អន្តរជាតិ
ម្ចាស់​ក្រុមហ៊ុន​អវកាស​អាមេរិក ច្នៃ​នាវាមុជទឹក​ខ្នាតតូច​ទៅ​ជួយ​ក្មេងៗ​ថៃ​ដែល​ជាប់​ក្នុង​រូងភ្នំ​
09, Jul 2018 , 5:23 pm        
រូបភាព
​សហគ្រិន​បច្ចេកវិទ្យា​អាមេរិក និង​ជា​ម្ចាស់​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk បានស្នើ​ឲ្យ​មាន​នាវាមុជទឹក​តូច​មួយ​ដើម្បី​យកទៅជួយ​សង្គ្រោះ​ក្មេងប្រុស​ចេញពី​ក្នុង​រូងភ្នំ Tham Luang ខណៈ​ស្ថានភាព​ទឹក​លិច​ក្រុង​ភ្នំ​ជ្រៅ និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​មាត់​រូង​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មេងៗ​ទាំងនោះ​។ លោក Musk ក៏បាន​យក​នាវា​រុករក​តូច​នោះ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ទទួល​យោបល់​ថា​គួរ​យក​វា​មក​ប្រើ​ក្នុង​ប្រតិបត្តិការ​នេះ​ឬក៏​អត់​។



​បន្ទាប់ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​យក​ក្មេង​បាន​៤​នាក់​ចេញមកក្រៅ​រូងភ្នំ​ដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​៨ ខែកក្កដា​ម្សិលមិញ នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​មួយ​លោក​អភិបាលខេត្ត​ឈៀង​រ៉ៃ Narongsak Osottanakorn បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​សិន​នៅពេលនេះ​ដោយសារតែ​កម្រិត​អុកស៊ីសែន​ធ្លាក់ចុះ​។ លោក​បាន​សង្កត់ធ្ងន់ថា ប្រតិបត្តិការ​បន្ទាប់​អាចធ្វើ​ទៅបាន​ក្នុង​រយៈពេល​យ៉ាងហោចណាស់ ១០ ម៉ោង​ក្រោយ​។​



​ក្រោម​ហេតុផល​កម្រិត​អុកស៊ីសែន​នៅក្នុង​រូងភ្នំ​ធ្លាក់ចុះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​ដែល​មិនទាន់​អាច​ចេញរួច​ចំនួន​៨​នាក់ និង​គ្រូ​របស់​ពួកគេ លោក​វិស្វករ Musk ដែលជា​ម្ចាស់​ក្រុមហ៊ុន​រុករក​អវកាស SpaceX និង​ជា​មហាសេដ្ឋី​ជនជាតិ​អាមេរិក បាន​បង្ហោះ​វីដេអូ​ដែល​បង្ហាញ​ពី​មនុស្ស​កំពុង​សាកល្បង​នាវាមុជទឹក​តូច​មួយ​ដែល​អាច​ផ្ទុក​មនុស្ស​ម្នាក់​ក្នុងនោះ​ក្នុង​អាងទឹក​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​ដែលមាន​អ្នក Follow ២២​លាន​នាក់​។

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នាវា​ដែលមាន​រាង​ដូច​ក្បាលកាំ​ជ្រួច Falcon មាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​គ្រប់គ្រាន់ និង​ភ្ជាប់​បំពុង​អ៊ុក​ស៊ី​សែន​២​សងខាង ហើយ​មាន​រាង​តូច​ល្ប​ម​ដែល​អាច​ឆ្លងកាត់​ចន្លោះប្រហោង​តូចៗ​ក្នុង​រូងភ្នំ​បាន​ដោយ​ងាយ​។​

​វីដេអូ​ខាងលើនេះ​បាន​បង្ហោះ​នៅ​ថ្ងៃទី​៨ ខែកក្កដា​ដោយបាន​ទាក់ទាញ​ការចាប់អារម្មណ៍​ប្រមាណ​ជាង​៣​លាន​នាក់​។ អ្នក Follow ជាច្រើន​បាន​ផ្តល់យោបល់​ជា​វិជ្ជមាន​ដោយបាន​សរសើរ Musk រួមទាំង​ក្រុម​វិស្វករ​របស់គាត់​ចំពោះ​ការច្នៃប្រឌិត​នេះ​។​

​ទោះជា​យ៉ាងណា ក៏មាន​មនុស្ស​មួយចំនួន​បាន​ចោទសួរ​ថា​តើ​ផែនការ​របស់លោក Musk អាច​ទុកចិត្តបាន​ដែរឬទេ​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល នាវាមុជទឹក​ខ្នាតតូច​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ​ស្របពេល​អាជ្ញាធរ​ថៃ​បាន​និយាយថា​ពួកគេ​ស្វាគមន៍​ជានិច្ច​ក្នុងការ​ផ្តល់ជំនួយ​ទាំងអស់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ក្មេងប្រុស​ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ​ដ៏​ស្មុគស្មាញ​មួយ​ក្នុងស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​នេះ​៕

អត្ថបទទាក់ទង




Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
  Elon Musk
© រក្សាសិទ្ធិដោយ thmeythmey.com