អ្នកជំនាញ​៖ បំណុល​កម្ពុជា ជំពាក់​ចិន មិន​ធ្ងន់ធ្ងរ​ដូច​ស្រីលង្ការ​ឡើយ​
ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​៖ បំណុល​កម្ពុជា ជំពាក់​ចិន មិន​ធ្ងន់ធ្ងរ​ដូច​ស្រីលង្ការ​ឡើយ​
02, Jul 2018 , 4:58 pm        
រូបភាព
​ភ្នំពេញ​៖ បំណុល​កម្ពុជា ដែល​ជំពាក់​ចិន មិនទាន់​ដល់​ចំណុច​ក្រហម ដែល​គួរ​ឲ្យ​ព្រួយបារម្ភ និង​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ស្រីលង្ការ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកជំនាញ ដែល​ឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ ពី​រឿង​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង​ជាប់បំណុល​ចិន​ច្រើន​។​



​ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណា​រិ​ទ្ធិ បាន​ពន្យល់ថា បំណុល​ដែល​កម្ពុជា បាន​ខ្ចី​ពី​បរទេស ហើយ​ជំពាក់​ចិន​ច្រើនជាងគេ​នោះ វា​មិនទាន់​ជា​បញ្ហា ដែល​ត្រូវ​ប្រកាសអាសន្ន​ឡើយ​។ មិនទាន់​ប្រកាសអាសន្ន ដោយសារ​បំណុល​ទាំងនោះ ស្ថិតនៅក្នុង​កម្រិត​ភាគរយ​ទាប ជាង​ផលិតផល​ក្នុងស្រុក​សរុប​។​

​ត្រង់ចំណុច​នេះ លោក ឈាង វណ្ណា​រិ​ទ្ធិ ចង់​បញ្ជាក់ថា បើ​ផលិតផល​ក្នុងស្រុក​សរុប មាន​ចំនួន​ច្រើនជាង​បំណុល​នោះ កម្ពុជា​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការសង​ត្រឡប់​ទៅវិញ​។ ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២ កក្កដា ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បំណុល​ដែល​កម្ពុជា​ជំពាក់ ក្នុង​បំណុល​អន្តរជាតិ បរទេស​ហ្នឹង គឺ​៤០​ភាគរយ​ទៅ​ប្រទេស​ចិន​។ វា​ក៏​ជា​បញ្ហា​មួយ ដែល​អ្នកខ្លះ គាត់​មានការ​បារម្ភ​ដែរ ជំពាក់​ចិន​ច្រើន តើ​វា​ប៉ះពាល់​អ្វី​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​បើ​យើង​មើល​ពី​ទំហំ​(​សេដ្ឋកិច្ច​) មើល​ពី​សមត្ថភាព​រប​ស់​កម្ពុជា ក្នុងការ​សងបំណុល គឺ​អត់​ទាន់​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ​នៅឡើយ​ទេ​។ កម្ពុជា​នៅ​កម្រិត​ភ្លើង​ខៀវ នៅឡើយ មិនទាន់​ដល់​កម្រិត​ភ្លើង​លឿង ឬ​ក្រហម​ទេ​…»​។​

​សូម​ស្ដាប់​សំឡេង​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធិ​៖




​ជាមួយគ្នានេះ​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ លោក នាក់ ចិន្តា​រិ​ទ្ធិ បាន​សង្កត់ធ្ងន់ថា បំណុល​កម្ពុជា ជំពាក់​ចិន មិន​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ស្រីលង្ការ និង​ឡាវ ឡើយ ។ នោះ​ក៏​ព្រោះតែ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ខ្ចី​ថវិកា​មក​អភិវឌ្ឍ មានការ​ប្រុងប្រយ័ត្ន និង​គិតគូ​ច្បាស់លាស់​។

