អន្តរជាតិ
រុស្ស៊ី​ឌឺ​អង់គ្លេស ក្រោយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លាលែង​ពី​តំណែង​
10, Jul 2018 , 9:39 pm        
រូបភាព
លោក Boris Johnson ដែលលាលែងពីតំណែងរដ្ឋមន្រ្តីការបរទេសអង់គ្លេស (ស្ដាំ) និងអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova (ឆ្វេង)
លោក Boris Johnson ដែលលាលែងពីតំណែងរដ្ឋមន្រ្តីការបរទេសអង់គ្លេស (ស្ដាំ) និងអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova (ឆ្វេង)
​មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បាន​ផ្ញើ​សារ​ឌឺដង​មួយ​ឲ្យ​អង់គ្លេស ក្រោយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បូរី​ស ច​ន​សុន (Boris Johnson) បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​៩ ខែកក្កដា​។ ការលាលែង​របស់លោក ច​ន​សុន ធ្វើឡើង​អំឡុងពេល​២៤​ម៉ោង​ក្រោយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប (Brexit) ដេវីដ ដេ​វី​ស និង​អនុរដ្ឋមន្ត្រី​ម្នាក់ទៀត​ចុះចេញ​ដែរ​។ ការបាត់បង់​មន្ត្រីជាន់ខ្ពស់​នេះ ក៏​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ រុះរើ​សមាសភាព​គណៈរ​ដ្ឋ​មន្ត្រី​។​



​បាត់បង់​មន្ត្រីជាន់ខ្ពស់​ដល់​ទៅ​បី​រូប​ក្នុងពេល​២៤​ម៉ោង ពិតជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​រប​ស់​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ រំជើបរំជួល​ខ្លាំង បន្ថែម​ពីលើ​ការខ្វែង​យោបល់​លើ​នយោបាយ​រួម​ដើម្បី​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប ដេវីដ ដេ​វី​ស និង​រដ្ឋមន្ត្រីការបរទេស បូរី​ស ច​ន​សុន បានសម្រេច​ចិត្ត​លាលែង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​៩ ខែកក្កដា​។ នៅ​ក្រុង​មូ​ស្គូ​ឯណោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បែរជា​បង្ហោះ​សារ​ក្នុងន័យ​ផ្លែផ្កា​ដាក់​អង់គ្លេស​ទៅវិញ​។​

​លោកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី ចាត់ទុក​ការលាលែង​ពី​តំណែង​របស់លោក ច​ន​សុន ជា​ល្បែង​អាក្រក់​ដែល​បង្កើត​ដោយ​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ ផ្ទាល់ ហើយ​បាន​ជះឥទ្ធិពល​លើ​ខ្លួនឯង​វិញ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោកស្រី Zakharova បាន​សរសេរ​ឌឺ​ថា​៖ «​តើ​អ្នក​ចាំ​ទេ​? យើង​ធ្លាប់បាន​ព្រមាន​ហើយ​ថា ល្បែង​ដ៏​ច្រើន​ដំណាក់កាល​ហើយ​អាក្រក់​នេះ នឹង​នាំ​ដល់ទី​បញ្ចប់​ដ៏​យ៉ាប់យឺន​សម្រាប់​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍​?»

​ដោយ​ចង់​សំដៅ​ដល់​លោក ច​ន​សុន មន្ត្រី​ការបរទេស​រុស្ស៊ី​ខាងលើ​បន្តថា សូម្បីតែ​ស្តេច​នយោបាយ​អង់គ្លេស​ដ៏​ចម្លែក​នេះ ក៏​មិន​ចង់​ស្ថិតក្នុង​រន្ធ​គគ្រិច​នេះដែរ​។ លើសពីនោះ លោកស្រី Zakharova ក៏បាន​រៀបរាប់​ពី​បរាជ័យ​របស់លោក ច​ន​សុន ក្នុងពេល​កាន់តំណែង​ជា​ប្រមុខ​ការទូត​អង់គ្លេស​ដូចជា ករណី​ប៉ុនប៉ង​ធ្វើឃាត​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal និង​ការចោទប្រកាន់​លើ​រុស្ស៊ី​ក្នុង​សំណុំរឿង​ជាច្រើន​ទៀត​។​

​ងាក​ទៅកាន់​ក្រុង​ឡុង​ដ៏​បន្តិច ការលាលែង​តំណែង​របស់​មន្ត្រី​បី​រូប​បន្តបន្ទាប់​គ្នា​បែបនេះ ជា​សញ្ញា​បង្ហាញ​ពី​វិបត្តិ​នយោបាយ​ក្នុង​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ ជុំវិញ​ការចរចា​លែងលះ​ជាមួយ​អឺរ៉ុប​។ បញ្ហាសំខាន់​ដែល​នាំ​ដល់​ការលាលែង​នេះ កើតចេញពី​ការមិន​ពេញចិត្ត​លើ​ជំហរ​អង់គ្លេស ដែល​ទន់ខ្សោយ​ខ្លាំង​ប្រឈមមុខ​នឹង​ការចរចា​ជាមួយ​ក្រុង​ព្រុ​ច​សែ​ល​។ ជំហរ​របស់​លោកស្រី ម៉េ​យ៍ ត្រូវ​មើលឃើញថា ធ្វើ​ឲ្យ​អង់គ្លេស​ចាញ់​ប្រៀប​អឺរ៉ុប ហើយ​អង់គ្លេស​ទំនង​មិនអាច​លែងលះ​ដាច់ស្រេច​ឡើយ​។​

​ក្នុង​សំបុត្រ​លាលែង លោក ច​ន​សុន មិនបាន​រិះគន់​នយោបាយ​រដ្ឋាភិបាល​ខ្លាំង​ដូច​លោក ដេ​វី​ស ឡើយ​។ លោក ច​ន​សុន ចាត់ទុក Breixt ជា​ឱកាស ក្ដីសង្ឃឹម​ដើម្បី​បង្កើត​អ្វីដែល​ប្លែក​ខុសពី​មុន ប៉ុន្តែ​លោក​អះអាងថា សុ​បិ​ន្ត​នេះ​បាន​ស្លាប់​ហើយ និង​ដង្ហក់​ខ្យល់​ដោយសារតែ​ការសង្ស័យ​ខ្លួនឯង​។ បន្ថែម​ពី​នោះ អង់គ្លេស​នឹង​នៅ​ជំពាក់​វា​ក់វិន​ជាមួយ​អឺរ៉ុប ព្រោះ​អឺរ៉ុប​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​អង់គ្លេស​ដដែល ខណៈ​អង់គ្លេស​នៅតែ​មិនមាន​អំណាច​ធ្វើ​អ្វី​បាន ទោះជា​ចាកចេញ​ក្ដី​៕



Tag:
 ​រុស្ស៊ី​
  អង់គ្លេស​
  Boris Johnson
  Maria Zakharova
© រក្សាសិទ្ធិដោយ thmeythmey.com