ជាតិ
សេដ្ឋកិច្ច
ខេត្តស្វាយរៀង មានសិទ្ធិចេញលិខិតបញ្ជាក់ប្រភពដើមទំនិញ ទម្រង់ D ដើម្បីកុំឲ្យស្ទះការនាំចេញ រូបភាព បានពីក្រសួងពាណិជ្ជកម្ម
× ក្រសួងពាណិជ្ជកម្ម បានផ្តល់សិទ្ធិនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ (CO) ទម្រង់ឌី (D) ដល់តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាយសេង និងសានដុង សាន់សែល នៅក្រុងបាវិត ក្នុងខេត្តស្វាយរៀង ដើម្បីបញ្ចៀសការកកស្ទះនាំទំនិញចេញទៅវៀតណាម និងប្រទេសទីបី។
ការផ្តល់សិទ្ធនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម(CO)ទម្រង់ឌី(D) នេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានលើកឡើងពីការចូលរួមរបស់ក្រសួងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលតាមរយៈការធ្វើប្រតិភូកម្ម (ផ្ទេរមុខងារ និងគ្រប់គ្រង) សិទ្ធិចេញសេវា CO ដល់ថ្នាក់ក្រោមជាតិ។
លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងទៀតថា ខេត្ត៥ ជាប់ព្រំដែននៃប្រទេសកម្ពុជា មានប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងរតនគិរី បានទទួលសិទ្ធចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO)ទម្រង់ឌី(D) ពីក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញពីកម្ពុជាទៅបណ្ដាប្រទេសសមាជិកអាស៊ាន។
ការនាំចេញផលិតផល តាមរយៈ CO ទម្រង់ D ក្នុងឆ្នាំ២០១៧ កន្លងទៅ មានទឹកប្រាក់ ១២១៤ លានដុល្លារអាមេរិក កើនឡើង ៦៦ភាគរយ បើធៀបនឹង ៧២៨ លានដុល្លារនៅឆ្នាំ២០១៦ ៕
© រក្សាសិទ្ធិដោយ thmeythmey.com