កីឡាជាតិ
ជាតិ
AFF U19៖ ការ​ចាញ់​ម៉ាឡេស៊ី​មានន័យថា កម្ពុជា​នៅតែ​មិនអាច​កែប្រែ​ប្រវត្តិសាស្ត្រ​ជាង​១០​ឆ្នាំមុន​
05, Jul 2018 , 10:59 am        
រូបភាព
សកម្មភាពប្រកួតកម្ពុជាចាញ់ម៉ាឡេស៊ី ២-០, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សកម្មភាពប្រកួតកម្ពុជាចាញ់ម៉ាឡេស៊ី ២-០, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា បាន​បរាជ័យ​ក្នុង​លទ្ធផល ២-០ ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី នា​ការប្រកួត​លើក​ទី​២​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship 2018 នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​៤ ខែកក្កដា​។ លទ្ធផល​នេះ បញ្ជាក់​ឲ្យ​ឃើញថា កម្ពុជា​នៅតែ​មិនអាច​កែប្រែ​ប្រវត្តិសាស្ត្រ​កាលពី​ជាង​១០​ឆ្នាំមុន​របស់ខ្លួន​ដដែល​។ សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ពុធ​នោះដែរ ក្រុមទី​ម័​រ​ខាងកើត​បាន​យកឈ្នះ​ព្រុយ​ណេ ១-០ ដើម្បី​ឡើងឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​។



​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា នៅតែ​មិនអាច​កែប្រែ​ប្រវត្តិសាស្ត្រ​ជាង​១០​ឆ្នាំមុន​ដដែល បន្ទាប់ពី​ពួកគេ​បន្ត​ចាញ់​ម៉ាឡេស៊ី ២-០ នា​ការប្រកួត​ជើង​ទី​២​នៃ​ព្រឹត្តិការណ៍ AFF U19 Championship 2018 កាលពី​ថ្ងៃទី​៤ កក្កដា នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី​។ សម្រាប់​ការជួបគ្នា​លើកដំបូង​កាលពី​ជាង​១០​ឆ្នាំមុន​លើទឹក​ដី​មី​យ៉ាន់​ម៉ា ពោលគឺ​ឆ្នាំ​២០០៣ កម្ពុជា​ប្រកួត​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-០ មុន​ស្មើ ០-០ នៅ​ឆ្នាំ​២០១១ និង​ចាញ់ ២-០ នៅ​ឆ្នាំ​២០១៧​។​

​ការបរាជ័យ​ក្នុងជំនួប​លើក​ទី​២​នេះ ទាមទារ​ឲ្យ​ក្រុម U19 កម្ពុជា ត្រូវយក​ឈ្នះ​ពីរ​ប្រកួត​ដែល​នៅសល់ ដើម្បី​ប្រជែង​ដណ្តើម​កៅអី​នៅ​វគ្គ​បន្ត​។ U19 កម្ពុជា​ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា សម្រាប់​ជំនួប​ទី​៣​នៅ​ថ្ងៃទី​៦ ខែកក្កដា មុន​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១០ ខែកក្កដា នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium ដូចគ្នា​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​លេខ​រៀង​ទី​២​មាន​៣​ពិន្ទុ​។​

​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​ពុធ​នោះដែរ U19 ទី​ម័​រ​ខាងកើត បាន​យកឈ្នះ​ក្រុម​ព្រុយ​ណេ​ក្នុង​លទ្ធផល ១-០ ដើម្បី​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ជាមួយ​៤​ពិន្ទុ​។ សម្រាប់​ជំនួប​បន្ទាប់ ទី​ម័​រ​ខាងកើត ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី​នា​ថ្ងៃទី​៨ កក្កដា មុន​ប៉ះ​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែកក្កដា​៕        


Tag:
 AFF U19
  U19 កម្ពុជា​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com