អន្តរជាតិ
កុមារ​១២​រូប និង​គ្រូបង្វឹក ត្រូវបាន​សង្គ្រោះ​ចេញពី​រូងភ្នំ Tham Luang អស់ហើយ​
10, Jul 2018 , 7:03 pm        
រូបភាព
ដោយ: រួបរួម
 ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​រយៈពេល​បី​ថ្ងៃ បាន​ជួយ​ឲ្យ​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជ្រូកព្រៃ (Wild Boars) របស់​ថៃ រួចផុតជីវិត​ពី​រូងភ្នំ Tham Luang ដ៏​ងងឹត ជ្រៅ និង​ពោរពេញ​ទៅ​ទឹកជំនន់​។ នៅ​ថ្ងៃ​អង្គារ ជាការ​សង្គ្រោះ​ចុងក្រោយ​សម្រាប់​កុមារ​៣​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ ខណៈ​ប្រតិបត្តិការ​ថ្ងៃ​ដំបូង សង្គ្រោះបាន​៤​នាក់ និង​ថ្ងៃ​បន្ទាប់​សង្គ្រោះបាន​៤​នាក់​។​

 
​កុមារ​១២​រូប ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ដែលមាន​អាយុ​២៥​ឆ្នាំ បាន​ចូលទៅក្នុង​រូង​ភ្ន Tham Luang ភាគ​ខាងជើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៣ ខែមិថុនា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​ធំ​មួយ​។​
 
​ក្រោយមក គ្រួសារ និង​អាជ្ញាធរ​បានប្រកាស​ពី​ការបាត់​ខ្លួន​របស់​ពួកគេ បន្ទាប់ពី​បាន​រក ឃើញ​កង់ ស្បែកជើង នៅ​ច្រកចូល​រូងភ្នំ​។ ក្រុម​កងទ័ពជើងទឹក SEAL របស់​ថៃ និង​ក្រុម​មុជទឹក​អន្តរជាតិ បានរួម​គ្នា​ក្នុង​ប្រតិបត្តិ​ការរុករក​។​
 
​នៅ​ថ្ងៃទី​២ ខែកក្កដា ពោលគឺ​ជិត​១០​ថ្ងៃក្រោយ​ការបាត់​ខ្លួន ក្រុម​ងូតទឹក​អង់គ្លេស​បាន​រកឃើញ​កុមារ​ទាំង​១២​រូប និង​គ្រូ​របស់គេ​ក្នុង​រូងភ្នំ​នៅ​ប្រមាណ​៤០០​ម៉ែត្រ​នៃ​ឆ្នេរ Pattaya Beach​។ ដំបូង​ឡើយ ក្រុម​សង្គ្រោះ អ្នកជំនាញ  និង​អាជ្ញាធរ​បានប្រកាសថា ប្រតិបត្តិ​ការសង្គ្រោះ​ពូកគេ​ចេញពី​រូង ត្រូវ​ចំណាយពេល​រាប់​ខែ ដោយ​ពួកគេ​ត្រូវការ​ការព្យាបាល និង​ការហ្វឹកហាត់​ហែល​ទឹក​ជាមុនសិន​។

រឿងអកុសល្យមួយបាន​កើតឡើង កាលពីថ្ងៃទី​៦ ខែកក្កដា ដោយអ្នកសង្រ្គោះម្នាក់បាន​ទទួលមរណភាព​។ លោក Saman Kunont ជាអតីតមន្ត្រីរបស់កងទ័ព SEAL ហើយបាន​ស្មគ្រ័ក្នុងប្រតិបត្តិការសង្គ្រោះនេះ ប៉ុន្តែលោក​ជួបបញ្ហាកង្វះអុកស៊ីសែន ដែលបណ្តាលឲ្យ​លោកទទួល​មរណភាពក្នុងដំណើរត្រឡប់ចេញពីរូងវិញ។

បញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធ្លាក់ខ្លាំង បាន​ក្លាយ​ជាក្តីបារម្ភ ដែលនាំឲ្យ​ក្រុម​សង្គ្រោះ ដាក់ប្រតិបត្តិការបន្ទាន់ ដើម្បី​ស្រោចស្រង់ជីវិតអ្នកទាំង​១៣រូប។ ទីបំផុត​ប្រតិបត្តិការថ្ងៃទីមួយ (ទី៨ ខែកក្កដា) ជួយ​បាន​កុមារ​៤នាក់ដំបូង​ចេញពីរូង ហើយនៅ​ថ្ងៃទី​៩ ជួយបាន​កុមារ​៤រូបបន្ថែមទៀត ខណៈ​ប្រតិបត្តិការថ្ងៃចុងក្រោយ​ ដែលត្រូវនឹង​ថ្ងៃទី​១០ ខែកក្កដា កុមារដែលនៅ​សល់​៤រូប និងគ្រូបង្វឹក​របស់ពួក​គេ​ត្រូវ​យក​ចេញពីរូងទាំងអស់​។

អ្នក​ទាំង​១៣​នាក់​នោះ មានឈ្មោះ Peerapat Sompeangjai (១៦​ឆ្នាំ​), Ponchai Khamluang (១៦​ឆ្នាំ​), Pipat Bhodi (១៥​ឆ្នាំ​), Prajak Sutham (១៥​ឆ្នាំ​), Ardoon Sam-aon (១៤​ឆ្នាំ​), Akarat Wongsukchan (១៤​ឆ្នាំ​), Natthawut Takumsong (១៤​ឆ្នាំ​), Panumas Saeng-Dee (១៣​ឆ្នាំ​), Duangphet Promthep (១៣​ឆ្នាំ​), Somjai Jaiwong (១៣​ឆ្នាំ​), Mongkol Boonpiam (១៣​ឆ្នាំ​), Chanin Viboonrungruang (១១​ឆ្នាំ​) និង​លោក Akkapol Chanthawong អាយុ​២៥​ឆ្នាំ ដែលជា​គ្រូបង្វឹក​៕​ 
 

© រក្សាសិទ្ធិដោយ thmeythmey.com