ជាតិ
សេដ្ឋកិច្ច
បន្ទាប់ពីបាត់ដំបង ឃ្លាំងស្តុក និងឡសម្ងួត នៅកំពង់ធំមួយទៀត ដាក់ឲ្យប្រើប្រាស់
× កំពង់ធំ៖ ក្រុមហ៊ុន Amru Rice បានសម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅខេត្តកំពង់ធំ បន្ទាប់ពីឃ្លាំងស្តុកខ្នាតធំរបស់ធនាគារស្រូវក្នុងខេត្តបាត់ដំបង ទើបត្រូវបានដាក់ឲ្យដំណើរការក្នុងខែកក្កដាដូចគ្នានេះផងដែរ។ ឃ្លាំងស្តុកនេះអាចស្តុកស្រូវចំណុះ ៥ម៉ឺនតោន និងឡសម្ងួតសមត្ថភាព ១៥០០តោនក្នុងមួយថ្ងៃ។ ឃ្លាំងស្តុកមួយនេះ នឹងទទួលលំហូរស្រូវក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងខេត្តកំពង់ចាម។
ឃ្លាំងស្តុកខេត្តកំពង់ធំ ដែលទើបដាក់ប្រើប្រាស់នេះ ស្ថិតក្នុងគម្រោងកសាងឃ្លាំង និងឡសម្ងួតចំនួន ៤ខេត្តរួមមាន បាត់ដំបង កំពង់ធំ តាកែវ និងខេត្តព្រៃវែង ដែលរដ្ឋាភិបាលជាអ្នកផ្ដល់ឥណទាន។ គម្រោងឃ្លាំងស្តុកខ្នាតធំចំណុះ ២០ម៉ឺនតោនក្នុងខេត្តបាត់ដំបង ប្រើទុន ១៥លានដុល្លារ រី ឯគម្រោងនៅខេត្តបីផ្សេងទៀត ប្រើទុន ៥លានដុល្លារក្នុងមួយទីតាំង។ ហើយឃ្លាំងស្តុក និងឡសម្ងួតទាំងនេះ ត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់រដូវប្រមូលផលស្រូវ ចាប់ពីឆ្នាំនេះតទៅ។
រដ្ឋាភិបាលអះអាងថាការទម្លាក់ទុនកសាងឃ្លាំងស្តុក និងឡសម្ងួត ដែលជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្រូវអង្ករដ៏ចាំបាច់ នឹងចូលរួមដោះស្រាយបញ្ហាស្រូវអង្កររបស់កសិករ បញ្ចៀសបញ្ហាស្រូវចាល់ លក់បានថោក និងដើម្បីពង្រីកការនាំចេញអង្ករ។ ជាមួយគ្នានេះ រដ្ឋាភិបាល កន្លងមក បានទម្លាក់កញ្ចប់ថវិកាដល់រោងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីកសិករ ហើយនឹងមានការបញ្ចេញថវិកានេះបន្តទៀត បើរដ្ឋាភិបាលមើឃើញថាចាំបាច់ដល់ការសង្គ្រោះវិស័យនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com