ជាតិ
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស ដាក់​ញត្តិ​ស្នើ​ទៅ​ប្រធានាធិបតី​ស្វី​ស កុំ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា
04, Jul 2018 , 5:52 pm        
រូបភាព
រូបពី Xinhua
រូបពី Xinhua
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​ស្វី​ស បាននាំគ្នា​ដាក់​ញត្តិ​ទៅ​ប្រធានាធិបតី​សហព័ន្ធ​ស្វី​ស លោក Alain BERSET ស្នើសុំ​កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​ណាមួយ​មក​លើ​ប្រទេស​កម្ពុជា​។ ការស្នើ​របស់​ពលរដ្ឋ​ខ្មែរ​នេះ ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា កំពុង​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជាមួយសហភាពអឺរ៉ុប​។​



​លិខិត​របស់​ពលរដ្ឋ ដែល​បានដាក់​ទៅ​រដ្ឋាភិបាល​ស្វី​ស បាន​រំឭក​ពី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ចាប់តាំងពី​កម្ពុជា បាន​ងើប​រួច​ពី​ភ្លើងសង្គ្រាម​មក រហូតដល់​មាន​កំណើនសេដ្ឋកិច្ច​៧​ភាគរយ​ក្នុង​មួយឆ្នាំ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។ តាមរយៈ​សន្ទុះ​នៃ​ការអភិវឌ្ឍ​កម្ពុជា​នេះ ប្រជាពលរដ្ឋ​ខ្មែរ ដែល​គាំទ្រ​ការដឹកនាំ​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​សហព័ន្ធ​ស្វី​ស កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​ណាមួយ រួមទាំង​ទណ្ឌកម្មសេដ្ឋកិច្ច ឬ​ការគាំទ្រ​ដល់​សកម្មភាព និង​ចំណាត់ការ​ទណ្ឌកម្ម ដែល​ចាប់ផ្ដើម​ដោយ​បណ្ដា​ប្រទេស​នានា ។ ជាពិសេសសកម្មភាពសម្ព័ន្ធមិត្ត​ដៃគូ​អាជីវកម្ម ឬ​ក្រុម​ដទៃទៀត ដែល​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែលនាំឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​។​

​លិខិត​របស់​ពលរដ្ឋ​ខ្មែរ ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រទេស​ស្វី​សនឹង​បន្ត​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​របស់​កម្ពុជា ចាប់ពី​ពេលដែល​កម្ពុជា​បាន​ចេញពី​ឆ្នាំ​សូន្យ និង​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ រហូត​នៅត្រឹម​១៣,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៤​។ ប្រទេស​កម្ពុជា នឹង​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រសិនបើ​ការដាក់ទណ្ឌកម្ម​ត្រូវធ្វើឡើង​ដោយ​សហព័ន្ធ​ស្វី​ស ។ គ្មានអ្វី​ដែល​គួរ​ឲ្យ​សង្ស័យ ដែល​អ្នករងគ្រោះ​ជាងគេ គឺ​ប្រជាជន​កម្ពុជា ដែលមាន​ប្រាក់ចំណូល​ទាប និង​ប្រជាជន​ងាយ​រងគ្រោះ​ផ្សេងទៀត ជាពិសេស​កម្មករ និង​កសិករ​។ ការធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​កម្ពុជា​ឆ្ពោះទៅកាន់​ភាពក្រីក្រ​ទាំងស្រុង ដែល​ផ្ទុយ​នឹង​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​របស់​អង្គការសហប្រជាជាតិ​»​។​

​ពលរដ្ឋ​ខ្មែរ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្វី​ស គិតគូរ​ពី​ផលវិបាក​រយៈពេល​វែង និង​ចៀសវាង​ការនាំ​ប្រទេស​កម្ពុជា ត្រឡប់​ទៅកាន់​សង្គ្រាមស៊ីវិល​ជាថ្មី​។​

អត្ថបទទាក់ទង


​កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជូន​បេសកជន​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arm )​កម្ពុជា ដែល​កំពុង​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​មាន​បញ្ហា​របស់​សហភាព​អឺរ៉ុប​។​

​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ជា​អ្នកទទួល​ភារកិច្ច​បញ្ចុះបញ្ចូល​និង​ទប់ស្កាត់​វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​» (Everything But Arms-EBAs) ពី​ប្រទេស​កម្ពុជា​។ ភារកិច្ច​ដែល​បេសកជន​កម្ពុជា ត្រូវ​ដោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​នោះ គឺមាន​រយៈពេល​ពីថ្ងៃ​ទី​១៨​មិថុនា ដល់​ខែ​១ វិច្ចិកា​ខាងមុខ ។​

​គោលបំណង​ដែល​លោក សុក ស៊ីផាន់ណា ត្រៀម​បំភ្លឺ​ជូន​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ផ្សេងទៀត អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​។ ខ្លឹមសារ​ដែល​កម្ពុជា គ្រោង​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប មាន​ចំនួន​១០​ចំណុច​ជាអាទិ៍ សម្រាប់​ការបកស្រាយ និង​បន្ទន់ចិត្ត​សហភាព​អឺរ៉ុប ឲ្យ​ងាក​មក​ដោះស្រាយ​ជាមួយ​កម្ពុជា​ដោយ​ការយោគយល់​វិញ​៕


Tag:
 កម្ពុជា​
  ស្វី​ស​
  សេដ្ឋកិច្ច​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com