អន្តរជាតិ
ប្រធានាធិបតី​អាមេរិក​បាន​រិះគន់​ម្តងទៀត​ចំពោះ​បណ្តា​ប្រទេស​សមាជិក​អង្គការ​អូតង់​
10, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​កំពូល​របស់​សម្ព័ន្ធភាព​នេះ​ដែល​លោក​នឹងចូលរួម​នៅ​សប្តាហ៍​នេះ​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ លោក Trump បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​បណ្តាញ​សង្គម tweeter កាលពី​ថ្ងៃ​ចន្ទ​ថា «​សហរដ្ឋអាមេរិក​កំពុង​ចំណាយ​ប្រាក់​ទៅលើ​អង្គការ​អូតង់​ច្រើនជាង​ប្រទេស​ដទៃទៀត​។ វា​មិន​យុត្តិធម៌​ទេ ហើយ​វា​ក៏​មិនអាច​ទទួលយក​បានដែ​រ​»​។​



​លោក​បាន​បន្ថែមថា «​ខណៈពេលដែល​ប្រទេស​ទាំងនេះ​បាន​បង្កើន​ការរួមចំណែក​របស់ខ្លួន​ចាប់តាំងពី​ខ្ញុំ​ឡើងកាន់តំណែង​មក​នោះ ពួកគេ​ត្រូវ​រួមចំណែក​ច្រើន​ថែមទៀត​»​។ លោក Trump គឺជា​អ្នក​រិះគន់​យ៉ាងខ្លាំង​ក្លា​ចំពោះ​អង្គការ​អូតង់ ចាប់តាំងពី​លោក​បានចាប់ផ្តើម​ធ្វើ​យុទ្ធនា​ការធ្វើជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ឆ្នាំ ២០១៧ លោក​ត្រាំ​បាន​អះអាង​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការការពារ​ក្រុម​សម្ព័ន្ធមិត្ត​អូតង់ ប៉ុន្តែ​លោក​បាន​បន្ត​រិះគន់​ការផ្តល់​ថវិកា​របស់​អង្គការ​អូតង់ ដោយ​លើក​ហេតុផល​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឈម​នឹង​បន្ទុក​ហិរញ្ញវត្ថុ​ច្រើនពេក​។ ក្នុងអំឡុងពេល​ជួបជុំគ្នា​កាលពី​សប្តាហ៍​មុន​នៅ​រដ្ឋ Montana លោក Trump បាន​ប្តេជ្ញា​ថា លោក​នឹង​ប្រាប់​សមាជិក​អង្គការ​អូតង់​ថា ពួកគេ​ត្រូវ​ចាប់ផ្តើម​បង្កើន​វិភាគទាន​។ លោក​ប្រធានាធិបតី​ក៏បាន​និយាយ​ផងដែរ​ថា ជនជាតិ​អាមេរិកាំង​ជា «​អ្នកចំណាយ​ប្រាក់​សម្រាប់​រឿង​ទាំងមូល​»​។​

​អង្គការ​អូតង់​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ផ្តល់​មូលនិធិ​ប្រហែល ៧០ ភាគរយ​នៃ​ការចំណាយ​អង្គការ​នេះ​នៅក្នុង​ឆ្នាំ​២០១៧​។ ប្រទេស​សមាជិក​ចំនួន​២៩ របស់​អង្គការ​អូតង់​បាន​ចូលរួម​វិភាគទាន​ដល់​អង្គការ​នេះ​តាម​ទំហំ​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com