អន្តរជាតិ
គីម ជុង​អ៊ុន ទទូច​សុំ​ឲ្យ​ចិន​ជំរុញ​ការដក​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ខ្លួន​ឆាប់ៗ​
02, Jul 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ជួប​ជាមួយ​មេដឹកនាំ​អាមេរិក​នៅ​សិង្ហ​បុរី មេដឹកនាំ​កូរ៉េខាងជើង​បាន​ទទូច​សុំ​ឲ្យ​ចិន​ជំរុញ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន​។ ប្រមុខរដ្ឋ​ចិន​បាន​សន្យា​ជួយ​តាម​សំណើរ​របស់​សម្ព័ន្ធមិត្ត​ខ្លួន​ដែរ​។ នេះ​បើតាម​កាសែត​ជប៉ុន​ដែល​បាន​ដកស្រង់​សម្តី​ប្រភព​អនាមិក​ជាច្រើន​ដែល​ស្និទ្ធ​នឹង​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ​នេះ​។



​កាសែត​ជប៉ុន Yomiuri Shimbun ចុង​សប្តាហ៍​នេះ​បានចេញ​ផ្សាយ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​បាន​ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង​ជួយ​ជំរុញ​ឲ្យ​មានការ​បញ្ចប់​គំនាប​សេដ្ឋកិច្ច និង​ការទូត​លើ​កូរ៉េខាងជើង​ឲ្យ​បាន​ឆាប់​។​

​លោក គីម ជុង​អ៊ុន បាន​លើកសំណើរ​នេះ​ក្នុងពេលដែល​លោក​បាន​ជួប​ជាមួយ​លោក ស៊ី ជីន​ភីង ជា​លើក​ទី​បី​នៅក្នុង​ក្រុង​ប៉េកាំង​ក្នុង​ខែមិថុនា​ពោលគឺ​ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​។

​យោងតាម​ប្រភព​ដដែល លោក គីម បាន​និយាយ​ទៅកាន់​លោក​ស៊ី​ដូច្នេះ​៖ «​កូរ៉េខាងជើង​រង​ការលំបាក​ខ្លាំង​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​។ ឥឡូវនេះ​យើង​បានបញ្ចប់​ជំនួប​ប្រវត្តិសាស្ត្រ​អាមេរិក និង​កូរ៉េខាងជើង​ដោយ​ជោគជ័យ​ហើយ ហើយ​ខ្ញុំ​ចង់​ឲ្យ​ចិន​ធ្វើយ៉ាងណា​ជួយ​ជំរុញ​ឲ្យ​មាន​ការដក​ទណ្ឌ​កម្មនេះ​ឆាប់ៗ​ផង​»​។

​ក្រៅពី​សុំ​ឲ្យ​ចិន​ជួយ​ជំរុញ​ឲ្យ​មាន​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ខ្លួន លោក គីម ក៏បាន​ស្នើ​ឲ្យ​មហាអំណាច​ចិន​បន្ត​គាំទ្រ​ខ្លួន​ក្នុង​ដំណើរ​ការចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ដែល​កំពុង​បន្ត​នេះដែរ​។

​តាមពិតទៅ លោក គីម ជុង​អ៊ុន បានជ្រើសរើស​ចិន​ជា​ប្រទេស​ដំបូង​បំផុត​សម្រាប់​ការ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្លួន​មុនពេល​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​ដើម្បី​ជួប​ជាមួយ​លោក ត្រាំ​។ លោក គីម បាន​ទៅ​ជួប​លោក ស៊ី ក្នុង​ខែមីនា​នៅ​ប៉េកាំង និង​ម្តងទៀត​នៅ​ខែឧសភា​នៅ​ក្រុង Dalian​។

​ចំណែក​មេដឹកនាំ​ចិន​ក៏​ព្រម​ទទួល​សំណើរ​ពី​មេដឹកនាំ​កូរ៉េខាងជើង​និង​សន្យា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​គោលដៅ​ដក​ទណ្ឌ​កម្មនេះ​ផង​។ គេ​នៅ​ចាំបាន​ថា កាលពី​ចុង​ឆ្នាំមុន ក្រុង​ប៉េកាំង​ធ្លាប់​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​ឈានទៅ​បន្ធូរបន្ថយ​ទណ្ឌកម្ម​។ លោក ស៊ី ក៏​ធ្លាប់​ប្រកាស​គាំទ្រ​ឆន្ទៈ​កូរ៉េខាងជើង​ក្នុងការ​លះបង់​នុយក្លេអ៊ែរ និង​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ​។ ចិន​នៅចាំ​គាំទ្រ​រាល់​ការកែទម្រង់ និង​បើកចំហរ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ជានិច្ច ប៉ុន្តែ​ចិន​សុំ​ចិត្ត​ឲ្យ​កូរ៉េខាងជើង​បន្ត​ប្រឹក្សា​យោបល់​ជាមួយ​ខ្លួន​បន្តទៀត​រាល់ពេល​ចរចា​ជាមួយ​អាមេរិក​លើ​បញ្ហា​នុយក្លេអ៊ែរ​របស់ខ្លួន​។

​តាមពិតទៅ ចិន​ដែលជា​ខ្នងបង្អែក​ការទូត និង សេដ្ឋកិច្ច គាំទ្រ​ការចរចា​លើ​បញ្ហា​នុយក្លេអ៊ែរ​ប៉ុន្តែ​ក៏​បារម្ភ​ខ្លាំង​ដែរ​ពេលដែល​កូរ៉េខាងជើង​អង្គុយ​ត​ចរចា​ជាមួយ​អាមេរិក​ផ្ទាល់​បែបនេះ​។ ចិន​បារម្ភ​ថា ការ​ងាក​ទៅជិត​គ្នា​ជាមួយ​អាមេរិក​របស់​កូរ៉េខាងជើង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​ផង​៕



© រក្សាសិទ្ធិដោយ thmeythmey.com