ជាតិ
បោះឆ្នោត
បើ​មិន​ចង់​រង​ទណ្ឌកម្ម សម្តេច ស ខេង ហាម​មន្ត្រី​យក​តួនាទី និង​សម្ភារ​រដ្ឋ​បម្រើ​ឲ្យ​ការឃោសនាបោះឆ្នោត​
04, Jul 2018 , 8:59 pm        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត ThmeyThmey
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត ThmeyThmey
ដោយ:
​ភ្នំពេញ​៖ មិន​ខុសពី​លើក​មុនៗ​ឡើយ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បញ្ជា​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់​ចៀសឱ្យផុត​ពី​ការប្រើប្រាស​តួនាទី ពេលវេលា និង​សម្ភារ​របស់​រដ្ឋ​បម្រើឱ្យ​ការឃោសនាបោះឆ្នោត​។ សម្រាប់​ការបោះឆ្នោត​អណ​ត្តិ​ទី​៦​ខាងមុខនេះ ការឃោសនា​នឹង​ប្រព្រឹត្ត​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី ថ្ងៃទី​៧ ខែកក្កដា ខណៈ​ការបោះឆ្នោត​ដំណើរការ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​



«​មន្ត្រីរាជការ​ស៊ីវិល ត្រូវមាន​អ​ព្យា​ក្រឹត្យ​ភាព​ក្នុង​សកម្មភាព​បំពេញការងារ​របស់ខ្លួន​ស្របតាម​មាត្រា​៣៧ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​កម្ពុជា និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ តាម​មាត្រា ៨២ និង​មាត្រា​៨៣»​។ នេះ​ជាការ​ក្រើនរំលឹក​របស់​សម្តេច ស ខេង​។​

​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល តម្រូវឱ្យ​រាជការ​មាន​អ​ព្យា​ក្រឹត្យ​ភាព​ក្នុង​សកម្មភាព​បំពេញការងារ ដោយ​ហាម​ដាច់ខាត​នូវ​ការប្រើប្រាស់​មុខងារ​រប​ស់​ខ្លួន និង​សម្ភារ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ រាល់​និន្នាការ​។ ការប្រព្រឹត្ត​ផ្ទុយ​ពីនេះ ត្រូវបាន​ចាត់ទុកថា​ជា​កំហុស និង​ជាការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​។​

​តាម​មាត្រា​៣៩​នៃ​ច្បាប់​ខាងលើ អ្នកប្រព្រឹត្ត​កំហុស នឹងត្រូវ​រង​ទណ្ឌកម្ម​ខាង​វិន័យ តាមរយៈ​ការស្តីបន្ទោស ស្តីបន្ទោស​ដោយមាន​ចំណារ​ក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន ផ្លាស់​ដោយ​បង្ខំ​តាម​វិធានការ​វិន័យ លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរ​ស័​ក្កិ ឬ​ថ្នាក់ សម្រាប់​ទណ្ឌកម្ម​ថ្នាក់​ទី​១​។​

​ចំពោះ​ករណី​ធ្ងន់ធ្ងរ​ខ្លាំង មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសត្រូវ​រង​នូវ​ទណ្ឌកម្ម​ថ្នាក់​ទី​២ ដែល​រួមមាន ការស្ដីបន្ទោស​ជា​ទម្ងន់​ដែល​ឈានដល់​ការ​លុប​ចេញពី​តារាង​ឡើងស័ក្ក ឬ​ថ្នាក់​ប្រសិនជា​មានឈ្មោះ​ហើយ ការដាក់​ឱ្យនៅ​ទំនេរ​គ្មាន​បៀវត្ស ការបន្ថយ​ឋានន្តរ​ស័ក្ក ឬ​ថ្នាក់ ឬ​ច្រើន​ថ្នាក់ ការដាក់​ឱ្យចូល​និ​វត្ដ​ន៍​មុន​កំណត់ ឬ​បញ្ឈប់​ពី​ការ​ដោយ​បង្ខំ ការបណ្ដេញចេញ​ពីមុខ​ដំណែង​រាជការ​ជាដើម​។​

​ដោយឡែក មាត្រា​៨៣ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​ចែងថា មន្ត្រី​គ្រប់លំដាប់​ថ្នាក់ មិនត្រូវ ប្រើ​ឥទ្ធិពល អំណាច​តួនាទី​របស់ខ្លួន​ដោយ​ប្រយោល ឬ​ចំពោះ​ទៅលើ​ដំណើរការ​បោះឆ្នោត ដូចជា​ការនិយាយ​ដោយផ្ទាល់ ឬ​ប្រយោល ជា​លាយលក្ខណ៍អក្សរ ដែល​មានន័យ​គំរាមកំហែង​ដល់​អាយុជីវិត រូបរាងកាយ ឬ​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ការដាក់​បង្ហាញ ឬ​ប្រើប្រាស់​នូវ​គ្រឿង​សព្វាវុធ ដើម្បី​បំភ័យ​។

​ការប្រើប្រាស់​អាគារ ឬ​ការិយាល័យ​របស់​រដ្ឋ ដើម្បី​ឃោសនាបោះឆ្នោត​ស្វែងរក​សំឡេងឆ្នោត​ឱ្យ​គណបក្សនយោបាយ ឬ​បេក្ខជន​ណាមួយ ក៏ត្រូវ​ហាមឃាត់​ផងដែរ ហើយ​ការចូលរួម​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ អាចធ្វើ​ទៅបាន​បន្ទាប់ពី​បញ្ចប់​ម៉ោង​ធ្វើការ ឬ​ស្ថិត​នៅក្រៅ​ម៉ោង​ធ្វើការ ឬ​មិន​ស្ថិតនៅ​ក្នុងពេល​បំពេញការងារ​ក្នុង​សមត្ថភាព​ផ្លូវការ ប៉ុន្តែ​មិនត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន ឬ​មាន​អាវុធ​ជាប់​នឹង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំឱ្យមាន​ការគំរាមកំហែង​ឡើយ​៕


Tag:
 ​បោះឆ្នោត​
 ​ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com