កីឡាជាតិ
ជាតិ
ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​៖ អ្នកចូលរួម​រត់​ជនជាតិ​ចិន ជប៉ុន និង​សិង្ហ​បុរី មាន​ចំនួន​ច្រើន​
10, Jul 2018 , 9:59 pm        
រូបភាព
ជនជាតិចិនចូលរួមរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុនចក្រភពខ្មែរកាលពីឆ្នាំ២០១៧
ជនជាតិចិនចូលរួមរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុនចក្រភពខ្មែរកាលពីឆ្នាំ២០១៧
ដោយ:
​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១​ពាន់​នាក់ មកពី​៤០​ប្រទេស បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ដែល​ប្រព្រឹត្តទៅ​នៅ​បរិវេណ​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប នា​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨​។ ភាគច្រើន​នៃ​អ្នក​ចុះឈ្មោះ ជា​ជនជាតិ​បរទេស ខណៈ​កម្ពុ​ជាមាន​ចំនួន​តិចតួច​នៅឡើយ​។ ជាមួយ​ក្តី​រំពឹង​កើនឡើង​១៥​ភាគរយ គណៈកម្មការ​រៀបចំ ស្នើ​ឲ្យ​អ្នកចូលរួម​រួសរាន់​មក​ចុះឈ្មោះ ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​សម្ភារ ដែល​ផ្គត់ផ្គង់​ឲ្យ​ការរត់​។ ទិវា​រត់ប្រណាំង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មកកាន់​ខេត្តសៀមរាប និង​ប្រមូល​ថវិកា​សប្បុរសធម៌​ជូន​មន្ទីរពេទ្យ និង​អង្គការ​នានា​។



​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ទទួលបាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​១,៣០០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​។ អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៤០​ប្រទេស ដែល​ភាគច្រើន​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ដោយ​ចិន​ឈរ​លំដាប់​លេខ​១ ជប៉ុន​លេខ​២ និង​សិង្ហ​បុរី​លេខ​៣ ខណៈ​កម្ពុជា​ហាក់​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។​

«​មកទល់ពេលនេះ​យើង​ទទួលបាន​បរទេស​ជាង​១​ពាន់​នាក់​ហើយ​។ ខ្មែរ​យើង​ទាល់តែ​នៅ​ពីរ​សប្តាហ៍​ឬ​កៀក​ថ្ងៃ​ប្រកួត​ទើប​មក​ចុះឈ្មោះ នេះ​ជា​ទម្លាប់​ខ្មែរ​យើង​ទាល់តែ​ទឹក​ដល់​ច្រមុះ​ទើប​មក​។ ក្នុងចំណោម​បរទេស​ជាង​១​ពាន់​នាក់ ភាគច្រើន​មកពី​តំបន់​អាស៊ី ដោយសារ​ខែសីហា អាស៊ី​មាន​ពេលវេលា​ទំនេរ​ច្រើន​។ តែបើ​ខែធ្នូ គឺ​អឺរ៉ុប​ឈរ​លេខ​១»​។ ការបន្ថែម​របស់លោក វ៉ា​ត់ ចំរើន​។​

​ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​រៀបចំឡើង ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា និង​អង្គការ​មនុស្សធម៌​នានា ពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​រមណីយ​ដ្នា​ន​អង្គរ ខេត្តសៀមរាប​។ តាមរយៈ​ព្រឹត្តិការណ៍​នេះ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ខាងលើ​រំពឹងថា នឹង​ជួយ​បង្កើន​ប្រាក់ចំណូល និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​សៀ​រាប​ក្នុង​រដូវ​ខ្សត់​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន​។

​លោក វ៉ា​ត់ ចំរើន បន្ថែមថា ដើម្បី​ពង្រឹង​សន្តិសុខ និង​ការពារ​សុវត្ថិភាព​ជូន​អ្នករត់ គណៈកម្មកា​រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​នេះ នឹងដាក់​ពង្រាយ​កងក​ម្លាំ​ង​គ្រប់​ទីកន្លែង​ក្នុង​បរិវេណ​អង្គរ និង​តាម​គោលដៅ​នានា​។ ការប្រកាស​ពី​ការពង្រឹង​សន្តិសុខ​នេះ ត្រូវបាន​អគ្គលេខាធិការ NOCC រូបនេះ​អះអាងថា គឺ​ដើម្បី​ព​ញ្ចៀ​ស​បញ្ហា​អសន្តិសុខ​ផ្សេងៗ ដែល​ធ្លាប់​កើតមាន​កន្លងមក​។

​គួររំលឹកថា កាលពី​កន្លងទៅ​មាន​ភាពចលាចល​មួយ​កើតឡើង ដោយមាន​អត្ត​ព​លិ​ក​ជា​ជនជាតិ​ចិនតៃវ៉ាន់​បាននាំគ្នា​លើក​បង្ហាញ​ទង់ជាតិ​តៃវ៉ាន់​ក្នុងអំឡុងពេល​ពួកគេ​កំពុង​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ត្រង់ចំណុច​នេះ លោក វ៉ា​ត់ ចំរើន បាន​ពន្យល់ថា ជាគោលការណ៍ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ប្រទេស ឬ​រដ្ឋ​ណាមួយ​លើក​ទង់ជាតិ​ប្រទេស ដែល​មិនមាន​ការទទួលស្គាល់​ជា​សកល​នោះឡើយ​។

​ក្រៅពី​ការពង្រាយ​កងកម្លាំង​ដើម្បី​រក្សា​សន្តិសុខ លោក សែម ផល្លា នាយក​ប្រតិបត្តិ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​បាន​និយាយថា ស្តង់​ពេទ្យ​ចំនួន​៣​រួមជាមួយ​ឡាន​សង្គ្រោះ​៥​គ្រឿង និង​ស្តង់​ទឹកជា​ច្រើន​ស្តង់ ត្រូវបាន​ដាក់ពង្រាយ​ផងដែរ ដើម្បី​ត្រៀម​ជួយសង្គ្រោះ និង​ផ្តល់​ទឹក​ដល់​អ្នកចូលរួម​រត់​នៅ​ឆ្នាំនេះ​។​

​នាយក​ប្រតិបត្តិ​រូបនេះ បាន​វាយតម្លៃថា សម្រាប់​ការរៀបចំ​៤​លើក​កន្លងមក មិនមាន​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ​អ្វី​កើតឡើង​នោះទេ ពោលគឺ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ភាពជោគជ័យ​។ តែ​យ៉ាងណា លោក បាន​រំលឹកថា កាលពី​កន្លងទៅ​ធ្លាប់មាន​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​បាន​សន្លប់​៣​ថ្ងៃ​ទើប​ដឹងខ្លួន​វិញ​។ តែ​មិនដែល​បង្ក​រហូត​ម​បាត់​បង់​អាយុជីវិត​នោះទេ​។

​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប​។ កាលពី​ឆ្នាំ​២០១៧ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ចំនួន​២,០៩០​នាក់ ខណៈ​ឆ្នាំនេះ​ថ្នាក់ដឹកនាំ​រំពឹងថា នឹង​កើនឡើង​អ្នកចូលរួម​ពី​១០​ទៅ​១៥​ភាគរយ ស្របពេល​ការចុះឈ្មោះ​នៅ​បន្ត​រហូត​មុន​១​ថ្ងៃ​នៃ​ការប្រកួត​៕     

Tag:
 ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com