អន្តរជាតិ
កុមារ​ថៃ​ដែល​ជាប់​ក្នុង​រូងភ្នំ សាកសួរ​ពី​លទ្ធផល​ប្រកួត World Cup នៅ​រុស្ស៊ី​
06, Jul 2018 , 4:32 pm        
រូបភាព
​ក្មេងប្រុស​ថៃ ១២ នាក់​រួមជាមួយ​គ្រូបង្វឹក​កីឡាបាល់ទាត់​របស់​ពួកគេ​ម្នាក់ទៀត​កំពុងស្ថិត​ក្នុង​រូងភ្នំ Tham Luang នៅឡើយ​ទេ បើទោះបី​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​ពួកគេ​តាំងពី​យប់​ថ្ងៃទី​២ ខែកក្កដា​មក​។ ពួកគេ​ត្រូវបាន​គេ​រាយការណ៍​ថា​ស្ថិតនៅ​ទី​សុវត្ថិភាព និង​មាន​សុខភាព​ល្អ ហើយ​កំពុង​ទទួល​ការ​បំប៉ន​ដោយ​ចំនីអាហារ​ប៉ូវ​កំលាំង និង​បង្រៀន​ឲ្យ​ចេះ​មុជទឹក​ជ្រៅ​ដើម្បី​ហែល​ឆ្លង​ចេញមក​ខាងក្រៅ​រូងភ្នំ​វិញ​។​



​មនុស្ស​ ​១៣​នាក់​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​នៅក្នុង​រូងភ្នំ Tham Luang ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈាង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។ វីដេអូ​មួយ​បានបង្ហាញ​ដោយ​ទាហាន​ថៃ​ក្រោយពេល​អ្នករុករក​ជន​ជាតិ​អង់គ្លេស​បាន​រកឃើញ​ជ​ន​រងគ្រោះ​ទាំងអស់នោះ​ជាមួយនឹង​ស្នាមញញឹម​របស់​ពួកគេ​ពី​ក្នុង​រូងភ្នំ​។​

​ក្នុង​ហេតុ​ការណ៍បាត់​ខ្លួន​នេះ គឺ​ស្របពេល​ពិភពលោក​ទាំងមូល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ដែរ​។ ទន្ទឹមនឹងនេះ សារព័ត៌មាន​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ដកស្រង់​សម្តី​ទាហានជើងទឹក​ថៃ​ថា ក្មេងៗ​ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ​បាន​សួរ​សំណួរ​ពួកគេ​ថា​តើ​លទ្ធផល​ប្រកួត World Cup 2018 នៅ​រុស្ស៊ី​ដល់​ណា​ហើយ​។​

​មិន​ត្រឹមតែ​សួរ​ក្រុម​ទាហាន​នោះទេ នៅពេល​ឆ្លើយឆ្លង​សម្តី​តាមរយៈ​ទូរ​សព្ទ ដោយ​អាច​មើលគ្នា​តាម​វីដេអូ​បាន​នោះ ក្មេងៗ​ដែល​ស្ថិតក្នុង​រូងភ្នំ​នៅឡើយ នៅតែ​មិន​ភ្លេច​សួរ​សំនួរ​ពី​ការប្រកួត​បាល់ទាត់​ពិភពលោក​ទៅកាន់​ឪពុកម្តាយ​របស់​ពួកគេ​ថា​ក្រុម​ណា​ឈ្នះ ក្រុម​ណា​ចាញ់​ដែរ​។​

​ទាំងនេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញថា​នៅក្នុង​អារម្មណ៍​របស់​ក្មេងៗ​បើទោះជា​ពួកគេ​ស្ថិតក្នុង​គ្រោះថ្នាក់​ក៏ដោយ តែ​ពួកគេ​នៅតែ​ផ្តោត​ខ្លាំង​លើ​ការប្រកួត​បាល់ទាត់​ពិភពលោក​ដែរ​។​

​ជុំវិញ​ករណី​បាត់​ខ្លួន​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​អបអរ​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា​ក្មេងៗ​ដែល​បាត់​ខ្លួន​ត្រូវបាន​រកឃើញ​វិញ​និង​មានជីវិត​ទាំងអស់គ្នា​។ ស្ថាប័ន​គ្រប់គ្រង​កីឡា​ពិភពលោក​នេះ​បន្ថែមថា ពួកគេ​សង្ឃឹមថា​ក្រុម​សង្គ្រោះ​នឹង​ជួយ​ក្មេង​ទាំងនោះ​ចេញពី​រ៉ូង​ភ្នំ​ដោយ​សុវត្ថិភាព​ឲ្យ​បាន​ឆាប់​ដើម្បី​ជួបជុំ​គ្រួសារ​ពួកគេ​វិញ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com