អន្តរជាតិ
ក្មេង៤នាក់ត្រូវបានសង្គ្រោះចេញពីរូងភ្នំ Tham Luang នៅថ្ងៃអាទិត្យ​
08, Jul 2018 , 10:43 pm        
រូបភាព
រថយន្តសង្គ្រោះនៅក្បែររូងភ្នំ ខណៈដែលប្រតិបត្តិការសង្គ្រោះកំពុងបន្ត (រូបភាព AFP)
រថយន្តសង្គ្រោះនៅក្បែររូងភ្នំ ខណៈដែលប្រតិបត្តិការសង្គ្រោះកំពុងបន្ត (រូបភាព AFP)
ដោយ: ថ្មីៗ
គិតត្រឹមម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃអាទិត្យ ទី ៨ ខែកក្កដានេះ ក្មេងប្រុស៤នាក់ហើយត្រូវបានគេ​ជួយសង្គ្រោះចេញពីរូងភ្នំ Tham Luang។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ដោយកែតម្រូវព័ត៌មាន​បឋមរបស់ខ្លួន​ថា មាន​ចំនួន​៦នាក់។ AFP ទទួលបាន​ព័ត៌មានចុងក្រោយនេះ ពីនាយបេសកកម្ម​ក្នុងប្រតិបត្តិការសង្គ្រោះ។


មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញ​​អត្តសញ្ញាណបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន​ AFP ដូច្នេះ៖ «ក្មេងប្រាំមួយនាក់បានចេញពីរូងរួចហើយ»។  យ៉ាងណាក៏ដោយ  អភិបាលខេត្ត និងជាប្រធានដឹកនាំ​ក្រុមសង្គ្រោះលោក Narongsak Osottanakorn ត្រឹមទទួលស្គាល់ថា ក្មេងបួននាក់ប៉ុណ្ណោះ​ដែលបានចេ​ញមក​ក្រៅដោយសុវត្ថិភាព​ពេលនេះ​ក្នុង​សន្និសីទ​សារ​ព័ត៌​មានយប់​នេះ។  ក្មេង​ដែល​បានចេញ​មកក្រៅ​ផុត​នោះក៏ត្រូវបានគេបញ្ជូនតាម​ឧទ្ធម្ភាគចក្រ​ដើម្បទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ក្រោយការចុះផ្សាយ​ជាច្រើនម៉ោង AFP បានកែតម្រូវតាម​ការអះអាង​របស់លោក Narongsak Osottanakorn នាយបេសកកម្ម​ក្នុងប្រតិបត្តិការសង្គ្រោះ​ដែលថា កុមារមាន​ចំនួន​៤នាក់ដែលត្រូវបានសង្គ្រោះនៅថ្ងៃអាទិត្យ។


-ប្រតិបត្តិការសង្គ្រោះ​ត្រូវផ្អាកបណ្តោះ​អាសន្នព្រោះបញ្ហា​ឧស្ម័ន​អុកស៊ីសែនធ្លាក់ចុះ


ក្នុងសន្នីសីទសារព័ត៌មានដដែលលោក Narongsak បានបញ្ជាក់​ផងដែរថា ប្រតិបត្តិការ​នេះ​ត្រូវផ្អាកបណ្តោះអាសន្ន​សិននៅពេលនេះ​ដោយសារតែកម្រិតអុកស៊ីសែនធ្លាក់ចុះ។ លោកបានសង្កត់​ធ្ងន់ថា ប្រតិបត្តិការបន្ទាប់​អាច​ធ្វើ​ទៅបាន​ក្នុងរយៈពេលយ៉ាងហោចណាស់​ ១០​ ម៉ោង​ក្រោយ​។ 

