ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សា​រ៉ា​៖«​វិធីសាស្ត្រ​គ្រប់គ្រង​ដែល​ល្អ​បំផុត គឺ​ត្រូវ​ស្គាល់​ចរិត​បុគ្គលិក​ម្នាក់ៗ​»
08, Jul 2018 , 2:58 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ឈិន សា​រ៉ា ជា​អ្នកគ្រប់គ្រង​ហាង​លក់ទំនិញ​កុមារ Baby Outlet សាខា​ទួលគោក​។ ក្នុង​មាន​ជា​អ្នកគ្រប់គ្រង​ហាង​ទំនិញ​កុមារ​ដ៏​ធំ​មួយ​នេះ ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ សម្រាប់​អ្នកស្រី សា​រ៉ា ដោយសារ​ក្រុមហ៊ុន​គាត់​មាន​បុគ្គលិក​ច្រើន ហើយ​បុគ្គលិក​ម្នាក់ៗ​មកពី​ទីកន្លែង និង​មាន​ជំនាញ​ផ្សេងគ្នា ហើយ​អត្តចរិត​ក៏​ខុសគ្នា​ដែរ​។



​ជា​បុគ្គល​ដែល​ត្រូវ​សម្របសម្រួល​ច្រើន និង​ជា​អ្នក​ដែល​នៅ​ចន្លោះ​កណ្តាល​រវាង​បុគ្គលិក ម្ចាស់​ក្រុមហ៊ុន អ្នកស្រី​សា​រ៉ា ថា​គាត់​ត្រូវតែ​ស្វែងយល់​ពី​អត្តចរិត​របស់​បុគ្គលិក​ម្នាក់​ឲ្យ​ច្បាស់​។ ការណ៍​នេះ បានផ្តល់​ភាពងាយស្រួល​ច្រើន​ដល់​គាត់​ក្នុង​ការណែនាំ និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​។  ការដោះស្រាយ គឺ​ដោះ​ទៅតាម​ចរិត​របស់​បុគ្គលិក​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ឈិន សា​រ៉ា ដែល​គាត់​បន្ត​បញ្ជាក់ថា​៖«​វិធីសាស្ត្រ​ដែល​ល្អ​បំផុត គឺ​យើង​ត្រូវ​ស្គាល់​ចរិតលក្ខណៈ​របស់​បុគ្គ​លិ​ក​។ បើ​គាត់​ជា​មនុស្ស​រឹងរូស ឬ​គាត់​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ងាយស្រួល​ស្តាប់​គ្នា អ៊ីចឹង​យើង​បត់បែន​តាម​ហ្នឹង​។ បើសិន​គាត់​ជា​មនុស្ស​រឹងរូស គាត់​ត្រូវការ​ពេលវេលា ដែល​តម្រូវ​ឲ្យ​និយាយ​ច្រើន ពន្យល់​ច្រើន លើក​ពីអ្វី​ដែល​ក្រុមហ៊ុន​តម្រូវ​ឲ្យ និង​ទិសដៅ​របស់​ក្រុមហ៊ុន​ឲ្យ​ច្បាស់​ប្រាប់​ទៅ​គាត់​។ ប៉ុន្តែ​សម្រាប់​បុគ្គលិក​ដែល​រួសរាយ​រាក់ទាក់ និយាយ​ឆាប់​ស្តាប់​គ្នា គឺ​យើង​អត់​សូវ​ចំណាយ​ពេលវេលា​ច្រើន​ទេ គ្រាន់តែ​យើង​ប្រាប់​គាត់ ជាមួយនឹង​ការលើក​ហេតុផល​គឺ​គាត់​អាច​ធ្វើបាន​»​។ 
 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី ឈិន សា​រ៉ា អ្នកគ្រប់គ្រង​ហាង​ទំនិញ​កុមារ Baby Outlet សាខា​ទួលគោក​ដូចតទៅ​៖ 

<
 
​ក្រៅពី​ចេះ​ដោះស្រាយ​បញ្ហា អ្នកគ្រប់គ្រង ក៏ត្រូវ​ចេះដឹង ឬ​ស្វែងយល់​បន្ថែម​ពី​ការងារ​នៅ​ផ្នែក​នីមួយៗ​ដែរ ហើយ​ការងារ​ចាត់ចែង និង​ចេះ​បត់បែន ក៏​ជា​កិច្ចការ​របស់​អ្នកគ្រប់គ្រង​ដែរ​។ ជាក់ស្តែង នៅក្នុង​ហាង​ទំនិញ ដូច Baby Outlet អ្នកស្រី សា​រ៉ា ក៏ត្រូវ​គ្រប់គ្រង​ទៅលើ​អ៊ី​វ៉ាន់​ទាំងអស់​ដែលមាន​នៅក្នុង​ហាង ហើយ​ចាត់ចែង​យ៉ាងណា​ឲ្យ​អ៊ី​វ៉ាន់​មាន​សណ្តាប់ធ្នាប់​។ រីឯ​បុគ្គលិក​វិញ ត្រូវ​ពន្យល់​ណែនាំ​យ៉ាងណា​ឲ្យ​គាត់​បម្រើ​សេវាកម្ម​ជូន​អតិថិជន ឲ្យ​បានល្អ ។​
 
​អ្នកគ្រប់គ្រង គឺជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ក្រុមហ៊ុន ព្រោះ​គាត់​ជា​បុគ្គល​ដែល​នៅ​ចន្លោះ​កណ្តាល​រវាង​ម្ចាស់​ក្រុមហ៊ុន និង​បុគ្គលិក ហើយ​គាត់​ក៏​ជា​អ្នកសម្របសម្រួល​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ដែរ​។ «​ក្នុងនាម​យើង​ជា​អ្នកគ្រប់គ្រង​ហាង យើង​ដូចជា​អ្នក​កាច់​ច​ង្កួ​ត​កប៉ាល់​មួយ​អ៊ីចឹង​។ បើ​យើង​ជា​អ្នក​កាន់ចង្កូត ដែល​បើកបរ​ទៅរក​ផ្លូវ​រលូន ទៅរក​ផ្លូវ​សុខ ដែល​គ្មាន​ខ្យល់ព្យុះ អ៊ីចឹង​សំពៅ ឬ​កប៉ាល់​ហ្នឹង អាច​ទៅមុខ​ដល់​គោលដៅ​លឿន​។ ប៉ុន្តែ​បើសិនជា​យើង​អត់​មាន​វិធីសាស្ត្រ​ធ្វើការ​ជាមួយ​មនុស្ស​នៅក្រោម​បង្គាប់​យើង​ហ្នឹង​ទេ យើង​នឹង​ជួប​បញ្ហា អ៊ីចឹង​ភាព​រីកចម្រើន ឬ​ភាព​លូតលាស់​របស់​យើង ឬ​របស់​ក្រុមហ៊ុន​នឹង​ជួប​ឧបសគ្គ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សា​រ៉ា ដែល​បាន​បន្ត​បេ​ជ្ញា​ថា គាត់​នឹង​ព្យាយាម ខំប្រឹង​ធ្វើការ ពង្រឹងសមត្ថភាព​ខ្លួនឯង ក៏ដូចជា​ជួយ​បង្ហាត់បង្រៀន បុគ្គលិក​ក្រោមបង្គាប់​ឲ្យ​គាត់​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​ជា​ធនធាន​របស់ Baby Outlet ទាំងមូល​៕



Tag:
 ឈិន សា​រ៉ា​
 ​ ការគ្រប់គ្រង​
  Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com