ជាតិ
បោះឆ្នោត
រដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៥ ត្រូវបញ្ចប់ត្រឹមថ្ងៃនេះ ដោយអនុម័តច្បាប់បានជាង១០០ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
× ភ្នំពេញ៖ គិតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានបញ្ចប់នីតិកាលរបស់ខ្លួនហើយ។ រយៈពេល៥ឆ្នាំនៃនីតិកាលរបស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ចំនួន១០៩។ នីតិកាលទី៦របស់រដ្ឋសភា នឹងចូលមកដល់ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានបញ្ចប់។
រដ្ឋសភានីតិកាល៥ ត្រូវបានបញ្ចប់ហើយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែក រដ្ឋាភិបាលអាណត្តិទី៥ ក៏ត្រូវបញ្ចប់ត្រឹមថ្ងៃនេះដែរ។
ទោះជានីតិកាល ត្រូវបានបញ្ចប់ក្តី ប៉ុន្តែរាល់ការងារប្រចាំថ្ងៃ នៅដំណើរការដដែល រហូតទាល់តែបង្កើតរដ្ឋសភាថ្មីសម្រាប់នីតិកាលទី៦រួច ទើបរដ្ឋសភាចាស់ អស់តួនាទី។ បើតាមការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា នៅក្នុងអំឡុងពេលអស់នីតិកាល ឬដំណាក់កាលចាំផ្ទះនេះ រដ្ឋសភា និងរដ្ឋាភិបាល មិនអាចមានកិច្ចប្រជុំ ស្នើ ឬសម្រេចសេចក្ដីព្រាងច្បាប់ណាមួយឡើយ។
លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«រដ្ឋសភា ចប់នីតិកាល ប៉ុន្តែមិនទាន់ចប់ភារកិច្ចទេ ព្រោះថា សភាចាស់ចប់ភារកិច្ច លុះត្រាតែសភាថ្មីកាន់តំណែង រដ្ឋាភិបាលក៏ដូចគ្នា។ ឥឡូវ ប្រជុំមិនបានទេ តែអាចធ្វើកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ ឯរដ្ឋាភិបាលក៏ដូច្នេះដែរ»។
នៅក្នុងនីតិកាលនៃការគ្រប់គ្រងរដ្ឋសភា អ្នកនាំពាក្យខាងលើ បានឲ្យដឹងថា រដ្ឋសភា និងរដ្ឋាភិបាល មិនមានឧបសគ្គអ្វីឡើយ ដោយដំណើរការបានរលូត ទៅតាមលទ្ធិប្រជាធិបតេយ្យ។ ជាការកត់សម្គាល់ រយៈពេល៥ឆ្នាំនៃនីតិកាលទី៥ រដ្ឋសភាបាន អនុម័តបានសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ចំនួន១០៩។
សូមបញ្ជាក់ថា រដ្ឋសភា ដែលផុតនីតិកាលទី៥នេះ បានបើកកិច្ចប្រជុំដំបូងក្រោមព្រះរាជវត្តមានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ ចំណែកក្រុមតំណាងរាស្ត្រ ក៏បានចូលធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង ដើម្បីចូលកាន់តំណែងនៅថ្ងៃតែមួយនេះដែរ៕
Tag:
រដ្ឋសភា
អាណត្តិទី៥
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com