ជាតិ
អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ កើនពី៥នាក់ ដល់២០នាក់ រង់ចាំទេសចរ រូបភាពពី Vana Adventure Travel
× នាំគ្នាឡើងភ្នំឱរ៉ាល់ ដើម្បីទាញអ្នកភូមិពីការកាប់ឈើ និងធ្វើចំណាកស្រុក។ អ្នកភូមិស្រែកិន៣ ដែលស្ថិតនៅចំងាយប្រមាណ១០គីឡូម៉ែត្រពីជើងភ្នំឱរ៉ាល់ កាន់តែច្រើនបានបោះបង់របរស៊ីឈ្នួលកាប់ឈើ បន្ទាប់ទេសចរកាន់តែច្រើនបាននាំគ្នាឡើងភ្នំឱរ៉ាល់។ អ្នកភូមិបានហៅគ្នីគ្នាធ្វើជាអ្នកនាំផ្លូវទេសចរឡើងភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាកំពស់១៨១៣ម៉ែត្រ។
មកដល់មុនដើមឆ្នាំ២០១៨នេះ មានអ្នកភូមិ៥នាក់ប៉ុណ្ណោះដែលធ្វើជាអ្នកនាំផ្លូវទេសចរខ្មែរ និងបរទេសឡើងភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។ នាចុងខែមករាដើមឆ្នាំ២០១៨នេះ ក្រុមការងារនៃកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» របស់សារព័ត៌មានថ្មីៗ និងFresh News បានធ្វើដំណើរ៣យប់៤ថ្ងៃឡើងទៅកំពូលភ្នំឱរ៉ាល់ ដែលអ្នកភូមិខ្លះហៅថា ភ្នំខ្ជោល។ មានអ្នកភូមិ៥នាក់ដែលជាអ្នកជួយលីសែង យូរសម្ភារ ព្រមទាំងម្ហូបអាហារអង្ករជាដើមផង និងបាននាំផ្លូវក្រុមអ្នកកាសែត១០នាក់ឡើងកំពូលភ្នំឱរ៉ាល់នោះ។ ក្រុមហ៊ុន Star Auto Cambodia គឺជាអ្នកឧបត្ថម្ភកម្មវិធីដ៏អស្ចារ្យនេះ។
បន្ទាប់ពីក្រុមការងារសារព័ត៌មានទាំងពីរបានផ្តិតរូបភាព និងផ្សព្វផ្សាយព័ត៌មានយ៉ាងច្រើនអំពីទេសភាព និងដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់មក ប្រធានក្រុមអ្នកនាំផ្លូវឡើងភ្នំលោក ឈឺន ឈីម បានអះអាងថា ទេសចខ្មែរកាន់តែច្រើនបាននាំគ្នាទៅកាន់កំពូលភ្នំនោះ ដោយបានជួលក្រុមរបស់លោកជានាំផ្លូវ។ ទេសចរកាន់តែច្រើន ទាំងខ្មែរ និងបរទេស ហើយធ្វើដំណើរជាក្រុមធំៗទៀតនោះ បានទាក់ទងលោកឲ្យនាំផ្លូវពួកគេឡើងភ្នំ។ ដូច្នេះ លោក ឈីម ត្រូវរកកម្លាំងបន្ថែម។
លោក ឈីម បាននិយាយរៀបរាប់ក្នុងសំនៀងរដឺនបែបអ្នកស្រុកឱរ៉ាល់ យ៉ាងដូច្នេះថា៖«តាំងពីក្រុមបងអ្នកកាសែតត្រឡប់ទៅវិញ មានមនុស្សមកច្រើនមកបន្តគ្នា។ ដូច្នេះពួកខ្ញុំអ្នកនាំផ្លូវ ឥឡូវឡើងដល់២០នាក់ហើយ។ ខ្ញុំហៅពួកគេឲ្យមកជួយ ហើយចង់ឲ្យពួកគេឈប់ស៊ីឈ្នួលកាប់ឈើ។ នាំទេសចរឡើងភ្នំ ស្រួលរកលុយជាង»។
ទេសចរច្រើនធ្វើដំណើរកម្សាន្តជាក្រុមធំដែលមានមនុស្សច្រើនជាង១០នាក់។ លោក ឈីម បានពន្យល់ថា អ្នកនាំផ្លូវម្នាក់ជាអ្នកទទួលបន្ទុកទេសចរពីរឬបីនាក់។ «អ្នកនាំផ្លូវម្នាក់ ទារតម្លៃកម្លាំងពលកម្ម៣៥ដុល្លារសម្រាប់ដំណើរឡើងភ្នំនិងត្រឡប់មកដល់ភូមិវិញ»។ នេះជាការបញ្ជាក់របស់លោក ឈីម ដែលមានពិសោធន៍នាំភ្ញៀវទេសចរខ្មែរនិងបរទេសឡើងភ្នំឱរ៉ាល់ មិនតិចជាង១០០ដងឡើយ។
អ្នកនាំផ្លូវមានចំនួនច្រើនគួរសម ប៉ុន្តែពួកគេត្រូវផ្លាស់ប្តូរវេនគ្នាដែរនៅពេលដែលមានដំណើរអ្នកទេសចរមកញឹកញាប់បន្តបន្ទាប់គ្នានោះ។ លោក ឈឺន ឈីម បានបញ្ជាក់ថា លោកចង់ឲ្យមានទេសចរកាន់តែច្រើនឡើងភ្នំឱរ៉ាល់ ដើម្បីអ្នកភូមិរបស់លោកមានការងារធ្វើ និងអ្នកភូមិមានចំណូល ធ្វើយ៉ាងណាកុំឲ្យពួកគេស៊ីឈ្នួលកាប់ឈើ និងធ្វើចំណាកស្រុក។ លោកបន្តថា មិនថាអ្នកទេសចរមកច្រើនយ៉ាងណានោះទេ មានអ្នកភូមិជាច្រើនដែលអាចនាំទេសចរទាំងនោះឡើងភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com