អន្តរជាតិ
ក្រុម​រុករក​ក្មេង​នៅ​ថៃ ចូលដល់​ជាង​៩​គីឡូម៉ែត្រ​ក្នុង​រូងភ្នំ​ហើយ ប៉ុន្តែ​មិនទាន់​ឃើញ​តម្រុយ​
02, Jul 2018 , 6:13 pm        
រូបភាព
​ក្រុម​អ្នក​ជួយសង្គ្រោះ​ដែលជា​ទា​ហា​ជើង​ទឹក​ថៃ​នៅ​ថ្ងៃទី​២ ខែកក្កដា​នេះ បាន​បោសសម្អាត​ផ្លូវ​ដើម្បី​ជ្រមុជ​ទឹក​ចូលទៅក្នុង​រូងភ្នំ Tham Luang ដើម្បី​ស្វែងរក​ក្មេងប្រុស​១២​នាក់​រួមទាំង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​១០​ថ្ងៃ​មកហើយ ពោលគឺ​តាំងពី​ថ្ងៃទី​២៣ ខែមិថុនា​មក​។​



​អ្នក​មុជទឹក​មកពី​អង្គភាព​កងទ័ពជើងទឹក​ថៃ​បានធ្វើ​ដំណើរ​ចូលទៅក្នុង​រូងភ្នំ​បាន​រយៈ​ចម្ងាយ​ជាង​៩​គីឡូម៉ែត្រ​ពី​មាត់​រូង​ហើយ ដែល​នេះ​មានន័យថា​ពួកគេ​ស្ថិតនៅ​ចម្ងាយ​តែ ៥០០ ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​នឹង​ទៅដល់​ទីតាំង​ដែល​រំពឹងថា​ជា​កន្លែង​ដែល​ក្រុម​ក្មេងៗ​ទាំងនោះ​បាត់​ខ្លួន និង​អាចជា​ក្តីសង្ឃឹម​ចុងក្រោយ​ក្នុងការ​រុករក​នេះ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រតិបត្តិ​ការណ៍​នេះ​បាន​កើនឡើង​អ្នករុករក​ជាតិ និង​អន្តរជាតិ​រហូតដល់​ជាង​១០០០​នាក់ ដែល​ក្នុងនោះ​រួមមាន​អ្នកជំនាញ​សង្គ្រោះ​ពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ជប៉ុន ចិន រួមទាំង​ប្រទេស​ផ្សេងៗ​ទៀត​។​



​ក្រុម​អ្នករុករក​ទាំងនោះ បាន​ចូលទៅ​ជិត​ដល់​តំបន់​គ្មាន​ទឹក​ដែល​គេ​ឲ្យ​ឈ្មោះថា «Pattaya Beach» ដែល​ពួកគេ​ជឿជាក់ថា​ជាទី​ដែល​មនុស្ស​១៣​នាក់​បាន​បាត់​ខ្លួន​នៅ​ទីនោះ​មិនអាច​ទៅណា​រួច​។

​ក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​របស់​ពួកគេ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែមិថុនា អំឡុងពេល​ចូលទៅក្នុង​រូងភ្នំ Tham Luang Nang Non ដែលមាន​ប្រវែង ១០ គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈាង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​៕

អត្ថបទទាក់ទង



Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com