ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនវៀតណាម ចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា
× ក្រុមហ៊ុនវិនិយោគពហុសេវាកម្មមួយរបស់វៀតណាម បានចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ទេសចរណ៍ និងថាមពលក្នុងចំណោមវិស័យនានានៅកម្ពុជា។ ក្រុមហ៊ុន TTC Group បានគ្រប់គ្រង និងដំណើរការសណ្ឋាគារ TTC Hotel Premium-Angkor នៅខេត្តសៀមរាប ដែលជាសណ្ឋាគារតែមួយគត់របស់ក្រុមហ៊ុននៅក្រៅប្រទេស។
កាលពីខែឧសភាក្រុមហ៊ុន FLC Group បានប្រកាសអំពីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារនៅកម្ពុជានៅក្នុងរយៈពេលពីរ-បីឆ្នាំខាងមុខ។ ក្រុមហ៊ុនបានឲ្យដឹងថាក្រៅពី ផ្តោតលើវិស័យកសិកម្ម ទេសចរណ៍ និងអាកាសចរណ៍ ប្រាក់វិនិយោគមួយចំនួនទៀតនឹងត្រូវវិនិយោគលើគម្រោងអចលនទ្រព្យ។
ក្រុមហ៊ុន FLC Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅវៀតណាមដែលសាងសង់លើគម្រោងរមណីយដ្ឋានចម្រុះលំដាប់ខ្ពស់។ ជាមួយគ្នានេះក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យច្បាស់លាស់នៅឡើយថានឹងមកវិនិយោគគម្រោងរមណីយដ្ឋានចម្រុះទំនើបដូចគ្នានៅកម្ពុជា។ ក្រុមហ៊ុន FLC Group ក៏មានចំណាប់អារម្មណ៍លើវិស័យផ្សព្វផ្សាយ សំណង់ស៊ីវិល ពាណិជ្ជកម្ម និងធុរកិច្ចផ្សេងៗជាច្រើនទៀត។
ក្រុមហ៊ុន Toong ជាក្រុមហ៊ុនវិនិយោគលើការិយាល័យរួមល្បីល្បាញមួយរបស់វៀតណាមបានប្រកាសពីផែនការពង្រីកអាជីវកម្មមកកម្ពុជាមុនគេបង្អស់។ គម្រោងពង្រីកអាជីវកម្មមក កម្ពុជាដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ដោយសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ្នកផ្គត់ផ្គង់សេវាកម្មក្នុងស្រុកមួយចំនួន។
ខណៈដែលការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាគ្របដណ្ដប់ ដោយក្រុមហ៊ុនចិន ជប៉ុន កូរ៉េ ថៃ និងសិង្ហបុរី ប្រទេសវៀតណាមកំពុងឈានជើងសន្សឹមៗចូលមកកាន់ទីផ្សារអចលនទ្រព្យកម្ពុជា។
ប្រទេសវៀតណាម ជាវិនិយោគិនបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៥វៀតណាម គឺជាវិនិយោគិនធំលំដាប់លេខ៤នៅកម្ពុជាដែលទុនវិនិយោគសរុបចំនួន៤,៦៤ ពាន់លានដុល្លារ។ ឆ្នាំ២០១៧ វៀតណាមបានវិនិយោគសរុប១៩០គម្រោងនៅកម្ពុជា ក្នុងទុនវិនិយោគចំនួន២,៩៤ពាន់លានដុល្លារ។ ឆ្នាំ២០២០ ការវិនិយោគរបស់វៀតណាមត្រូវបានអ្នកជំនាញព្យាករណ៍ថានឹងអាចកើនឡើងដល់ ៦ពាន់លានដុល្លារ។
ក្រុមហ៊ុនវៀតណាមវិនិយោគលើវិស័យទូរគមនាគមន៍ ទេសចរណ៍ អាកាសចរ វិស័យកាត់ដេរ ផលិតកម្មជ័រកៅស៊ូ ទឹកដោះគោ អង្ករ គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងៗទៀត។ វិនិយោគិនធំៗរបស់វៀតណាមនៅកម្ពុជាមាន ក្រុមហ៊ុនទូរគមនាគមន៍ Viettel (ក្រុមហ៊ុនមិត្តហ្វូន) ក្រុមហ៊ុនផលិតទឹកដោះវីណាមីល ក្រុមហ៊ុនកៅស៊ូ Hoang Anh Gia Lai ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅតាមខេត្តនានានៃប្រទេសកម្ពុជា៕
Tag:
វៀតណាម
អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com