ជាតិ
បោះឆ្នោត
ចិន នៅតែរក្សាជំហរគាំទ្រការបោះឆ្នោតនៅកម្ពុជា រូបពីក្រសួងការបរទេសកម្ពុជា
× ភ្នំពេញ៖ តំណាងរដ្ឋាភិបាលចិន លោក Hu Zhengyue បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងបានបង្ហាញពីជំហររបស់ចិន ក្នុងការគាំទ្រកិច្ចការបោះឆ្នោតរបស់កម្ពុជា ដែលនឹងមកដល់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដានេះ។
អនុប្រធានសមាគមការទូតសាធារណៈ និងជាអតីតអនុរដ្ឋមន្ត្រីការបរទេសចិន លោក Hu Zhengyue បានបង្ហាញពីជំហររបស់រដ្ឋាភិបាលចិន ដែលគាំទ្រយ៉ាងពេញលេញចំពោះការបោះឆ្នោតនៅប្រទេសកម្ពុជា នាពេលខាងមុខ។ ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម រវាងលោក Hu Zhengyue និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។
ក្រៅពីការគាំទ្រចំពោះការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា អនុប្រធានសមាគមការទូតសាធារណៈ របស់ចិនរូបនេះក៏បានសរសើរចំពោះការរីកចម្រើន ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ លោក Hu Zhengyue មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មិនតែប៉ុណ្ណោះ អតីតអនុរដ្ឋមន្ត្រីការបរទេសចិនខាងលើ ថែមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងការលើកស្ទួយទំនាក់ទំនងអាស៊ាន-ចិន និងទំនាក់ទំនងរវាងបណ្ដាប្រទេសមេគង្គជាមួយចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
យ៉ាងណាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់នៅក្នុងជំនួបនោះថា គណៈប្រតិភូថាកម្ពុជា បានផ្ដល់អាទិភាពសំខាន់លើការរក្សាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់លើការគាំទ្ររបស់ចិន ចំពោះការចាត់វិធានការតាមផ្លូវច្បាប់ របស់កម្ពុជាដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com