​ក្រោយ​ការប្រកួត​រយៈពេល​១២០​នាទី​បញ្ចប់​ទៅក្នុង​លទ្ធផល ១-១​។​

​អ្នកនាំពាក្យ​វិមាន​គ្រី​ម​ឡាំង​លោក Dmitry Peskov បាន​និយាយថា មុនពេល​ការប្រកួត​មកដល់​នៅ​ប្រហែល​ថ្ងៃត្រង់​លោកពូ​ទីន បានខ​ល​ទៅ​គ្រូបង្វឹក​រុស្ស៊ី ដោយ​មិនបាន​និយាយ​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់តែ​ជូនពរ​គាត់​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ប៉ុណ្ណោះ​។​



​ម្យ៉ាងទៀត មេដឹកនាំ​រុស្ស៊ី​រូបនេះ​ក៏​មិនបាន​ចូលរួម​ទស្សនា​ផ្ទាល់​ការប្រកួត​នៅ​ទីក្រុង​ម៉ូស្គូ​វាង​រុស្ស៊ី​ទល់នឹង​អេ​ស្ប៉ា​ញ​នេះដែរ​។​
​លោក Peskov បាន​បន្ថែមថា​៖«​លោកពូ​ទីន​បាន​សរសើរ គ្រូបង្វឹក​លោក Cherchesov រូ​ច​ទៅហើយ​ក្រោយ​ជួយ​រុស្ស៊ី​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​។ ក្នុងជំនួប​ទល់នឹង​អេ​ស្ប៉ា​ញ ពូ​ទីន​គិត​រួចទៅហើយ​ថាបើ​ទោះជា​រុស្ស៊ី​ទទួលលទ្ធផល​បែបណា ក៏​លោក​មិន​បន្ទោស​នឹងដាក់​សម្ពាធ​អ្វីមួយ​លើ​កីឡាករ និង​គ្រូបង្វឹក​ឡើយ ដោយ​លោក​គ្រាន់តែ​ផ្តល់​ពាក្យ​ជូនពរ និង​លើកទឹកចិត្ត​ប៉ុណ្ណោះ​»​។​

​តែ​ទោះយ៉ាងណា រុស្ស៊ី​អាចឈាន​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​បាន​បើ​ទោះ​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៧០​ពិភពលោក​ក្នុង​តារាង FIFA Ranking ក៏ដោយ​។ រុស្ស៊ី​នឹង​ត្រូ​ប​ជួប​ក្រូ​អាស៊ី​ដែល​យកឈ្នះ​ដា​ណឺ​ម៉ាក​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​ដូចគ្នា​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៧ ខែកក្កដា ដើម្បី​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  FIFA World Cup
  ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com