ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទូត​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន រាយការណ៍​ទៅ​ទូត ដើម្បី​ទទួលបាន​ការជួយ​សង្គ្រោះ
09, Jul 2018 , 12:49 pm        
រូបភាព
រូបពីហ្វេសប៊ុក៖លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
រូបពីហ្វេសប៊ុក៖លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
ភ្នំពេញ​៖ ទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ទីនោះ មានការ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់ ដែល​កំពុង​បង្ក​គ្រោះថ្នាក់​គំរាមកំហែង​ដល់​អាយុជីវិត​។ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​រងគ្រោះ​ទឹកជំនន់ ត្រូវ​រាយការណ៍​ទៅ​ស្ថានទូត ដើម្បី​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​ស្ថានទូត​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ៩ ខែកក្កដា​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់​និង​បាក់​ដី នៅក្នុង​ប្រទេស​ជប៉ុន​កើនឡើង​ជាង​៧០​នាក់​ហើយ ។​

 
​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​ប្រទេស​ជប៉ុន កំពុង​រងគ្រោះ​មហន្តរាយ​ទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ ដែល​បង្ក​ការប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​៧៥​នាក់ ខណៈដែល​ប្រជាជន​មួយចំនួន នៅ​បន្ត​បាត់​ខ្លួន​ជាច្រើន​នាក់​ផ្សេងទៀត នៅ​តំបន់​ភាគ​កណ្តាល និង​ខាងលិច​ប្រទេស​ជប៉ុន​។​
 
​ដោយសារ​ប្រទេស​ជប៉ុន​កំពុង​ទទួលរង​ឥទ្ធិពល​ទឹកជំនន់ និង​បាក់​ដី​នេះ ស្ថានទូត​ខ្មែរ​ប្រចាំ​ជប៉ុន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ទីនោះ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ទឹកជំនន់​នេះ ដោយ​រាយការណ៍​មក​ស្ថានទូត​ជាបន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​។ «​ស្ថានទូត​មាន​ក្តីបារម្ភ​ពី​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ សិក្សា ធ្វើការ​និង​ធ្វើ​កម្មសិក្សា​នៅ​តំបន់​ទាំងនោះ​។ នៅ​ក្នុងន័យនេះ ក្នុងករណី​ជួប​បញ្ហា​ឬ​ករណី​បន្ទាន់​ណាមួយ​នៅក្នុង​តំបន់​ដែល​កំពុង​ទទួលរង​ឥទ្ធិពល សូម​ទាក់ទង​ស្ថានទូត​ជាបន្ទាន់ ស្ថានទូត​នឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​អស់ពី​លទ្ធភាព »​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ខ្មែរ ប្រចាំ​ប្រទេស​ជប៉ុន​។​

អត្ថបទទាក់ទង
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុ​ន្ទ​រី បាន​និយាយថា ក្រសួង​មិនទាន់​ទទួលបាន​របាយការណ៍​ពី​ស្ថានទូត​កម្ពុជា ជុំវិញ​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ជប៉ុន​នៅឡើយ​ទេ​។ ក្រសួងការបរទេស កំពុង​តាមដាន​លើ​បញ្ហា​ទឹកជំនន់​នៅ​ជប៉ុន​នេះ ដើម្បី​ត្រៀម​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ​។​
 
​ប្រជាជន​ជប៉ុន​ប្រហែល ១,៥ លាន​នាក់​ត្រូវ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណៈ ៣​លាន​នាក់​ផ្សេងទៀត​ត្រូវ​អាជ្ញាធរ​ណែនាំ​ឲ្យ​ត្រៀមខ្លួន​ចាកចេញ​ដូចគ្នា​។ ស្ថានភាព​កាន់តែ​ដុនដាប​បាន​បង្ខំ​ឲ្យ​ប្រជាជន​ឡើងទៅ​លើដំបូល​ផ្ទះ ដើម្បី​គេចផុត​ពី​ការកើនឡើង​នៃ​កម្រិត​ទឹកជំនន់ និង​រង់ចាំ​ការជួយ​សង្គ្រោះ​ពី​អាជ្ញាធរ​ផងដែរ​។​
 
​សូមបញ្ជាក់ថា  ចំនួន​អ្នកស្លាប់​កើន​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់ និង​បាក់​ដី​លើក​នេះ​កើនឡើង​ខ្ពស់ជាង​គ្រោះមហន្តរាយ​ឆ្នាំ ២០១៤ នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដែល​អ្នកស្លាប់​កាលនោះ​មាន​ត្រឹម ៧៤ នាក់​ប៉ុណ្ណោះ​៕
 
 
​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់ ដែល​ជួប​បញ្ហា​គ្រោះទឹកជំនន់ នៅ​ប្រទេស​ជប៉ុន អាចទាក់ទង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត ឬ​តាមរយៈ​៖ ១. លោក តាំង ផេង​រិទ្ធី ទីប្រឹក្សា​ទទួលបន្ទុក​ពលករ ០៨០ ៣៤៥៩ ៧៨៨៩ ។ ២. លោក ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤ ។ ៣. លោក ឌឿ​ក វណ្ណ​រិ​ទ្ធិ ០៨០ ៤៤៣៩ ៥៧០៤​។​
 
 

Tag:
 ជុំ ស​ន្ទ​រី​
  កម្ពុជា
 ​ជប៉ុន
 ​ទឹកជំនន់
 ​គ្រោះធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com