ជាតិ
​អាជ្ញាធរ នឹង​ប្រើ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ក្លែងបន្លំ និង​អ្នក​ចែករំលែក​ព័ត៌មាន​មិន​ពិត ចាប់ពី​ថ្ងៃទី​៥ កក្កដា​
04, Jul 2018 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ចំនួន​៣ បាន​ព្រមាន​ពី​វិធានការ​ច្បាប់ ចំពោះ​អ្នក​ក្លែងបន្លំ​ព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ចែករំលែក​ព័ត៌មាន​មិន​ពិត នាំ​ឲ្យ​ភាពចលាចល​ក្នុងសង្គម​។ បើតាម​អន្តរក្រសួង វិធាន​ច្បាប់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​៥ កក្កដា​ទៅ​។​



​ក្រោយពី​សង្កេតឃើញ​ពលរដ្ឋ​ភាគច្រើន កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ចែករំលែក​ព័ត៌មាន​មិន​ពិត ដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ​ពី​ស្ថានភាព​សង្គម​នោះ អន្តរក្រសួង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ ដោយ​ប្រាប់​ឲ្យ​អ្នកប្រើប្រាស់​ទាំងនោះ មានការ​ប្រុងប្រយ័ត្ន​មុននឹង​ផ្សព្វផ្សាយ​។ បញ្ហា​ដែល​ក្រុមការងារ​អន្តរក្រសួង មើលឃើញ​នោះ គឺ​ពលរដ្ឋ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ទូលំទូលាយ ដោយ​ការប្រើប្រាស់​ជា​វេទិកា​បញ្ចេញមតិ វាយប្រហារ​គ្នា​ទៅវិញទៅមក យ៉ាង​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៅក្នុង​សង្គម​។ ក្រៅពី​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​វេទិកា​វាយប្រហារ​គ្នា​ហើយ ការចែករំលែក​ព័ត៌មាន​មិន​ពិត និង​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។​

​ត្រង់ចំណុច​នេះ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ បាន​និយាយថា ក្រុមការងារ​អន្តរក្រសួង នឹង​ត្រួតពិនិត្យ​លើ​ការផ្សព្វផ្សាយ​នានា របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​ស្ថាប័ន​សារព័ត៌មាន ដែល​ផ្សព្វផ្សាយ​រាល់​ទម្រង់​អត្ថបទ ដល់​សាធារណៈជន​។​

​នៅពេល​សួរថា តើ​ការត្រួតពិនិត្យ​លើ​ទម្រង់​ព័ត៌មាន​នេះ ជាការ​រឹតបន្ដឹង​លើ​ការបញ្ចេញមតិ​ដែរ​ទេ​? លោក ផុស សុវណ្ណ ឆ្លើយតប​ថា ការរៀបចំ​ក្រុមការងារ​គ្រប់​គ្រង់​ព័ត៌មាន​នេះ គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​ការចេញផ្សាយ​ព័ត៌មាន មាន​ភាពត្រឹមត្រូវ​ប៉ុណ្ណោះ ពោល​មិនមែន​ចង់​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​ឡើយ​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត នៅ​ទីស្ដីការក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៤ កក្កដា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មានប្រតិកម្ម​កន្លងទៅ ថា​រដ្ឋាភិបាល​ដាក់​សេចក្តីប្រកាស​នេះ​ទៅ​មាន​គោលបំណង​អ្នកមាន​និន្នាការ​ផ្ទុយ តែ​ធាតុពិត​យើង​មិនមែន​ទេ​។​ព្រោះ​ប្រទេស​យើង​មាន​របប​ច្បាប់​សេរីភាព​សារព័ត៌មាន​ក៏មាន​ចែង និង​នៅក្នុង​រដ្ឋធម្មនុញ្ញ​យើង ក៏មាន​ចែង​ដែរ អំពី​ការធានា​ពី​សេរីភាព​។ តែ​ដូច​ខ្ញុំ​និយាយ​ខាងដើម​ថា យើង​ចង់បាន​របស់​ល្អ ដែល​គង់វង្ស ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​របស់​នោះ ក្នុងទិសដៅ​ផ្ទុយ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​វា​នឹងធ្វើ​សាប​រលាយ​ឯង​។ នៅពេល​យើង​និយាយ​ពី​ព័ត៌មាន​សង្គម គឺ​ទាក់ទង​នឹង​ព័ត៌មាន​ក្លែងក្លាយ ហើយ​ព័ត៌មាន​ក្លែងក្លាយ​គឺ​យើង​ប្រឆាំង​ទាំងអស់គ្នា ទាំង​នៅលើ​សាកលលោក អ្នកណា​ក៏​ប្រឆាំង​ដែរ​។ ព័ត៌មាន​ក្លែងក្លាយ​នេះ មិនមែនជា​រឿង​ល្អ​ពីព្រោះ​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​យើង​ត្រូវការ​ជម្រើស ព័ត៌មាន​ល្អៗ​សម្រាប់​ប្រជាជន​សម្រេចចិត្ត​»​។​

