ជាតិ
៦​ខែ​ដើមឆ្នាំ​រដ្ឋ​ប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​បាន​ជាង ៦១​លាន​ដុល្លារ​
03, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ ពី​ខែមករា ដល់​ខែ មិថុនា ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ជាង ៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ចំនួន​នេះ​កើនឡើង​ជិត ១៨​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។​



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើ​ការលក់​ប័ណ្ណ ឬ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ចំនួន ១,៣៤៦,៩៦១​នាក់ ដែល​បានមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ  ហើយ​ចំនួន​នេះ​កើនឡើង​ជាង ១០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។ តួលេខ​នេះ បើ​គិត​ជា​ទឹកប្រាក់ រដ្ឋ​រកចំណូលបាន​ពី​ការលក់​សំបុត្រ​មាន​ចំនួន ៦១,៤៧២,៣៤៧ ដុល្លារ​អាមេរិក កើនឡើង​ជិត ១៨​ភាគរយ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ត្រឹម​ខែ មិថុនា ការលក់​ប័ណ្ណ​ទស្សនា​ដល់​ភ្ញៀវទេសចរ​មាន​ចំនួន ១៥០,៧៧៣​នាក់ កើន​ជាង ៧​ភាគរយ គិត​ជា​ទឹកប្រាក់​ស្មើនឹង ៦,៤៧៨,៩៥៦​ដុល្លារ កើនឡើង​ជាង ៣​ភាគរយ​ធៀប​នឹង​ឆ្នាំទៅ​។

​ក្នុង​រយៈពេល​៦​ខែ​នេះ​ដូចគ្នា ទឹកប្រាក់​ចំនួន ២,៧១៣,៩២២​ដុល្លារ ដែល​រកបាន​ពី​ការលក់​ប័ណ្ណ​នេះ ត្រូវបាន​ដកយក​ទៅ​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕


© រក្សាសិទ្ធិដោយ thmeythmey.com