ជាតិ
​​​ន​យោ​បាយ​ជាតិ​
GDP ផ្តើម​ឃោសនាបោះឆ្នោត​ពី​អតីត​នគរ​គោកធ្លក ដើម្បី​ឧ​ទ្ធិ​ស​ដល់​បុព្វបុរស​ខ្មែរ និង​គោរព​សន្យា​ជាមួយ​លោក កែម ឡី​
07, Jul 2018 , 3:19 pm        
រូបភាព
រូបភាព​ពីទំព័រ​ហ្វេស​ប៊ុក​លោក យ៉ង សាំងកុមារ
រូបភាព​ពីទំព័រ​ហ្វេស​ប៊ុក​លោក យ៉ង សាំងកុមារ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បក្ស​ប្រ​ធា​ធិបតេយ្យ​មូលដ្ឋាន បានចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​របស់ខ្លួន នៅ​ភ្នំ​ដារ​ដែលជា​អតីត​នគរ​គោកធ្លក ស្ថិតក្នុង​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ ជាមួយនឹង​ការរៀបចំ​ពិធី​សាសនា​ផង មុននឹង​ចេញ​ដង្ហែ​ក្បួន​ឃោសនា​។


​លោក យ៉ង សាំង​កុមារ បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​ហេតុផល​សំខាន់ៗ​២ ដែល​គណបក្ស​សម្រេចយក​ទីតាំង​ភ្នំ​ដារ​ជាទី​តាំង​ចាប់ផ្តើម​ការឃោសនា​រក​សំឡេងឆ្នោត​របស់ខ្លួន​។ ហេតុផល​ទី​១ គឺ​ភ្នំ​ដារ​គឺជា​អតីត​នគរ​គោកធ្លក ដែល​គណបក្ស​ចាត់ទុកថា ជាការ​រំ​ឮ​ក​គុណ​បុព្វបុរស​ជាតិខ្មែរ និង​ហេតុផល​ទី​២ គឺ​គោរព​សន្យា​ជាមួយ​លោក​បណ្ឌិត កែម ឡី​។ លោក យ៉ង សាំង​កុមារ ពន្យល់​បន្ថែម​ដូច្នេះ​៖«​មុននឹង​កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​យើង​បាន​បង្កើត​ឲ្យ​មាន​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ​។

នៅពេលនោះ ខ្ញុំ និង​ថ្នាក់ដឹកនាំ GDP មួយចំនួនទៀត ជាមួយនឹង​លោក​បណ្ឌិត​កែម ឡី យើង​បាន​ជជែក និង​សន្យា​គ្នា​ថា​នៅពេលដែល​យើង​មាន​គណបក្សនយោបាយ ពិសេស​នៅ​ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង យើង​នឹង​បបួលគ្នា​មក​អង្គរបុរី គឺ​ចាប់ផ្តើម​ឃោសនា​ចេញពី​ភ្នំ​ដារ​នេះ​តែម្តង​។ អ៊ីចឹង​ដើម្បី​គោរព​ការសន្យា និង​ឧទ្ទិស​ដល់​វិ​ញ្ញា​ក្ខ​ន្ធ លោក​បណ្ឌិត កែម ឡី​»​។ 
 
​លោក យ៉ង សាំង​កុមារ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ GDP នឹងធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែកក្កដា ដែលជា​ខួប​២​ឆ្នាំ នៃ​ការស្លាប់​របស់លោក កែម ឡី ដោយ​គ្រោង​ជួបជុំ​អ្នកគាំទ្រ​ប្រមាណ​១​ពាន់​នាក់​។ ចំណែក​ថ្ងៃ​ចុងក្រោយ នឹងធ្វើ​នៅ​ខេត្តសៀមរាប ដោយ​គ្រោង​រៀបចំ​ពិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ សន្តិភាព ដូច​ការរៀបចំ​នៅ​អតីត​នគរ​ភ្នំ​ដែរ​។​
 
​សូមជម្រាបថា គណបក្សនយោបាយ​នីមួយៗ មាន​រយៈពេល​២១​ថ្ងៃ ដើម្បី​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២០ ខែកក្កដា​។ តាម គ​.​ជ​.​ប គណបក្ស​នីមួយៗ អាច​ឃោសនា បានតែ​៤​លើក​ប៉ុណ្ណោះ ក្នុង​មួយ​រាជធានី​-​ខេត្ត​៕
 

Tag:
 GDP
  ​យ៉ង សាំង​កុមារ​
  ​កែម ឡី​
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com