កីឡាអន្តរជាតិ
អន្តរជាតិ
Real ពិចារណា​សំណើ Juventus លើ​តម្លៃ​ខ្លួន ១១៦​លាន​ដុល្លារ របស់ Ronaldo
05, Jul 2018 , 8:19 pm        
រូបភាព
ក្លិប Real Madrid កំពុង​ពិចារណា​លើ​ការផ្តល់ជូន​ទឹកប្រាក់​ប្រមាណ ៨៨​លាន​ផោន (១១៦​លាន​ដុល្លារ​) ពី​ក្លិប Juventus សម្រាប់​តម្លៃ​ខ្លួន​ខ្សែប្រយុទ្ធ Cristiano Ronaldo​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។



​កីឡា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣៣ ឆ្នាំ​រូបនេះ​គឺជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បំផុត​រហូតដល់ ៤៥១​គ្រាប់ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​អេ​ស្ប៉ា​ញ​។​
​តែ​ទោះជា​យ៉ាងណា ដោយសារ​អាយុ​របស់​អត​តី​សមាជិក Manchester United ឈានដល់​វ័យ​ជ្រេ​បន្តិច​ទៅហើយ និង​ស្របពេល​តម្រូវការ​រប​ស់​ក្រុម​រហស្សនាម​ស្តេច​ស​ក្នុងការ​ផ្លាស់ប្តូរ​ទម្រង់​លេង​ថ្មី ដ្បិត​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​តាម​ពីក្រោយ Barcelona ដែលជា​ម្ចាស់​ជើងឯក La Liga រហូត​១៧​ពិន្ទុ​កាលពី​រដូវ​កាល​មុន​។​

​មូលហេតុ​នេះហើយ​ទើប​ជំរុញ​ឲ្យ​ក្រុម​រហស្សនាម​សេះបង្កង់​ហ៊ាន​ដាក់​តម្លៃ​ខ្ពស់​ដើម្បី​យក Ronaldo ទៅកាន់​ទឹកដី​អ៊ីតាលី​។​

Ronaldo បានឈ្នះ​ពានរង្វាន់ UEFA Champions League ជា​លើក​ទី ៥ ដោយ​ក្នុងនោះ​៤​លើកចុងក្រោយ​រូបគេ​ឈ្នះ​ជាមួយ​ក្រុម Real Madrid តាំងពី​ផ្ទេ​មកពី Old Trafford ទៅ​ទឹកដី​អេ​ស្ប៉ា​ញ​។​

​ក្រោយ​ការទទួល​ជ័យជម្នះ​លើ Liverpool នៅ​ទីក្រុង Kiev តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ លោក Zinedine Zidane បាន​ចាក​ចេញពី​តំណែង​ហើយ​ត្រូវបាន​ជំនួស​ដោយ​លោក Julen Lopetegui អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។​

​បន្ទាប់ពី​ការចាកចេញ​របស់​គ្រូ​សញ្ជាតិ​បារាំង អនាគត​របស់​ម្ចាស់​ពានរង្វាន់ Ballon d'Or ៥​សម័យ​បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​។ មួយវិញទៀត ទំនាក់ទំនង​រវាង Ronaldo ជាមួយ​ប្រធាន​ក្លិប​លោក Florentino Perez ក៏ត្រូវ​បាន​គេ​ចោទសួរ​ផងដែរ ក្រោយ​មាន​ដំណឹង​លេច​លឺថា​ពួកគេ​ចង់បាន Neymar ឬ Kylian Mbappe មកកាន់​ទឹកដី Bernabéu នៅ​រដូវ​កាល​ក្រោយ​។​

​ប្រសិនបើ​សំណើ​តម្លៃ​របស់ Juventus ដាក់​ទៅ Real ដំណើរការ​ដោយបាន​ជោគជ័យ​មែន​នោះ មានន័យថា​តម្លៃ​ផ្ទេរ​ជា​កំណត់ត្រា​របស់​ម្ចាស់​ជើងឯក​អ៊ីតាលី Series A ដែល​ចំណាយ​លើ​ខ្សែប្រយុទ្ធ Gonzalo Higuain កាលពី​ឆ្នាំ​២០១៦ ក្នុងតម្លៃ ១០៤​លាន​ដុល្លារ នឹងត្រូវ​បំបែក​ដោយ Ronaldo៕


Tag:
 បាល់ទាត់​
  Real Madrid
  Cristiano Ronaldo
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com