​ប៉ុន្តែ​ចំណុច​ដែល​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​ព្រួយបារម្ភ និង​មាន​ចម្ងល់​នោះ គឺ​ត្រង់​ព័ត៌មាន​បែបណា ដែល​ខាង​រដ្ឋាភិបាល ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងក្លាយ និង​ត្រូវ​ទទួល​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​។ ត្រង់ចំណុច​នេះ​លោក ផុស សុវណ្ណ បាន​ឲ្យ​និយមន័យ​ថា ព័ត៌មាន​មិន​ពិត គឺជា​ព័ត៌មាន​ដែល​គ្មាន​ហេតុការណ៍​អ្វី​កើតឡើង ដូចជា​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​រឿង​ជនជាតិ​វៀតណាម ចាប់​ក្មេង​វះ​យក​សេរី​រា​ង្គ​ជាដើម​។ ព័ត៌មាន​នេះ ត្រូវបាន​លោក ផុស សុវណ្ណ អះអាងថា ជា​រឿង​មិន​ពិត ដែល​បាន​បង្ក​ភាពចលាចល​ក្នុងសង្គម​កន្លងមក​។​

​បន្ថែម​ពីនេះ​លោក ផុស សុវណ្ណ បាន​ពន្យល់ថា រាល់​ព័ត៌មាន ដែល​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ តាមដាន គឺមាន​ការវាយតម្លៃ និង​វិភាគ​ច្បាស់លាស់ លើ​កម្រិត​ព័ត៌មាន​សិន មុននឹង​ប្រើ​វិធានការ​តាមផ្លូវ​ច្បាប់​។​«​ចាប់ពី​ស្អែក​ទៅ​(៥ កក្កដា​) យើង​នឹងមាន​វិធានការ​ខ្លះៗ​ហើយ ។ តាមពិត​យើង​ប្រុងប្រៀប​យូរហើយ តែ​យើង​ទុក​ឱកាស​ធ្វើ​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក្នុងការ​ឆែក​ពិនិត្យ ថា​តើ​ព័ត៌មាន​ប្រភេទ​ណា កម្រិតណា ដែល​យើង​គួរ​ធ្វើ​។ យើង​ចាប់ផ្ដើម​ច្រោះ​ហើយ សួរ​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ថា​តើ​យើង​គួរ​មាន​វិធានការ​ទេ គាត់​មាន​កំហុស​ប៉ិន​ហ្នឹង ដោយ​ការថ្លឹងថ្លែង ។ ក្រសួង​ព័ត៌មាន នឹង​តួ​មុខ​គេ ដើម្បី​ត្រួត​ពិនិត្យមើល ហើយ​មិនទាន់​បញ្ជូន​អ្នកណា​ខុស អ្នកណា​ត្រូវ ប៉ុន្តែ​យើង​មើល​ហើយ​ថ្លឺ​ង​ថ្លែង​ម្ដង​ហើយ​ម្ដងទៀត ពីព្រោះ​យើង​មានច្បាប់​ផង មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផុស សុវណ្ណ​។​

​គួរ​បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង​នេះ មាន​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ។ ការបង្កើត​ក្រុមការងារ​អន្តរក្រសួង​នេះ ក្នុង​គោលបំណង​គ្រប់គ្រង និង​ទប់ស្កាត់​រាល់​ការផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វិ​ដេ​អូ និង​ទម្រង់​ផ្សេងទៀត ដែលមាន​ចេតនា បង្កចលាចល​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ជាដើម​។ ក្រុមការងារ​អន្តរក្រសួង នឹងត្រូវ​ទទួល​ភារកិច្ច​លើ​ផ្នែក​នីមួយៗ នៅក្នុង​កិច្ចការ​ប្រឆាំង​ព័ត៌មាន​មិន​ពិត​នេះ​៕


Tag:
 ​ក្រសួង​ព័ត៌មាន​
  ផុស សុវណ្ណ​
  ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com