ជាតិ
សេដ្ឋកិច្ច
កម្ពុជាខាតប្រាក់ជាង ៤០០លានដុល្លារ ដោយសារបញ្ហាទឹកកខ្វក់ចេញពីប្រព័ន្ធលូប្រឡាយ ក្នុងមួយឆ្នាំៗ
× ភ្នំពេញ៖ ការគ្រប់គ្រងប្រព័ន្ធលូប្រឡាយបង្ហូរទឹកមិនទាន់បានល្អ ដែលបង្កជាភាពកខ្វក់ និងធ្វើឲ្យកម្ពុជាខាតបង់ថវិកាប្រមាណ ៤៤៨លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមមន្ត្រីក្រសួងសាធារណការការ ដែលស្រង់របាយការណ៍ពីធនាគារពិភពលោក ។
ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុគម្រោងអភិវឌ្ឍន៍សមត្ថភាព សម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រឡាយលូនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ខែមិថុនា លោក សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បញ្ហាទឹកកខ្វក់ គឺជាបញ្ហាប្រឈមធំបច្ចុប្បន្នក្នុងទីក្រុង ដែលត្រូវដោះស្រាយជាបន្ទាន់។ គម្រោង ដែលត្រូវបានចុះហត្ថលេខានេះ មានរយៈពេល ៤ឆ្នាំ ដោយមានការជួយសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
លោក សួន រចនា បានឲ្យដឹងថា កម្ពុជាខាតបង់ប្រមាណ ៤៤៨លានដុល្លារក្នុងមួយឆ្នាំៗបណ្ដាលពីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់។
រដ្ឋលេខាធិការក្រសួងសាធារណៈការរូបនេះ ចាត់ទុកការពង្រឹងសមត្ថភាពមន្ត្រីជំនាញថ្នាក់ជាតិ និងក្រោមជាតិ ជាករណីចាំបាច់មួយ ដើម្បីធានាដល់ដំណើរការកែលម្អបរិស្ថាន និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ឆ្លើយតបនឹងកំណើនប្រជាជន និងទេសចរ។
លោក ចៅ សុភៈភិបាល ប្រធាននាយកដ្ឋានសំណង់ប្រព័ន្ឋចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា របាយការណ៍ស្រាវជ្រាវពីកម្ពុជាខាតបង់ ៤៤៨លានដុល្លារនេះ ត្រូវបានធនាគារពិភពលោកចេញផ្សាយកាលពីឆ្នាំ២០០៨មកម្លេះ ខណៈការស្រាវជ្រាវថ្មីមួយទៀតនៅឆ្នាំ២០១៥ ក៏មានលទ្ធផលស្រដៀងគ្នានេះដែរ។
ទឹកប្រាក់ខាតបង់នេះ ត្រូវបានប៉ាន់ស្មានទៅលើផលប៉ះពាល់ផ្នែកសុខភាព អនាម័យ ការខាតបង់ដោយសារដើររកប្រភពទឹកដែលនៅឆ្ងាយ រួមទាំងការរំខានដល់ភ្ញៀវទេសចរ ជាដើម។
បញ្ហាស្នូលនៃផលប៉ះពាល់ពីការបញ្ចេញទឹកកខ្វក់នេះ ក៏ព្រោះកម្ពុជាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ។ កម្ពុជាខ្វះប្រព័ន្ធចម្រោះ ខ្វះលូ ហើយទឹកកខ្វក់ត្រូវបានបង្ហូរក្នុងប្រព័ន្ធលូបង្ហូរទឹកភ្លៀងដែរ។ លោក ចៅ សុភៈភិបាល បានប្រាប់ដូច្នេះថា៖«យើងមានប្រើលូបង្ហូរទឹកភ្លៀង តែខ្វះលូដែលញែកទឹកកខ្វក់ចេញពីប្រភពនានា សណ្ឋាគារ រោងចក្រ ជាដើម គឺនៅមិនទាន់មានទេ។ ប៉ុន្តែ JICA បានសិក្សាធ្វើផែនការមេរួចហើយ ដែលនឹងអនុវត្តបន្តិចម្ដងៗ រហូតដល់ឆ្នាំ២០៣៥»៕
© រក្សាសិទ្ធិដោយ thmeythmey.com