​សូម​ស្ដាប់​សំឡេង​លោក​បណ្ឌិត នាក់ ចិន្ដា​រិ​ទ្ធិ​៖





​តែ​យ៉ាងណា​បញ្ហា ដែល​ប្រជាពលរដ្ឋ​ខ្មែរ ព្រួយបារម្ភ​នោះ គឺ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា ។ ក្នុងន័យនេះ កម្ពុជា និង​ស្ថិតនៅក្រោម​ឥទ្ធិពល​ចិន ដែលជា​ម្ចាស់បំណុល​ខ្លួន​។ ប៉ុន្តែ​បញ្ហា​នេះ​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ មើលឃើញ​ផ្ទុយ​ពី​ក្តីបារម្ភ​របស់​ពលរដ្ឋ​។ លោក ឈាង វណ្ណា​រិ​ទ្ធិ ពន្យល់ថា ត្បិត​ចិន​ចង់បង្ហាញ​ឥទ្ធិពល​ខ្លួន នៅក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ដទៃ តាមរយៈ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​មែន ប៉ុន្តែ​ចិន​គ្មាន​បំណង ចង់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ឡើយ​។ សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធិ ចិន​ក៏​មិន​ហ៊ាន​ប្រើ​អំណាច​ខ្លួន​ហួសហេតុ ដោយ​សំអាង​ខ្លួន​ជា​អ្នកមាន​ប្រាក់​ដែរ ព្រោះ​ចិន​យល់ឃើញ​ច្បាស់​ពី​ភាពបរាជ័យ​របស់​សូ​វៀត និង​អាមេរិក​កន្លងមក​។​

​សូម​ស្ដាប់​សំឡេង​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធិ​៖




​បើតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជាង​៨,៣ ពាន់​លានដុល្លារ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៦​។ 

​ក្នុងចំណោម​ទឹកប្រាក់​ទាំងនេះ រដ្ឋាភិបាល​បាន​ខ្ចីប្រាក់ ៥,៣ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​នានា ជា​លក្ខណៈ​ទ្វេភាគី ដែល​ក្នុងនោះ​ទឹកប្រាក់​ចំនួន ៩០០ លាន​ដុល្លារ​ មកពី​ប្រទេស​ជប៉ុន ទឹកប្រាក់​១២៤ លាន​ដុល្លារ​ពី​បារាំង និង​ទឹកប្រាក់​ខ្ចី​ពី​ចិន ៣,៥៩ ពាន់​លាន​ដុល្លារ​។ ក្រៅពីនេះ ក៏មាន​ប្រាក់កម្ចី​ផ្សេងទៀត គឺ​ឥណ្ឌា ៧៥ លាន​ដុល្លារ ,​កូរ៉េខាងត្បូង ៥១០ លាន​ដុល្លារ ,​ម៉ាឡេស៊ី ៧,៨៥ លាន​ដុល្លារ​, ថៃ ៨៦ លាន​ដុល្លារ និង​វៀតណាម ៤៤,៥ លាន​ដុល្លារ ។

​ជាមួយគ្នានេះ ក៏មាន​ទឹកប្រាក់​កម្ចី សម្រាប់​ការអភិវឌ្ឍ ដែលមាន​ទំហំ​សរុប​៣​ពាន់លាន​ដុល្លារ ។ ទឹកប្រាក់​កម្ចី​នេះ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២​ពាន់​លាន​ដុល្លារ​, ធនាគារពិភពលោក ៧៩៤ លាន​ដុល្លារ​, មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ ៨៧ លាន​ដុល្លារ​, មូលនិធិ​អភិវឌ្ឍន៍ Nordic ១០,៦ លាន​ដុល្លារ និង​មូលនិធិ OPEC សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ៧០ លាន​ដុល្លារ​។​
 
​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកាកម្ចី ៥,៨ ពាន់​លាន​ដុល្លារ​ពី​ដៃគូ​អភិវឌ្ឍន៍ ដោយ​ផ្ដោតលើ​វិស័យ​អាទិភាព​នៅ​កម្ពុជា​។

​ងាក​មក​ផលិតផល​ក្នុងស្រុក​សរុប​វិញ កម្ពុជា មាន​ចំនួន​២០,៩ ពាន់​លានដុល្លារ​អាមេរិក ។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ ដូច្នេះ​បើ​ពិនិត្យមើល​លើ​បំណុល​កម្ពុជា​ដែល​កំពុង​ជំពាក់​បរទេស​៨,៣ ពាន់​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង​៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​៕


Tag:
 ឈាង វណ្ណា​រិ​ទ្ធិ
  នាក់ ចិន្តា​រិ​ទ្ធិ​
  ចិន
  ស្រីលង្ការ​
 ​បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com