អន្តរជាតិ
គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ទឹកជំនន់ និង​បាក់​ដី​នៅ​ជប៉ុន​សម្លាប់​មនុស្ស​៧៥​នាក់​ហើយ​
09, Jul 2018 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់​និង​បាក់​ដី​នៅក្នុង​ប្រទេស​ជប៉ុន​កើនឡើង​ដល់ ៧៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ៩ ខែកក្កដា​នេះ​។ ចំនួន​ប្រជាជន​ដែល​នៅ​បន្ត​បាត់​ខ្លួន​នោះ​មាន​ច្រើន​នាក់​ផ្សេងទៀត​ដែរ​នៅ​តំបន់​ភាគ​កណ្តាល និង​ខាងលិច​ប្រទេស​ជប៉ុន​នោះ​។​



​តួលេខ​ផ្លូវការ ៧៥​នាក់​នេះ​ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​ចេញពី​របាយការណ៍​រដ្ឋា​ភិ​បាលជ​ប៉ុន​។ ប៉ុន្តែ​ខាង​បណ្តាញ​ផ្សព្វផ្សាយ​តំបន់​បាន​អះអាងថា អ្នកស្លាប់​ដោយសារ​ករណី​គ្រោះមហន្តរាយធម្មជាតិ​នេះ​កើន​ដល់ ៩០​នាក់​ឯណោះ ខណៈដែល​ប្រជាជន​បាត់​ខ្លួន​មាន​ប្រហែល ៧០​នាក់​ផ្សេងទៀត​។​

​ឥឡូវនេះ​ខាង​ក្រុម​សង្គ្រោះ និង​កងកម្លាំង​ទាហាន​បន្ត​ឈ្មុសឈ្មុល​ដើម្បី​ឆ្លង​កាត់ទឹក និង​ភក់​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​ប្រឈម​គ្រោះថ្នាក់ និង​កំពុង​បាត់​ខ្លួន​។ ដោយសារ​ស្ថាន​ភាពមិន​អំណោយផល ពួកគេ​ត្រឹម​អាច​ប្រើប្រាស់​ទូក និង​ឧទ្ធម្ភាគចក្រ​ប៉ុណ្ណោះ​ដើម្បី​ជួយ​ប្រជាជន​រំដោះប្រជាជន​ដែល​រងគ្រោះ​។​

​បើតាម​ការបញ្ជាក់​ពី​អាជ្ញា ក្រុម​សង្គ្រោះ ប៉ូលិស និង​ទាហាន​សរុប​ទាំងអស់ ៥០០០០​នាក់​ត្រូវបាន​គេ​ពង្រាយ​ទៅកាន់​តំបន់​រងគ្រោះ​ដើម្បី​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​នេះ​។​
​កាលពី​ថ្ងៃអាទិត្យ​ទី ៨ ខែកក្កដា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ព្រមាន​ផងដែរ​ពី​ផល​លំបាក​ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​ដែល​កំពុង​ដង្ហោយ​ស្រែក​រក​ជំនួយ ស្របពេល​ស្ថានការណ៍​ដែល​អាច​កាន់តែ​ដុនដាប​ខ្លាំង​ដោយសារ​ទឹកជំនន់​បន្ត​កើនឡើង​នោះ​។ 

​តាមពិតទៅ ចំ​នួន​ប្រជាជន​ដែល​បាត់បង់​ជីវិត​បន្ត​កើនឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ​។ ប្រជាជន​ជប៉ុន​ប្រហែល ១,៥ លាន​នាក់​ត្រូវ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណៈ ៣​លាន​នាក់​ផ្សេងទៀត​ត្រូវ​អាជ្ញាធរ​ណែនាំ​ឲ្យ​ត្រៀមខ្លួន​ចាកចេញ​ដូចគ្នា​។ ស្ថានភាព​កាន់តែ​ដុនដាប​បាន​បង្ខំ​ឲ្យ​ប្រជាជន​ឡើងទៅ​លើដំបូល​ផ្ទះ​ដើម្បី​គេច​ផុតពី​ការកើនឡើង​នៃ​កម្រិត​ទឹកជំនន់ និង​រង់ចាំ​ការជួយ​សង្គ្រោះ​ពី​អាជ្ញាធរ​ផងដែរ​។​

​សូមបញ្ជាក់ថា  ចំនួន​អ្នកស្លាប់​កើន​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់ និង​បាក់​ដី​លើក​នេះ​កើនឡើង​ខ្ពស់ជាង​គ្រោះមហន្តរាយ​ឆ្នាំ ២០១៤ នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដែល​អ្នកស្លាប់​កាលនោះ​មាន​ត្រឹម ៧៤ នាក់​ប៉ុណ្ណោះ​៕



Tag:
 ជប៉ុន​
  ទឹកជំនន់​
  បាក់​ដី
© រក្សាសិទ្ធិដោយ thmeythmey.com