អន្តរជាតិ
ក្មេង៤នាក់ត្រូវបានសង្គ្រោះចេញពីរូងភ្នំ Tham Luang នៅថ្ងៃអាទិត្យ រថយន្តសង្គ្រោះនៅក្បែររូងភ្នំ ខណៈដែលប្រតិបត្តិការសង្គ្រោះកំពុងបន្ត (រូបភាព AFP)
× គិតត្រឹមម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃអាទិត្យ ទី ៨ ខែកក្កដានេះ ក្មេងប្រុស៤នាក់ហើយត្រូវបានគេជួយសង្គ្រោះចេញពីរូងភ្នំ Tham Luang។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយកែតម្រូវព័ត៌មានបឋមរបស់ខ្លួនថា មានចំនួន៦នាក់។ AFP ទទួលបានព័ត៌មានចុងក្រោយនេះ ពីនាយបេសកកម្មក្នុងប្រតិបត្តិការសង្គ្រោះ។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដូច្នេះ៖ «ក្មេងប្រាំមួយនាក់បានចេញពីរូងរួចហើយ»។ យ៉ាងណាក៏ដោយ អភិបាលខេត្ត និងជាប្រធានដឹកនាំក្រុមសង្គ្រោះលោក Narongsak Osottanakorn ត្រឹមទទួលស្គាល់ថា ក្មេងបួននាក់ប៉ុណ្ណោះដែលបានចេញមកក្រៅដោយសុវត្ថិភាពពេលនេះក្នុងសន្និសីទសារព័ត៌មានយប់នេះ។ ក្មេងដែលបានចេញមកក្រៅផុតនោះក៏ត្រូវបានគេបញ្ជូនតាមឧទ្ធម្ភាគចក្រដើម្បទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយការចុះផ្សាយជាច្រើនម៉ោង AFP បានកែតម្រូវតាមការអះអាងរបស់លោក Narongsak Osottanakorn នាយបេសកកម្មក្នុងប្រតិបត្តិការសង្គ្រោះដែលថា កុមារមានចំនួន៤នាក់ដែលត្រូវបានសង្គ្រោះនៅថ្ងៃអាទិត្យ។
-ប្រតិបត្តិការសង្គ្រោះត្រូវផ្អាកបណ្តោះអាសន្នព្រោះបញ្ហាឧស្ម័នអុកស៊ីសែនធ្លាក់ចុះ
ក្នុងសន្នីសីទសារព័ត៌មានដដែលលោក Narongsak បានបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះត្រូវផ្អាកបណ្តោះអាសន្នសិននៅពេលនេះដោយសារតែកម្រិតអុកស៊ីសែនធ្លាក់ចុះ។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការបន្ទាប់អាចធ្វើទៅបានក្នុងរយៈពេលយ៉ាងហោចណាស់ ១០ ម៉ោងក្រោយ។
-ប្រតិបត្តិការសង្គ្រោះធ្វើទាំងបន្ទាន់បង្ខំថ្ងៃអាទិត្យនេះ
តាមពិតទៅប្រតិបត្តិការសង្គ្រោះនេះធ្វើឡើង ដោយជំនាញហែលទឹកជួយនាំផ្លូវក្មេងរងគ្រោះទាំងនោះបន្តបន្ទាប់ដើម្បីហែលឆ្លងកាត់តាមច្រកផ្លុវទឹកដ៏ស្មុគស្មាញ និងងងឹតនោះ។ គេក៏មិនទាន់ដឹងច្បាស់ថា ប្រតិបត្តិការនេះនឹងត្រូវចំណាយអស់ពេលយូរប៉ុណ្ណានោះដែរ
ចាប់ពីព្រឹកថ្ងៃអាទិត្យនេះ ក្រុមអ្នកជំនាញមុជទឹកបរទេស និងកងទ័ពជើងទឹកថៃពន្លឿនប្រតិបត្តិការជួយសង្គ្រោះដ៏ស្មុគស្មាញ និងគ្រោះថ្នាក់នេះដើម្បីជួយសង្គ្រោះក្មេងទាំងអស់ឲ្យបានឆាប់តាមដែលអាចធ្វើបាន ខណៈដែលភ្លៀងមូសុងបន្តធ្លាក់ និងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការសង្គ្រោះទាំងមូល។
តាំងពីថ្ងៃប្រទះឃើញក្មេងៗរងគ្រោះ អ្នកជំនាញនិងអាជ្ញាធរបានព្យាយាមកំណត់មធ្យោបាយនានាជាច្រើនដើម្បីសង្គ្រោះអ្នកទាំង ១៣ ក្នុងនោះមានការរក្សាទុកពួកគេក្នុងរូងភ្នំសិនរហូតដល់ផុតរដូវមូសុងវស្សា ហើយទឹកឈប់់លិចសិន។ ប៉ុន្តែមធ្យោបាយនេះគ្រោះថ្នាក់ខ្លាំងព្រោះ កម្រិតទឹកអាចកើនខ្ពស់ ហើយបរិមាណអុកស៊ីសែនអាចនឹងធ្លាក់ទាបផង។ ដូច្នេះហើយបានជាប្រតិបត្តិការសង្គ្រោះនេះចាប់ផ្តើមទាំងបែបនេះ ទោះមានភាពប្រថុយប្រថានខ្ពស់ក្តី។
សូមបញ្ជាក់់ថា ក្មេងប្រុសដែលមានអាយុចន្លោះពី ១១ទៅ១៦ឆ្នាំនិងគ្រូបង្វឹកវ័យ ២៥ ឆ្នាំរបស់ពួកគេបានបាត់ខ្លួនកាលពីថ្ងៃទី ២៣ ខែមិថុនា អំឡុងពេលចូលទៅក្នុងរូងភ្នំ Tham Luang Nang Non ដែលមានប្រវែង ១០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ។ នៅថ្ងៃទី ២ ខែកក្កដា ក្រុមអ្នកជំនាញមុជទឹកអង់គ្លេសបានមុជទឹករុករកប្រទះឃើញក្មេងប្រុសទាំង១៣នាក់នៅលើទីទួលក្នុងរូងភ្នំដោយមានសុវត្ថិភាពធម្មតា។
ដោយឡែក ស្របពេលដែលប្រតិបត្តិការសង្គ្រោះក្មេងបន្តទៅមុខ នៅក្រុងវ៉ាស៊ីនតោនឯណោះវិញ ប្រធានាធិបតីអាមេិរកលោក ដូណាល់ ត្រាំ បានបង្ហោះសារតាមគណនី twitter របស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងបន្តសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃដើម្បីសង្គ្រោះក្មេងរងគ្រោះទាំងនោះ។ លោកបានសរសេរដូច្នេះ៖ «សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃដើម្បីជួយសង្គ្រោះក្មេងទាំងអស់ចេញពីរូងភ្នំ និងដោយសុវត្ថិភាព។ ពួកគេក្លាហាន និងមានទេពកោសល្យ»។
© រក្សាសិទ្ធិដោយ thmeythmey.com