កីឡាអន្តរជាតិ
អន្តរជាតិ
ការធ្វើ​ពុត​ជា​ដួល​របស់ Neymar នា​ការប្រកួត​កន្លងមក ស៊ីម៉ោង​សរុប​អស់​១៤​នាទី
06, Jul 2018 , 7:39 pm        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បានទទួល​ការរិះគន់​ជាច្រើន​ពី​សំណាក់​កីឡាករ​និង​គ្រូបង្វឹក អំពី​សកម្មភាព​រំអួយ​ក្នុង​ទីលាន នៅក្នុង​ការប្រកួត​ពាន​រង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018​។ យោងតាម RTS Sport ដោយ​ពឹង​ផ្អែកលើ​ការសិក្សា​របស់​ទូរទស្សន៍​ស្វី​ស តារា​ស៊ុត​របស់ PSG រូបនេះ ស៊ីម៉ោង​អស់​១៤​នាទី​ពី​ការធ្វើ​ពុត​ដួល​នៅ​គ្រប់ការ​ប្រកួត​កន្លងមក​។



​សកម្មភាព​ដួល​នៅលើ​ទីលាន​ដែល​លេចធ្លោ​បំផុត​របស់​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ត្រូវបាន​កត់សម្គាល់​ចំនួន​ពីរលើក​។ លើកដំបូង​ក្នុង​ចំនួប​រវាង​ប្រេ​ស៊ី​ល​ទល់នឹង​ស្វី​ស​ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​។ Neymar បាន​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ​របស់​ស្វី​ស​ដែល​មើលទៅ​មិនជា​ធ្ងន់ធ្ងរ​ទេ តែ​រូបគេ​ដួល​រមៀល​ខ្លួន​បួន​ប្រាំ​ជុំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ សកម្មភាព​រំអួយ​បែបនេះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យកទៅ​ធ្វើ​ត្រាប់​តាម (Troll) ដើម្បី​បញ្ចើចបញ្ចើ​ផងដែរ​។​

​លើក​ទី​២​កើតឡើង​នៅពេល​ប៉ះ​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ក្នុងជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ អតីត​សមាជិក​ក្រុម Barcelona រូបនេះ បាន​ដួល​បន្ទាប់ពី​ប្រជែង​យក​បាល់​ជាមួយ Miguel Layun​។ ក្រោយមក​កីឡាករ​ម៉ិ​ក​ស៊ិ​ក​ម្នាក់ទៀត​បាន​រត់​ទៅយក​បាល់​និង​បន្លំ​ជាន់​ជើង Neymar បន្តិច​ប៉ុណ្ណោះ ប៉ុន្តែ​រូបគេ​បញ្ចេញ​កាយវិការ​មួល​ពេញ​ទីលាន​តែម្តង​។​



​សកម្មភាព​បែបនេះ លោក Juan Carlos Osorio គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ក៏បាន​រិះគន់ Neymar ចំៗ​ថា​ជា​ទង្វើ​អាម៉ាស់​បំផុត​ក្នុង​វិស័យ​កីឡាបាល់ទាត់​។ លោក​បន្ថែមថា​៖«​សម្រាប់​ខ្ញុំ​វា​ពិតជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​ពេលវេលា​ច្រើន​ត្រូវ​ខាតបង់​អត់​ប្រយោជន៍​ព្រោះតែ​កីឡាករ​ម្នាក់​»​។​
​បើតាម​ការសិក្សា រយៈពេល ១៤​នាទី​ជា​ពេលវេលា​ដ៏​ច្រើន​សម្រាប់​ការ​ប្រ​កូត​នៅលើ​ទីលាន​ដែល​ត្រូវ​ខាតបង់​ឥតប្រយោជន៍​ដោយសារ Neymar ដួល​នៅលើ​ទីលាន​ក្នុងអំឡុង​ការប្រកួត World Cup នៅ​រុស្ស៊ី​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com