ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក ដោយ​ខ្លាច​ខ្មែរ​អត់​ស្គាល់​ទឹកដី​របស់ខ្លួន​
04, Jul 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បង្ហា​ញ​ការប្ដូរ​ផ្ដាច់​របស់ខ្លួន ដើម្បី​ជំរុញ​ចលនា​ដើរ​កម្សាន្ត​របស់​ពលរ​ដ្ឋ​ខ្មែរ​តាម​តំបន់​ទេសចរណ៍​ក្នុងប្រទេស​។



​នៅក្នុង​កិច្ចប្រជុំ​អំពី​ការរៀបចំ​ពិព័រណ៍​ទេសចរ​ជាតិ​លើក​ទី​១ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញ​ការតាំង​ចិត្ត​ជំរុញ​ចលនា​ដើរ​កម្សាន្ត ទៅកាន់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជ្រួតជ្រាប​ពី​ទឹកដី​ភូមិសាស្ត្រ​នៃ​ប្រទេសជាតិ​ខ្លួន​។ 

«​យើង​ចង់​ជំរុញ​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​ពី​ទឹកដី វប្បធម៌​របស់ខ្លួន និង​ការអភិវឌ្ឍន៍​។ ជួនកាល​ពួកគាត់​បានលឺ តែ​មិនបាន​ឃើញនឹងភ្នែក​រប​ស់​ខ្លួន​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ថោង ខុន នៅក្នុង​កិច្ចប្រជុំ​ខាងលើ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៣​ខែកក្កដា​នេះ​។



​លោក ថោង ខុន បន្ថែមថា លោក​ចង់​ឲ្យ​ប្រជាជន​បាន​ស្គាល់ មិនមែន​ត្រឹមតែ​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​តែ​បានឃើញ​កន្លែង​ដាំ​ដុះ ការផលិត​នូវ​ផលិតផល​របស់​ភូមិសាស្ត្រ​នីមួយៗ​ផងដែរ​។ ឧទាហរណ៍ ម្រេច​កំពត ស្រែអំបិល រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ត​ម្បា​ញ​ជាដើម​។​

​ការជំរុញ​ចលនា​ទេសចរ​នេះ គឺ​ក្រសួង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្គាល់​គោលដៅ​ទេសចរណ៍​ឲ្យ​កាន់តែច្រើន មិនមែន​ត្រឹមតែ​តំបន់​ល្បីៗ ដូចជា អង្គរវត្ត ឆ្នេរ​នៅ​ក្រុងព្រះសីហនុ កែប ប៉ុណ្ណឹង​នោះទេ​។ ហើយ​ការ​បំផុស​ចលនា​ទេសចរណ៍​នេះ មិនមែន​សំដៅ​តែ​សម្រាប់​អ្នកមាន​ធនធាន​ច្រើន​នោះទេ តែ​សិស្ស​និស្សិត កម្មករ ក៏​ជា​គោលដៅ​ក្នុង​ចលនា​ដើរ​កម្សាន្ត​នេះដែរ​។​

​ទោះយ៉ាងណា លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ទទួលស្គាល់ថា នៅមាន​ភាពខ្វះខាត​ក្នុងការ​រៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន និង​កញ្ចប់​ទេសចរណ៍​សម្រាប់​ពលរដ្ឋ​ទូទៅ តែ​លោក​អះអាងថា​នឹង​បន្ត​ជំរុញ​កិច្ចការ​នេះ​បន្ថែមទៀត​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​ប្រជាន​ជន​មាន​លុយ​ចាយ ហេតុអ្វី​ធ្វើ​សេវា​ល្អ​ឲ្យ​គាត់​អត់​បាន​។ ដូចនេះ​យើង​ត្រូវ​រៀបចំ​គោលដៅ​ទេសចរណ៍​ឲ្យ​បានល្អ និង​មាន​ភាព​ទាក់ទាញ​»​។



​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ ឲ្យ​ដឹងថា ក្រសួង​នឹង​រៀបចំ​គោលនយោបាយ​ជំរុញ​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក នាពេល​ខាងមុខនេះ​។ «​យើង​ចង់​ធ្វើ​កិច្ចការ​នេះ ព្រោះ​ប្រជាជនមាន​ចំណូល​ច្រើនជាង​មុន ត្រូវ​ការដើរ​កម្សាន្ត​ច្រើន​។ ហើយ​យើង​ចង់​ឲ្យ​ពលរដ្ឋ​ស្គាល់​ទឹកដី​របស់ខ្លួន ដែល​នឹងធ្វើ​ឲ្យ​ពួកគាត់​មាន​មោទកភាព និង​ស្រលាញ់​អ្វី​ដែលជា​របស់​ជាតិ​»​។

​លោក ថោង ខុន មើលឃើញ​ទេសចរ​ក្នុងស្រុក​មាន​សក្ដានុពល​ខ្ពស់ ដោយ​ផ្អែកលើ​ចំនួន និង​ការចាយវាយ ដែល​នឹង​ហុច​ផល​ដល់​សហគមន៍​តាម​មូលដ្ឋាន​នៃ​ទីតាំង​ទេសចរណ៍​។ លោក​និយាយថា ចលនា​ទេសចរណ៍​ក្នុងស្រុក នឹង​ជា​ចលករ​នាំ​ទេសចរណ៍​អន្តរជាតិ​ផងដែរ​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​ឲ្យ​តែ​យើង​រៀប​គោលដៅ​ទេសចរណ៍ សេវា​ទេសចរណ៍​បានល្អ មាន​ពលរដ្ឋ​ខ្មែរ​ដើរលេង​ច្រើន នោះ​ទេសចរ​បរទេស​ក៏​ចូលមក​ប្រទេស​យើង​កាន់តែច្រើន​ដែរ​»​។​

​បើតាម​តួលេខ​ដែល​លើកឡើង​ដោយ​លោក ថោង ខុន ទេសចរ​ក្នុងស្រុក​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ១០​លាន​និង​៨​សែន​នាក់ (​សំដៅចំ​នួន​លើក​នៃ​ការដើរ​កម្សាន្ត​)៕






Tag:
 ទេសចរណ៍​
 ​ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com