ពីនេះ ពីនោះ
«អធម» មានន័យថា ថោកទាប ចំណែក «អធិក» ប្រែមកថា ល្អ ក្រៃលែង
× ពាក្យថា «អធម» មានន័យថា ថោកទាប ដែលមិនរុងរឿង, ដែលទាបស្មើនឹងលាមក, សាបរលោប។ ចំណែក «អធិក» មានន័យថា ល្អ ក្រៃលែង, លើសលប់,ពេកក្រៃ, ដែលបង្គ្រប់, ច្រើនពន់ប្រមាណ។
ពាក្យដែលមាន «អធម» ហើយប្រែមកថា ថោកទាប នោះមានដូចជា មនុស្សអធម (មនុស្សថោកទាប), ទំនិញអធម (ទំនិញថោក)។ល។
ចំពោះពាក្យដែលមាន «អធិក» នៅជាមួយ មានដូចជា អធិកតរភាព (ភាវៈច្រើនក្រៃលែង), អធិកមាស (ខែលើក គឺខែអាសាឍ), អធិករណៈ (ការអាងហេតុផល), អធិការ(ការបំពេញកុសស), អធិការដ្ឋាន (ទីចាត់ការរបស់អធិការ)។ល។
ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ «អធម» សម្រាប់ភ្ជាប់ជាមួយនឹងនាមសព្ទ «អធិក» មានន័យថា ទាំងរុងរឿងផង និងទាំងថោកទាបផង។ ពាក្យ «អធិកអធម» នេះខ្មែរយើងប្រើពាក្យនេះចំពោះតែពិធីបុណ្យណាមួយតែប៉ុណ្ណោះ ដូចជា ធ្វើបុណ្យសីមាអធិកអធម ៧យប់ ៧ថ្ងៃ គឺធ្វើបុណ្យសីមា ឲ្យមានរបៀបរៀបចំរុងរឿងហ៊ឹកហ៊ាក់ផង ដែលមានអ្នករបាំរម៉េះរម៉ាះ និងមានលក់នំចំណីផ្សេងៗ។ ប៉ុន្តែសម្រាប់ពិធី បុណ្យសព គេមិនគួរនិយាយថា ធ្វើបុណ្យសព អធិកអធម បានឡើយ។ ពាក្យ អធិកអធម នេះភាគច្រើន អាចនិយាយទេនៅពេលមានពិធីបុណ្យដែលសប្បាយអស្ចារ្យតែប៉ុណ្ណោះ។
និយាយមែនទែនទៅ ពាក្យ «អធម» និង«អធិក» មិនសូវមានមហាជនប្រើ ជាពាក្យទោលប៉ុន្មានទេ តែគេសង្កេតឃើញថាភាគច្រើនប្រើផ្សំពាក្យដទៃដើម្បីធ្វើឲ្យពាក្យនោះរឹតតែមានន័យបន្ថែមមួយកម្រិតទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com