អន្តរជាតិ
ដើម្បីពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់ មហាអំណាចចិន ប្រកាសផ្តល់កម្ចី ២០ពាន់លានដុល្លារដល់រដ្ឋអារ៉ាប់
× នាថ្ងៃអង្គារទី ១០ ខែកក្កដា ក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-អារ៉ាប់ (CASCF) ដែលធ្វើឡើងនៅវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានថ្លែងថា ចិនត្រៀមផ្តល់កម្ចីក្នុងទំហំ ២០ពាន់លានដុល្លារដល់បណ្តាប្រទេសអារ៉ាប់ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រមុខរដ្ឋចិនខាងលើបានអះអាងនៅចំពោះមុខមន្ត្រីជាន់ខ្ពស់តំណាងរដ្ឋអារ៉ាប់ថា កម្ចីដែលចិនផ្តល់ឲ្យនេះជាផ្នែកមួយនៃគម្រោងពិសេសសម្រាប់កសាងឡើងវិញនូវសេដ្ឋកិច្ច និងជំរុញការលូតលាស់នៃវិស័យឧស្សាហកម្ម។ គម្រោងពិសេសនេះស្ថិតក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយរបស់ចិន។
«កម្ចីនេះនឹងចូលរួមចំណែកបង្កើតឱកាសការងារល្អ និងជួយបង្កើតផលវិជ្ជមានលើការអភិវឌ្ឍសង្គមនៅក្នុងបណ្តាប្រទេសអារ៉ាប់ដែលកំពុងត្រូវការកសាងសេដ្ឋកិច្ចឡើងវិញនោះ»។ លោក ស៊ី បាននិយាយដូច្នេះនាពេលបើកកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនៃវេទិការកិច្ចចសហប្រតិបត្តការចិន-អារ៉ាប់ ។
ដោយឡែកក្រៅពីកម្ចីហិរញ្ញវត្ថុ ២០ពាន់លានដុល្លារនេះ លោក ស៊ី ក៏ប្រកាសដែរថារដ្ឋាភិបាលចិនត្រៀមលុយប្រហែល ១៥១ លានដុល្លារផ្សេងទៀតសម្រាប់ប្រទេសក្នុងតំបន់ដើម្បីប្រើប្រាស់ក្នុងការពង្រឹងសមត្ថភាពធានាសេ្ថរភាពតំបន់ផងដែរ។
ជុំវិញការផ្តល់កម្ចីនេះដែរ លោក ស៊ី បានចាត់ទុករដ្ឋអារ៉ាប់នេះជាដៃគូធម្មជាតិរបស់ចិនព្រោះពួកគេមានទីតាំងនៅស្ថិតនៅចំកណ្តាលផ្លូវសូត្របុរាណ។ លោកក៏រំពឹងផងដែរថា ជំនួបកំពូលនេះនឹងនាំមកនូវផ្លែផ្កាច្រើនទៀតដែលជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងរដ្ឋអារ៉ាប់ជាពិសេសជំរុញគម្រោងអភិវឌ្ឍរួមគ្នាផ្សេងទៀតជាច្រើននៅពេលអនាគត។
«ចិនស្វាគមន៍ឱកាសក្នុងការចូលរួមក្នុងគម្រោងអភិវឌ្ឍកំពង់ផែ និង សាងសង់បណ្តាញផ្លូវរថភ្លើងភ្ជាប់ប្រទេសអាហ្វ្រិក ដោយសារវាជាផ្នែកនៃគម្រោងភ្ជាប់ការដឹកជញ្ជូនពីអាស៊ីកណ្តាលជាមួយអាហ្វ្រិកខាងត្បូង និងភ្ជាប់មហាសមុទ្រឥណ្ឌាជាមួយសមុទ្រម៉េឌីទែរ៉ាណេ»។ លោក ស៊ីនិយាយដូច្នេះ។
ចាប់ពីឡើងកាន់តំណែងឆ្នាំ ២០១២ លោក ស៊ី ជីនភីង ព្យាយាមពង្រឹងឥទ្ធិពលរបស់មហាអំណាចចិននៅលើពិភពលោកជាពិសេសអាហ្វ្រិក និងមជ្ឈិមបូព៌ាផងដែរ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ គេឃើញរដ្ឋាភិបាលចិនជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ហើយក្រុមហ៊ុនចិនច្រើនសន្ធឹកបន្តកន្ទុយគ្នាទៅបណ្តាក់ទុនរកស៊ីនៅទីនោះដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះចិនបានសម្រេចបើកមូលដ្ឋានទ័ពរបស់ខ្លួនជាលើកដំបូងនៅរដ្ឋអាហ្វ្រិជីប៊ូទី ដែលជាទីតាំងយុទ្ធសាស្ត្រមួយដែរកន្លងមកនោះ។
ស្ថិតក្នុងគម្រោងយក្ស«គំនិតផ្តួចផ្តើមខ្សែវាត់មួយ វិថីមួយ»ដែលមានគោលដៅជំរុញការផ្សាភ្ជាប់តាមរយៈការសាងសង់ឡើងវិញនូវផ្លូវសូត្របុរាណដែលធ្លាប់ច្រកជួញដូរពាណិជ្ជកម្មភ្ជាប់ពីអឺរ៉ុបទៅកាន់អាស៊ី ទៅដល់អឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរនោះ។ ហិរញ្ញវត្ថុទំហំ ១ទ្រីលានដុល្លារអាមេរិកត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គត់គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ។
ទីភ្នាក់ងារព័ត៌មាន AFP ស្រង់របាយការណ៍ស្ថាប័នស្រាវជ្រាវចិន-អាហ្វ្រិកដែលមានទីតាំងនៅអាមេរិកថា ចិនបានផ្តល់កម្ចីច្រើនសន្ធឹកសន្ធាប់រួចទៅហើយទៅដល់បណ្តាប្រទេសមជ្ឈិមបូព៌ា និងក្រុមប្រទេសអាហ្វ្រិក ហើយគ្រាន់តែជីប៊ូទីមួយគត់នោះខ្ចីលុយចិនប្រហែល១,៣ពាន់លានរួចទៅហើយ៕
Tag:
ចិន
OBOR
CASCF
ស៊ី ជិនភីង
អារ៉ាប់
© រក្សាសិទ្ធិដោយ thmeythmey.com