ជាតិ
បទសម្ភាសន៍
វីដេអូ
«អ្នកព្រៃវែង» ទៅលក់ការ៉េមឲ្យជនជាតិគ្រឹង នៅរតនគិរី
× រតនគិរី៖ លោក ម៉ៅ សុខ មានស្រុកកំណើតនៅខេត្តព្រៃវែង។ បច្ចុប្បន្នលោករស់នៅក្រុងបានលុង ខេត្តរតនគិរី ដោយប្រកបរបរលក់ការ៉េមតាមម៉ូតូ។ ជារៀងរាល់ព្រឹក លោក ម៉ៅ សុខ បានចេញដំណើរពីក្រុងបានលុង មកលក់ការ៉េមនៅតាមភូមិជនជាតិដើមភាគតិច ដែលរស់នៅក្នុងស្រុកអូរជុំ។ ក្នុងមួយថ្ងៃ លោក សុខ អាចចំណេញបាន ២ម៉ឺន ទៅ ២ម៉ឺន៥ពាន់រៀល ពីរបរលក់ការ៉េមនេះ។
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ម៉ៅ សុខ អ្នកលក់ការ៉េមនៅភូមិជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ដូចតទៅ៖
រយៈពេល ៤ឆ្នាំហើយ ដែលលោក ម៉ៅ សុខ បានចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែង មករស់នៅខេត្តរតនគិរី ដើម្បីប្រកបរបរលក់ការ៉េមតាមម៉ូតូចិញ្ចឹមជីវិត។ នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី មានចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងបានលុង គឺជាភូមិដែលមានជនជាតិដើមភាគតិចគ្រឹងរស់នៅច្រើនបំផុត ហើយពួកគាត់ទាំងក្មេងទាំងចាស់ គឺជាអតិថិជនរបស់លោក សុខ។
ក្រៅពីចំណាយប្រាក់ឱ្យកូនទៅរៀន និងទិញម្ហូបប្រចាំថ្ងៃ, អ្នកភូមិល្អក់ដែលភាគច្រើនជាអ្នកប្រកបរបរធ្វើចម្ការលក្ខណគ្រួសារ និងមានទម្លាប់ចាយត្បិតត្បៀតផង ពួកគាត់បានទិញការ៉េមលោក ម៉ៅ សុខ ត្រឹមតែ ៥០០រៀល ឬ ១០០០រៀលប៉ុណ្ណោះ។ បើទោះជានៅរដូវភ្លៀងធ្លាក់នេះ ការលក់ការ៉េមរបស់លោក សុខ អាចចំណេញបានត្រឹមតែ ២ម៉ឺន ទៅ ២ម៉ឺន៥ពាន់រៀលក្នុងមួយថ្ងៃក៏ពិតមែន ប៉ុន្តែ ការប្រកបរបរលក់ការ៉េមតាមម៉ូតូនៅខេត្តរតនគិរីនេះ នៅតែជាជម្រើសប្រសើរជាងរស់នៅខេត្តព្រៃវែង ដោយពុំមានការងារធ្វើ។
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
Tag:
រតនគិរី
អ្នកលក់
ការ៉េម
«Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com