-ប្រតិបត្តិការសង្គ្រោះ​ធ្វើទាំងបន្ទាន់បង្ខំថ្ងៃអាទិត្យនេះ

តាមពិតទៅប្រតិបត្តិការសង្គ្រោះនេះធ្វើឡើង ដោយជំនាញហែលទឹក​ជួយនាំផ្លូវក្មេងរងគ្រោះ​ទាំងនោះបន្តបន្ទាប់ដើម្បីហែលឆ្លងកាត់តាមច្រកផ្លុវទឹកដ៏ស្មុគស្មាញ និងងងឹតនោះ។ គេក៏មិនទាន់ដឹងច្បាស់​ថា ប្រតិបត្តិការនេះនឹងត្រូវចំណាយ​អស់ពេលយូរប៉ុណ្ណានោះដែរ 

ចាប់ពីព្រឹកថ្ងៃ​អាទិត្យនេះ ក្រុមអ្នកជំនាញ​មុជទឹកបរទេស និងកងទ័ព​ជើងទឹក​ថៃពន្លឿនប្រតិ​បត្តិការ​ជួយសង្គ្រោះ​ដ៏ស្មុគស្មាញ និងគ្រោះថ្នាក់​នេះដើម្បីជួយសង្គ្រោះ​ក្មេងទាំងអស់ឲ្យបានឆាប់តាម​ដែលអាច​ធ្វើបាន​ ខណៈដែលភ្លៀងមូសុងបន្តធ្លាក់ និងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការសង្គ្រោះទាំង​​មូល។​ 

តាំងពីថ្ងៃប្រទះឃើញក្មេងៗរងគ្រោះ អ្នកជំនាញនិងអាជ្ញាធរ​បានព្យាយាមកំណត់មធ្យោបាយនានាជាច្រើនដើម្បីសង្គ្រោះអ្នកទាំង ១៣ ក្នុងនោះមានការរក្សាទុកពួកគេក្នុងរូងភ្នំសិនរហូតដល់ផុតរដូវមូសុងវស្សា ហើយទឹកឈប់់លិចសិន។ ប៉ុន្តែមធ្យោបាយនេះគ្រោះថ្នាក់ខ្លាំងព្រោះ កម្រិតទឹកអាចកើនខ្ពស់ ហើយបរិមាណអុកស៊ីសែនអាចនឹងធ្លាក់ទាបផង។ ដូច្នេះ​ហើយ​បានជាប្រតិបត្តិការសង្គ្រោះនេះចាប់ផ្តើមទាំងបែបនេះ ទោះមាន​ភាពប្រថុយប្រថានខ្ពស់​ក្តី។

​សូមបញ្ជាក់់ថា ក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​របស់​ពួកគេ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែមិថុនា អំឡុងពេល​ចូលទៅក្នុង​រូងភ្នំ Tham Luang Nang Non ដែលមាន​ប្រវែង ១០ គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ។ នៅថ្ងៃទី ២ ខែកក្កដា ក្រុម​អ្នកជំនាញ​មុជទឹក​អង់គ្លេស​បាន​មុជទឹក​រុករក​ប្រទះឃើញ​ក្មេងប្រុស​ទាំង​១៣​នាក់​នៅលើ​ទីទួល​ក្នុង​រូងភ្នំដោយមានសុវត្ថិភាពធម្មតា។ 

ដោយឡែក ស្របពេលដែល​ប្រតិបត្តិការសង្គ្រោះក្មេងបន្តទៅមុខ នៅក្រុងវ៉ាស៊ីនតោនឯណោះវិញ ប្រធានាធិបតីអាមេិរកលោក ដូណាល់ ត្រាំ បានបង្ហោះ​សារតាមគណនី twitter របស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងបន្ត​សហការជិតស្និទ្ធជាមួយ​រដ្ឋាភិបាលថៃ​ដើម្បី​សង្គ្រោះក្មេងរងគ្រោះទាំងនោះ។ លោកបានសរសេរដូច្នេះ៖ ​«សហរដ្ឋអាមេរិកកំពុងធ្វើ​ការ​យ៉ាងជិតស្និទ្ធជាមួយរដ្ឋា​ភិបាល​ថៃដើម្បីជួយសង្គ្រោះក្មេងទាំង​អស់ចេញពីរូង​ភ្នំ និងដោយសុវត្ថិភាព។ ពួកគេក្លាហាន និងមានទេពកោសល្យ»។ 


© រក្សាសិទ្ធិដោយ thmeythmey.com