​គ្មាន​ទៀតឡើយ ការប្រើ​ទឹក​មិន​ស្អាត និង​ជំងឺ​អាសន្នរោគ នៅ​ភូមិ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​!

ជាតិ
បទសម្ភាសន៍
វីដេអូ
​គ្មាន​ទៀតឡើយ ការប្រើ​ទឹក​មិន​ស្អាត និង​ជំងឺ​អាសន្នរោគ នៅ​ភូមិ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​!
09, Jul 2018 , 3:19 pm         349
រូបភាព
​រតនគិរី​៖ ជំងឺ​អាសន្នរោគ​, រាករូស និង​ការប្រើប្រាស់​ទឹក​មិន​ស្អាត លែងមាន​នៅក្នុង​ភូមិ​ជនជាតិដើម​ភាគតិច​គ្រឹ​ង ក្នុង​ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ទៀតហើយ​។ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ក្នុងភូមិ​ល្អក់ ឃុំ​ល្អក់​នេះ បាន​កែប្រែ​ទម្លាប់​ចាស់​របស់ខ្លួន ដោយ​ចាប់យក​ការប្រើប្រាស់​ទឹកស្អាត និង​បង្គន់​អនាម័យ​វិញ​។



​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក បៀ​ន យ៉ែម ក្រុមប្រឹក្សាឃុំ​ល្អក់ បាន​បញ្ជាក់ថា ៖ «​នៅក្នុង​ភូមិ​នេះ​មានការ​ផ្លាស់ប្ដូរ​ច្រើន ទាក់ទង​នឹង​អនាម័យ​។ ជាពិសេស​ការកើតមាន​នូវ​ជំងឺ​វិញ ក៏​មិនសូវមាន​ជំងឺ​អ្វី​កើតឡើង​ទៀតឡើយ​»​។ គម្រោង «​ទឹកស្អាត និង​អនាម័យ​» របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​អនុវត្ត​គម្រោង​នៅតាម​ឃុំ និង​ស្រុក នា​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក បៀ​ន យ៉ែម ក្រុមប្រឹក្សាឃុំ​ល្អក់​ដូចតទៅ​៖



​ប្រជាជន​ក្នុងភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ចំនួន ២០៨​គ្រួសារ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង លែង​ជួបប្រទះ​ជំងឺ​អាសន្ន​ដូច​មុន​ទៀតហើយ ដោយ​ពួកគាត់​បាន​ស្វែងយល់​ពី​គម្រោង​ទឹកស្អាត និង​អនាម័យ​របស់​អង្គការ Plan​។ លោក បៀ​ន យ៉ែម ក្រុមប្រឹក្សាឃុំ​ល្អក់ បាន​ឲ្យ​ដឹងថា កាលពីពេល​មិនទាន់មាន​ទឹកស្អាត និង​អនាម័យ​នេះ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ បាន​ជួបប្រទះ​នូវ​ជំងឺ​អាសន្នរោគ ដែល​ក្នុង​មួយថ្ងៃ​មាន​ប្រជាពលរដ្ឋ​រាករូស​រហូតដល់​៥០​នាក់​ឯណោះ​។

​ជាមួយគ្នានេះ នៅ​ចុងឆ្នាំ​២០១៨​នេះ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា នឹង​បញ្ចប់​ការអនុវត្ត​គម្រោង​របស់ខ្លួន​នៅក្នុង​ឃុំ​ល្អក់​នេះ​។ បើទោះបី​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បញ្ចប់​ការអនុវត្ត​គម្រោង​ទឹកស្អាត និង​អនាម័យ​ក៏ដោយ ក្រុមប្រឹក្សាឃុំ នៅតែ​បន្តសកម្មភាព​នេះ ដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ​ដល់​ជនជាតិដើម​ភាគតិច​គ្រឹ​ង​បន្តទៀត​ពី​គុណប្រយោជន៍​នៃ​ការប្រើប្រាស់​ទឹក​។

​សូមបញ្ជាក់ថា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្ដើម​អនុវត្ត​គម្រោង​ទឹកស្អាត និង​អនាម័យ​នៅ​ឃុំ​ចំនួន ៧ ក្នុងស្រុក​អូរ​ជុំ ខេត្តរតនគិរី​នេះ តាំងពី​ខែមករា ឆ្នាំ​២០១៦​មកម្ល៉េះ​៕ 

អត្ថបទទាក់ទង






Tag:
 ភ្លែ​ន​
  ទឹកស្អាត​
  បង្គន់​អនាម័យ​
  ជនជាតិដើម​ភាគតិច​គ្រឹ​ង​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next