ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សារ៉ា៖«វិធីសាស្ត្រគ្រប់គ្រងដែលល្អបំផុត គឺត្រូវស្គាល់ចរិតបុគ្គលិកម្នាក់ៗ»
× ភ្នំពេញ៖ អ្នកស្រី ឈិន សារ៉ា ជាអ្នកគ្រប់គ្រងហាងលក់ទំនិញកុមារ Baby Outlet សាខាទួលគោក។ ក្នុងមានជាអ្នកគ្រប់គ្រងហាងទំនិញកុមារដ៏ធំមួយនេះ ក៏មិនមែនជារឿងងាយស្រួលដែរ សម្រាប់អ្នកស្រី សារ៉ា ដោយសារក្រុមហ៊ុនគាត់មានបុគ្គលិកច្រើន ហើយបុគ្គលិកម្នាក់ៗមកពីទីកន្លែង និងមានជំនាញផ្សេងគ្នា ហើយអត្តចរិតក៏ខុសគ្នាដែរ។
ជាបុគ្គលដែលត្រូវសម្របសម្រួលច្រើន និងជាអ្នកដែលនៅចន្លោះកណ្តាលរវាងបុគ្គលិក ម្ចាស់ក្រុមហ៊ុន អ្នកស្រីសារ៉ា ថាគាត់ត្រូវតែស្វែងយល់ពីអត្តចរិតរបស់បុគ្គលិកម្នាក់ឲ្យច្បាស់។ ការណ៍នេះ បានផ្តល់ភាពងាយស្រួលច្រើនដល់គាត់ក្នុងការណែនាំ និងដោះស្រាយបញ្ហាដែលកើតឡើង។ ការដោះស្រាយ គឺដោះទៅតាមចរិតរបស់បុគ្គលិក។ នេះជាការបញ្ជាក់របស់អ្នកស្រី ឈិន សារ៉ា ដែលគាត់បន្តបញ្ជាក់ថា៖«វិធីសាស្ត្រដែលល្អបំផុត គឺយើងត្រូវស្គាល់ចរិតលក្ខណៈរបស់បុគ្គលិក។ បើគាត់ជាមនុស្សរឹងរូស ឬគាត់ជាមនុស្សរួសរាយរាក់ទាក់ ងាយស្រួលស្តាប់គ្នា អ៊ីចឹងយើងបត់បែនតាមហ្នឹង។ បើសិនគាត់ជាមនុស្សរឹងរូស គាត់ត្រូវការពេលវេលា ដែលតម្រូវឲ្យនិយាយច្រើន ពន្យល់ច្រើន លើកពីអ្វីដែលក្រុមហ៊ុនតម្រូវឲ្យ និងទិសដៅរបស់ក្រុមហ៊ុនឲ្យច្បាស់ប្រាប់ទៅគាត់។ ប៉ុន្តែសម្រាប់បុគ្គលិកដែលរួសរាយរាក់ទាក់ និយាយឆាប់ស្តាប់គ្នា គឺយើងអត់សូវចំណាយពេលវេលាច្រើនទេ គ្រាន់តែយើងប្រាប់គាត់ ជាមួយនឹងការលើកហេតុផលគឺគាត់អាចធ្វើបាន»។
សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ឈិន សារ៉ា អ្នកគ្រប់គ្រងហាងទំនិញកុមារ Baby Outlet សាខាទួលគោកដូចតទៅ៖
<
ក្រៅពីចេះដោះស្រាយបញ្ហា អ្នកគ្រប់គ្រង ក៏ត្រូវចេះដឹង ឬស្វែងយល់បន្ថែមពីការងារនៅផ្នែកនីមួយៗដែរ ហើយការងារចាត់ចែង និងចេះបត់បែន ក៏ជាកិច្ចការរបស់អ្នកគ្រប់គ្រងដែរ។ ជាក់ស្តែង នៅក្នុងហាងទំនិញ ដូច Baby Outlet អ្នកស្រី សារ៉ា ក៏ត្រូវគ្រប់គ្រងទៅលើអ៊ីវ៉ាន់ទាំងអស់ដែលមាននៅក្នុងហាង ហើយចាត់ចែងយ៉ាងណាឲ្យអ៊ីវ៉ាន់មានសណ្តាប់ធ្នាប់។ រីឯបុគ្គលិកវិញ ត្រូវពន្យល់ណែនាំយ៉ាងណាឲ្យគាត់បម្រើសេវាកម្មជូនអតិថិជន ឲ្យបានល្អ ។
អ្នកគ្រប់គ្រង គឺជាបុគ្គលដ៏សំខាន់នៅក្នុងក្រុមហ៊ុន ព្រោះគាត់ជាបុគ្គលដែលនៅចន្លោះកណ្តាលរវាងម្ចាស់ក្រុមហ៊ុន និងបុគ្គលិក ហើយគាត់ក៏ជាអ្នកសម្របសម្រួលរវាងបុគ្គលិក និងក្រុមហ៊ុនដែរ។ «ក្នុងនាមយើងជាអ្នកគ្រប់គ្រងហាង យើងដូចជាអ្នកកាច់ចង្កួតកប៉ាល់មួយអ៊ីចឹង។ បើយើងជាអ្នកកាន់ចង្កូត ដែលបើកបរទៅរកផ្លូវរលូន ទៅរកផ្លូវសុខ ដែលគ្មានខ្យល់ព្យុះ អ៊ីចឹងសំពៅ ឬកប៉ាល់ហ្នឹង អាចទៅមុខដល់គោលដៅលឿន។ ប៉ុន្តែបើសិនជាយើងអត់មានវិធីសាស្ត្រធ្វើការជាមួយមនុស្សនៅក្រោមបង្គាប់យើងហ្នឹងទេ យើងនឹងជួបបញ្ហា អ៊ីចឹងភាពរីកចម្រើន ឬភាពលូតលាស់របស់យើង ឬរបស់ក្រុមហ៊ុននឹងជួបឧបសគ្គ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សារ៉ា ដែលបានបន្តបេជ្ញាថា គាត់នឹងព្យាយាម ខំប្រឹងធ្វើការ ពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជាជួយបង្ហាត់បង្រៀន បុគ្គលិកក្រោមបង្គាប់ឲ្យគាត់មានសមត្ថភាពខ្ពស់ សម្រាប់ជាធនធានរបស់ Baby Outlet ទាំងមូល៕
Tag:
ឈិន សារ៉ា
ការគ្រប់គ្រង
Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com